ឯកឧត្តម អ៊ាង សុផល្លែត៖ ទិវាជ័យជម្នះ ៧ មករា ជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត

ភ្នំពេញ៖ «ថ្ងៃនេះ ជាថ្ងៃគម្រប់ខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ – ៧ មករា ២០២៣ ជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍របស់បន ប៉ុល ពត បើកទំព័រប្រវត្តិសាស្រ្ត សង្រ្គោះជាតិ និងប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៏សាហាវយង់ឃ្នងបំផុតនេះបានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹត បំផុតនៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម»។ នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៌លើកទី៤៤(៧ មករា ១៩៧៩-៧មករា ២០២៣) នៅស្នាក់ការគណបក្សស្រុកអូររាំងឪ ខេត្ត ត្បូងឃ្មុំ ឯកឧត្តម អ៊ាង សុផល្លែតបានឱ្យដឹងថា៖ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាអគ្គមគ្គុទេសដ៏ឆ្នើមក្នុងស្មារតីស្រឡាញ់សន្តិភាពដ៏ជ្រាលជ្រៅ និងគិតពីឧត្តមប្រយោជន៍ជាតិជាធំសម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចរចាស្វែងរកសន្តិភាពនៅឆ្នាំ១៩៨៧ នៅពេលនោះតួអង្គសំខាន់ដែលបានផ្ដួចផ្ដើមការចរចារកសន្តិភាពគឺ សម្ដេចតេជោ ហ៊ុន សែន និងព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

ឯកឧត្តម បន្តថា អ្វីដែលយើងអាចនិយាយបានមុនគេ គឺយើងទទួលបានមកវិញនូវសិទ្ធិរស់រានមានជីវិត គឺជារឿងមួយដ៏សំខាន់បំផុត ពីព្រោះនៅក្នុងរបបខ្មែរក្រហម សូម្បីតែសិទ្ធិ ក្នុងការស់រានមានជីវិត ក៏គ្មានផង។ ជីវិតរបស់យើងមិនមែនជារបស់យើងទេ គឺជីវិតយើងផ្ញើនៅជាមួយនឹងអង្គការ ដែលមិនដឹងថា តើនៅពេលណាអង្គការដកហូតយកជីវិតយើងនោះទេ ហើយអង្គការជានរណា ក៏យើងមិនស្គាល់ដែរ។ យើងគ្រាន់តែយកត្រី យកដំឡូងដែលយើងរកបានទៅហូប ក៏អង្គការបេះយកជីវិតរបស់យើងដែរ។សព្វថ្ងៃនេះ យើងមានសិទ្ធិសេរីភាពសព្វបែបយ៉ាង រាប់តាំងពីសិទ្ធគោរពប្រតិបត្តិតាមប្រពៃណី ទំនៀមទម្លាប់ សាសនា សព្វបែបយ៉ាង ដែលនៅក្នុងសម័យខ្មែរក្រហមមិនមានឡើយ សូម្បីការអប់រំ។រីឯផ្នែករូបវ័ន្តវិញ អ្វីៗដែលយើងបានឃើញនៅពេលនេះ រួមមាន ស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារតូចធំរីកដូចផ្សិត ភាពស៊ីវិល័យនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាដើម គឺមិនមែនជាការប្រទានរបស់អាទិទេពទេ តែវាកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា៖កម្ពុជា ដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធនិងឯកោទាំងខាងនយោបាយ និង សេដ្ឋកិច្ច ឥឡូវបានក្លាយជាប្រទេសមួយដែលកំពុងសមាហរណខ្លួនយ៉ាងសកម្ម ទៅក្នុងរចនាសម្ព័ន្ធនិងនិម្មាបនកម្មតំបន់និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិនិងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់និងនៅលើឆាកអន្តរជាតិ ជាក់ស្តែងនៅឆ្នាំ២០២២ កម្ពុជាសម្រេចបានសមិទ្ធិផលធំៗ តាមរយៈដូចជា៖
១-ការរក្សាបាននូវសុខសន្តិភាពស្ថេរភាពនយោបាយ រយៈពេល ជាង៣០ឆ្នាំ មកនេះ
២-ជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណិត្តទី៥ ឆ្នាំ២០២២
៣-ជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងបើកដំណើរការប្រទេសក្នុងប្រក្រតីភាពឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចជាតិ
៤-រក្សាបាននូវស្ថេរភាពលំនឹងសេដ្ឋកិច្ចអោយមានកំណើនទោះបីកម្ពុជាជួបវិបត្តិកូវីដ
៥-គោលជំហររបស់កម្ពុជាគឺអនុវត្តគោលនយោបាយការបរទេសឯករាជ្យ អនុលោមតាមច្បាប់ ចំពោះការឈ្លានពានរបស់ប្រទេសរុស្សី ចំពោះអ៊ុយក្រែន
៦-ជោគជ័យក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលសម្រេចបាននូវរបាយការណ៍ ចំនួនជាង100
៧-ភាពលេចធ្លោក្នុងកិច្ចការងារបរិស្ថាន ដែលប្រទេសមហាអំណាច បានកោតសរសើរ តាមរយៈ ការដាក់នូវរបាយការណ៍អធ្យាក្រឹតកាបូន និង កិត្យានុភាពរបស់សម្តេចតេជោ ក្នុងការដឹកនាំប្រទេស ។

ឯកឧត្តមបានបន្តថា ក្នុងនាមថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ប្តេជ្ញាចិត្ត ប្ដូរផ្តាច់ការពារឯករាជ្យ សេរីភាពរបស់ខ្លួន មិនអនុញ្ញាតិអោយ អនុភាពខាងក្រៅណាធ្វើឲ្យបរាជ័យបានឡើយ ដូច្នេះ ត្រូវរួមគ្នាថែរក្សាពូនជ្រុំរាល់សមិទ្ធផលដ៏ថ្លៃថ្លា នៃសង្គមជាតិឲ្យបានគង់វង្ស និងរឹងមាំឡើងនៅគ្រប់កាលៈទេសៈ។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាប្តេជ្ញាដាច់ខាតការពារសន្តិភាព និងឯកភាពជាតិដែលយើងសម្រេចបានមក ដោយលំបាកបំផុតនេះ ឲ្យស្ថិតស្ថេរ គង់វង្សជានិច្ច មិនឲ្យជនណា ឬអនុភាពណាមកបំផ្លាញបានឡើយ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner