កម្ពុជា បន្តអនុគ្រោះបង់ប្រាក់រំដោះពន្ធប្រចាំខែ សម្រាប់ ឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេររហូតដល់ឆ្នាំ ២០២៥

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានសម្រេចបន្តព្យួរទុកការបង់ប្រាក់រំដោះពន្ធលើ ប្រាក់ចំណូល របស់សហគ្រាសឧស្សាហកម្មផ្នែកវាយ នភណ្ឌ កាត់ដេរ ដើម្បីគាំទ្រដល់ការវិនិយោគឱ្យមាននិរន្តរភាព និង គាំពារដល់កម្មករ-កម្មការិនី ខណៈអ្នកបម្រើការនៅក្នុង ផ្នែកនេះ សម្តែងការគាំទ្រដោយចាត់ទុកជាវិធានមួយជួយសម្រួលដល់ការចំណាយរបស់រោងចក្រ។

សេចក្តីប្រកាសស្តីពីការបន្តព្យួរទុកបង់ប្រាក់រំដោះពន្ធ ដែលចុះ ហត្ថលេខាដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចុះថ្ងៃទី ៦ ខែមករា បានលើកឡើងថា ការសម្រេចនេះ មានបំណងព្យួរទុក ការបង់ ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរបស់សហគ្រាស ឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ ដែលទទួល បាន លក្ខណៈសម្បត្តិជាគម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីឱ្យមាននិរន្តរភាព និងជាការគាំពារដល់កម្មករ កម្មការិនី ព្រមទាំងប្រជាពលរដ្ឋដែលទទួលផលប្រយោជន៍ អំពីវិស័យនេះ។

យោងតាមប្រកាសនេះគឺមានវិសាលភាពអនុវត្តចំពោះសហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរដែលទទួលបានលក្ខណៈសម្បត្តិជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលផុតរយៈពេលលើកលែងពន្ធលើប្រាក់ ចំណូល រួមមាន សហគ្រាស វាយនភណ្ឌ សហគ្រាសផលិតសម្លៀកបំពាក់ សហគ្រាសផលិតស្បែកជើង សហគ្រាស ផលិតកាបូបយួរ និងកាបូបដៃ និងសហគ្រាសផលិតមួក សម្រាប់ធ្វើការនាំ ចេញ។ ការអនុគ្រោះ ឱ្យព្យួរទុកជាបណ្តោះអាសន្ននូវការបង់ ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ ត្រូវចាប់ផ្តើមពីថ្ងៃ ចុះហត្ថលេខាលើប្រកាសនេះ រហូតដល់ដំណាច់ឆ្នាំ២០២៥។

លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានប្រាប់ ឱ្យដឹងថា ការអនុគ្រោះ ឱ្យព្យួរទុកជាបណ្តោះអាសន្ននូវការបង់ ប្រាក់ រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ សម្រាប់ឧស្សាហកម្ម កាត់ដេរពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែកក្នុង ការកាត់បន្ថយការចំណាយរបស់រោងចក្រជាច្រើន នៅអំឡុង ពេលនេះ។

លោកបានបន្ថែមថា មានរោងចក្រជាច្រើននៅទូទាំងពិភព លោក មិនត្រឹមតែកម្ពុជានោះ ដែលទទួលការខាតបង់នៅក្នុង រយៈ ពេលបី ឆ្នាំមកនេះ ដោយសារតែវិបត្តិសកល ដោយ បានធ្វើឱ្យអ្នកបញ្ជារទិញកាត់បន្ថយការបញ្ជាទិញពីរោងចក្រ។
លោកបានមានប្រសាសន៍បញ្ជាក់ថា ៖« ដូចយើងដឹងស្រាប់ ហើយ ក្នុងរយៈពេលបីឆ្នាំមក ពិភពលោក កើតមានវិបត្តិជា បន្តបន្ទាប់ ដូចជាវិបត្តិកូវីដ១៩ វិបត្តិសេដ្ឋកិច្ចសកល ដែល កើតមកពីសង្រ្គាមនៅអ៊ុយក្រែនជាដើម ដែលបានធ្វើឱ្យការ បញ្ជា ទិញពីសហគមន៍អឺរ៉ុប មានការធ្លាក់ចុះយ៉ាងខ្លាំង។ដូចនេះ ការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលក្នុងការអនុគ្រោះ លើព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ ក៏ដូចជាពន្ធ ផ្សេងៗទៀតនេះ ពិតជាជួយបានច្រើនណាស់»។

បើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនេះ ចំពោះការព្យួរទុក ការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ ត្រូវផ្សារភ្ជាប់ ជាមួយនឹងអនុលោមភាពសារពើពន្ធស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចជា ទី១. កាន់បញ្ចិកាគណនេយ្យឱ្យបាន ត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសារពើពន្ធ និងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណនេយ្យជាធរមាន, ទី២. ប្រកាសបង់ពន្ធអាករ ដទៃទៀតជាធរមានទៅតាមកាលកំណត់ និងទី៣. ផ្តល់ របាយការណ៍សវនកម្មឯករាជ្យប្រចាំឆ្នាំជូនរដ្ឋបាលសារពើពន្ធ។
ក្នុងករណីសហគ្រាសមិនគោរពតាមលក្ខខណ្ឌទាំងបីខាងលើ ការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ ចំណូលប្រចាំខែ ដូចមានចែងក្នុងប្រការ៣ នៃប្រកាសនេះ អាចត្រូវបានដកហូត ហើយសហគ្រាសត្រូវទទួលរង ទោសទណ្ឌផ្សេងៗតាមច្បាប់ ជាធរមាន៕
ដោយ៖វណ្ណ សុជាតា

ads banner