នៅខេត្តសៀមរាប មានរៀបចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាពរបស់ក្រុមការងារយុវជនស្រុកក្រឡាញ់ ដណ្តើមយកពានរង្វាន់” ឯកឧត្តម សៀង ណាំ ០៧ មករា ២០២៣ ” ដើម្បីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៣)

សៀមរាប៖ នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៌មាន តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រឡាញ់ខេត្តសៀមរាប អញ្ជើញបើកការប្រកួតបាល់ទាត់មិត្តភាពរបស់ក្រុមការងារយុវជនស្រុកក្រឡាញ់ ដណ្តើមយកពានរង្វាន់” ឯកឧត្តម សៀង ណាំ ០៧ មករា ២០២៣ ” ដើម្បីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៣) នៅតារាងបាលទាត់វិទ្យាល័យក្រឡាញ់ ការប្រកួតមានរយៈពេល ១០ ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ខែមករា រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ខាងមុខត្រូវបិទបញ្ចប់។

ឯកឧត្តម ធឹម សំផូត បានលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទាត់មិត្តភាពរបស់ក្រុមការងារយុវជនស្រុកក្រឡាញ់ យើងត្រូវខិតខំប្រឹងប្រែងធ្វើឲ្យបានល្អ ដើម្បីពង្រឹងសមត្ថភាពឈានទៅសម្រេចតាមបំណងក្នុងការប្រកួតប្រជែងដណ្តើមយកពានរង្វាន់” ឯកឧត្តម សៀង ណាំ ០៧ មករា ២០២៣ ” ដើម្បីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៣)នេះ។

ឯកឧត្តម បានបន្តទៀតថា ការប្រកួតកីឡាបាលទាត់នេះ គឺចង់ឱ្យយុវជនគ្រប់រូបបង្កើនសាមគ្គីភាព នឹងមានទំនាក់ទំនងល្អរវាងគ្នានិងគ្នា ដើម្បីពង្រឹងការយកចិត្តទុកដាក់លើវិស័យអប់រំកាយនិងកីឡានៅតាមឃុំស្រុកនីមួយៗ ក៏ជាការចូលរួមលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនផ្សេងៗ នៅក្នុងសហគមន៏យើង និងនៅទីសាធារណៈជាដើម។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ មានប្រសាសន៍ថា រដ្ឋបាលស្រុក បានផ្តួចផ្ដើមរៀបចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាព របស់ក្រុមការងារយុវជនស្រុក ដណ្តើមពានរង្វាន់របស់ឯកឧត្តម សៀង ណាំ ០៧ មករា ២០២៣ ” ដោយមានការចូលរួមពីក្រុមកីឡា បាល់ទាត់យុវជនមកពីបណ្តាឃុំទាំង១០ក្នុងស្រុកក្រឡាញ់ សរុបប្រមាណ២៥០នាក់។

ចំពោះកម្មវិធីប្រកួតបាល់ទាត់មិត្តភាពយុវជនស្រុកក្រឡាញ់នេះ សម្រាប់អ្នកឈ្នះក្នុងការប្រកួតជាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ និងថវិកា ៨០ម៉ឺនរៀល។ ជ័យលាភីចំណាត់ថ្នាក់លេខ២ ទទួលបាន ទង់កិត្តិយស១ និងថវិកា ៦០ម៉ឺនរៀល។ ជ័យលាភីចំណាត់ថ្នាក់លេខ៣ ទទួលបាន ទង់កិត្តិយស១ និងថវិកា ៤០ម៉ឺនរៀល និងក្រុមដែលមិនជាប់ចំណាត់ថ្នាក់នោះ គឺពួកគាត់ទទួលបានថវិកាលើកទឹកចិត្ត ៣០ម៉ឺនរៀលផងដែរ៕ ដោយ ស៊ាន សុផាត

ads banner