អាជ្ញាធរខេត្តសៀមរាប បានប្រារព្ធពិធីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២៣នេះ ដោយមានអ្នកចូលរួមជាង ៣ពាន់នាក់

សៀមរាប៖ មិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ស្មារតីថ្ងៃជ័យជំនះ ៧មករា១៩៧៩-៧មករា ២០២៣ នៅខេត្តសៀមរាប បានប្រព្រឹត្តិទៅនៅសួនច្បារមាត់ស្ទឹងមុខព្រះរាជដំណាក់ក្រុងសៀមរាប ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប ព្រមទាំងមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ ។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ថា៖ ខួបអនុស្សារីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះបានប្រារព្ធក្នុងស្ថានភាពដែលព្រះរាជាណាចក្រកម្ពុជា កំពុងស្ថិតនៅលើមាគ៌ាអភិវឌ្ឍយ៉ាងល្អ ប្រសើរគ្រប់វិស័យ ដើម្បីធានាដល់ការលើកកម្ពស់ក្នុងគោលរស់នៅរបស់ប្រជាជននិងលទ្ធិប្រជាធិបតេយ្យនិតិរដ្ឋនៅកម្ពុជា។ ទន្ទឹមនេះ ខេត្តសៀមក៏កំពុងអបអរសាទរយ៉ាងក្រៃលែងចំពោះសមិទ្ធផលនានាដែលសម្រេចបានកន្លងមក ជាពិសេសសមិទ្ធផលនៃវិស័យសេដ្ឋកិច្ច សង្គមកិច្ចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងប្រែក្លាយជាកាលានុវត្តក្នុងការស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដើម្បីទាក់ទាញបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដូចមានក្នុងពេលបច្ចុប្បន្ន និង ជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលបង្កភាពអនុគ្រោះ យ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍប្រទេសជាតិបន្តទៅមុខទៀត ហើយក៏ស្របពេលដែលប្រទសជាតិកំពុងតែឈាន ឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប បានរម្លឹកពីបុព្វហេតុដែលនាំឱ្យមានថ្ងៃជ័យជម្នះ៧មករា១៧៩ មាន៧មករាទើបយើងទាំងអស់គ្នាមានថ្ងៃនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់មានប្រសាសន៍ថា យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវមហាគុណូបការៈនៃជ័យជម្នះ ៧ មករា ដែលបានសង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់ឡើងវិញរួចផុតពីរបបប្រល័យពូជសាសន៍, មានសន្តិភាពទើបមានការអភិវឌ្ឍ និងមានលទ្ធិប្រជាធិបតេយ្យ នេះជាគុណបំណាច់ដ៍ធំធេងដែលយើងទាំងអស់គ្នាត្រូវតែចងចាំនិងរួមគ្នារក្សាសុខសន្តិភាពដែលរកមកបានដោយលំបាកនេះឱ្យស្ថិតនៅគង់វង្ស។

សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តនាំគ្នាទៅចាក់វ៉ាកសាំងការពារជំងឺកូវីដ-១៩នៅតាមគោលដៅនានាដែលបានកំណត់ និងស្នើដល់យុវជនដែលគ្រប់អាយុអាចធ្វើអត្តសញ្ញាបណ្ណបានហើយ ឬអ្នកដែលមិនទាន់មាន សូមប្រញ៉ាប់នាំគ្នាទៅធ្វើដើម្បី ព្រោះថា អត្តសញ្ញាបណ្ណជាផ្នែកមួយសំខាន់ដើម្បីមានសិទ្ឋចុះឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ទើបអាចទៅបោះឆ្នោតបាន។

សម្តេចពិជ័យសេនា ទៀ បាញ់ក៏បានអំពាវនាវផងដែរដល់បងប្អូនដែលគ្រប់អាយុនិងមានសិទ្ធបោះឆ្នោតសូមនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕ ដោយ ស៊ាន សុផាត

ads banner