២ភាគ៣ នៃផ្ទាំងទឹកកកពិភពលោកនឹងរលាយបាត់នៅឆ្នាំ ២១០០ ក្រោមអត្រាកំណើនកំដៅផែនដីបច្ចុប្បន្ន
អន្តរជាតិ៖៦៨ ភាគរយ ឬជាង២ភាគរយ៣នៃផ្ទាំងទឹកកករបស់ ពិភពលោកនឹងរលាយបាត់ ប្រសិនបើកំដៅរបស់ភពផែនដី ចេះ តែបន្តកើនឡើងក្នុងអត្រាបច្ចុប្បន្នរហូតដល់២,៧អង្សាសេនៅឆ្នាំ២១០០ ដោយយ៉ាងហោចណាស់ពាក់កណ្តាលនៃការបាត់ បង់ នោះ នឹងកើតឡើងក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ។ នេះបើតាម ការរកឃើញរបស់ការសិក្សាស្រាវជ្រាវថ្មីមួយពីទិនានុប្បវត្តិវិទ្យាសាស្ត្រ Science ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣មក។
ការបាត់បង់បែបនេះមានន័យថា អឺរ៉ុបកណ្តាល ភាគខាងលិច កាណាដា និងសហរដ្ឋអាមេរិក នឹងស្ទើរតែគ្មានផ្ទាំងទឹកកក នៅសេសសល់។ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគឺថា ទោះបីជាពិភពលោកសម្រេចបានផែនការទប់កម្ដៅឱ្យនៅត្រឹម ១,៥ អង្សាសេ (ធៀបនឹងសម័យមុនបដិវត្តន៍ឧស្សាហកម្ម) តាមកិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីអាកាសធាតុក៏ដោយ ក៏ផ្ទាំង ទឹកកករបស់ផែនដីចំនួន ៤៩ ភាគរយ នឹងត្រូវរលាយទាំង ស្រុកនៅឆ្នាំ ២១០០ ដែរ។
គួរបញ្ជាក់ថា ការសិក្សារបស់ទស្សនាវដ្តី Science អំពីការបាត់ បង់ផ្ទាំងទឹកកកនេះ មិនបានរាប់បញ្ជូលពីស្រទាប់ទឹកកក (Ice Sheets) នៅទ្វីបអង់តាកទិក និងតំបន់ហ្រ្គីនលែននោះទេ។ យ៉ាងណាក៏ដោយ ការបាត់បង់ផ្ទាំងទឹកកកដ៏មហាសាល នឹងរួម ចំណែកយ៉ាងខ្លាំងដល់ការកើនឡើងនៃនីវ៉ូទឹកសមុទ្រ គំរាមកំហែង ការផ្គត់ផ្គង់ទឹកដល់ប្រជាជនរហូតដល់ ២ប៊ីលាននាក់ ហើយបង្កើន ហានិភ័យនៃគ្រោះថ្នាក់ធម្មជាតិ និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ផ្សេងៗដូចជាទឹកជំនន់ជាដើម។
ប្រហែល ១០ ភាគរយ នៃផ្ទៃផែនដី គ្របដណ្តប់ដោយផ្ទាំងទឹកកក ដែលផ្ទុក ៧០ ភាគរយនៃទឹកសាបរបស់ភព។ ការរលាយផ្ទាំងទឹក កកលើភ្នំ ត្រូវបានគេជឿថា បានរួមចំណែកដល់ការកើនឡើ ងជាង១ភាគ៣នៃនីវ៉ូទឹកសមុទ្រ។
តាមពិតទៅ ការបាត់បង់ដ៏ច្រើននេះមិនអាចជៀសផុតបាននោះទេ ប៉ុន្តែកំណើនកម្ដៅគឺជាដើមហេតុដែលធ្វើឱ្យកាត់បង់មានទំហំធំបែបនេះ។ដូច្នេះការចេញសកម្មភាពប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុ គឺជាគន្លឹះដោះស្រាយ។
ក្នុងរបាយការណ៍ទី៣ និងចុងក្រោយនៃការវាយតម្លៃលើកទី៦របស់ ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) របស់អង្គការសហប្រជាជាតិ (អ.ស.ប)ដែលចេញផ្សាយកាល ពីឆ្នាំមុន បានព្រមានថា ពិភពលោកកំពុងអស់ពេលកំណត់ មិនឱ្យកម្ដៅផែនដីឡើងលើសពី ១,៥ អង្សាសេ។
កាលពីចុងឆ្នាំមុនដូចគ្នា ការសិក្សារបស់អ.ស.ប. បានស្នើទៀតថា ពិភពលោកកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅការកើនឡើងកម្ដៅខ្ពស់ជាង ២ អង្សាសេ ហើយប្រមានថា អត្រានេះនឹងកើនដល់នៅឆ្នាំ ២០៣០ ស្របពេលការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលរួមចំណែក យ៉ាងខ្លាំងលើបញ្ហានេះ នៅតែបន្តកើនឡើង។
ដោយសារតែការ កើនឡើងនៃកំដៅផែនដី ផ្ទាំងទឹកកកកំពុងធ្លាក់ ចុះ ក្នុងអត្រាដែលមិនធ្លាប់មានពីមុនមក។ ចន្លោះឆ្នាំ ១៩៩៤ និង ២០១៧ ផ្ទាំងទឹកកកទូទាំងពិភពលោកបានបាត់បង់ទឹកកកជិត ៣០ ទ្រីលានតោន ហើយបច្ចុប្បន្ននេះ ផ្ទាំងទឹកកកកំពុងរលាយ ក្នុងអត្រាស្មើនឹង ១,២ ទ្រីលានតោនក្នុងមួយឆ្នាំ។
ក្នុងចំណោមផ្ទាំងទឹកកកដែលបាត់លឿនបំផុត គឺផ្ទាំងទឹកកក នៅជួរ ភ្នំអាល់ (អឺរ៉ុប) អ៊ីស្លង់ និងអាឡាស្កា។ នេះបើតាមការ សិក្សា ស្រាវជ្រាវមួយពីទិនានុប្បវត្តិវិទ្យាសាស្រ្ត The Cryosphere ដែលចេញផ្សាយនៅខែមករា ឆ្នាំ ២០២១។
មិនសូវជាខុសពីគ្នានោះទេ អ្នកស្រាវជ្រាវដែលនៅពីក្រោយការ សិក្សាចុងក្រោយរបស់ទិនានុប្បវត្តិវិទ្យាសាស្ត្រ Science បានព្រមានថា ផលប៉ះពាល់នៃការបាត់បង់ផ្ទាំងទឹកកកគឺធំ ជាងការគិតពីមុន។ លោក David Rounce អ្នកជំនាញខាង ផ្ទាំងទឹកកកនៅសាកលវិទ្យាល័យ Carnegie Mellon និងជា អ្នកដឹកនាំការសិក្សានេះ បានលើកឡើងថា ៖ «ការបាត់បង់ ផ្ទាំងទឹកកកទាំងនេះ ជាពិសេសអំឡុងពេលដែលយើង មាន ជីវិតនៅឡើយ ឬពេញមួយជីវិតរបស់កូនៗរបស់យើង គឺពិតជាគួរឱ្យព្រួយបារម្ភ»។
គួរបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវរបស់លោក Rounce បានប្រើ ទិន្នន័យផ្កាយរណបរយៈពេល២ទសវត្សរ៍ ដើម្បីគូសផែនទីផ្ទាំង ទឹកកករបស់ភពផែនដី ជាមួយនឹងភាពជាក់លាក់ខ្លាំង ជាង ពេលមុនៗ៕
ដោយ៖ហួន ឌីណា