អ្នកតាំងពិព័រណ៍បច្ចេកវិទ្យារុស្ស៊ី ត្រូវបានហាមឃាត់មិនឱ្យ ចូលរួមជុំវិញសង្រ្គាមនៅអ៊ុយក្រែន
អាមេរិក៖អ្នកគ្រប់គ្រងការតាំងពិព័រណ៍គ្រឿងអេឡិចត្រូនិក (CES) ឆ្នាំ២០២៣ មិនអនុញ្ញាតឱ្យក្រុមហ៊ុនរុស្ស៊ីដាក់បង្ហាញ ផលិតផល របស់ពួកគេនៅក្នុងកម្មវិធីបច្ចេកវិទ្យាប្រចាំឆ្នាំនេះ ដោយសារតែ ការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី។
អ្នកនាំពាក្យសមាគមបច្ចេកវិទ្យាអ្នកប្រើប្រាស់ (CTA) ដែលជាក្រុម ពាណិជ្ជកម្មរួមគ្នារៀបចំព្រឹត្តិការណ៍ដ៏ធំនេះនៅទីក្រុង Las Vegas (សហរដ្ឋអាមេរិក) បានអះអាងថា ចំណាត់ការនេះបានប៉ះពាល់ ដល់អ្នកតាំងពិព័រណ៍ដ៏មានសក្ដានុពលតែម្នាក់ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
អ្នកនាំពាក្យដដែលបានលើកឡើងថា គ្មានអ្នកតាំងពិព័រណ៍រុស្ស៊ី មានវត្តមាននៅក្នុងកម្មវិធីកាលពីឆ្នាំមុននោះទេ ហើយកាលពីឆ្នាំ ២០២១ ដែលកម្មវិធីរៀបចំតាមប្រព័ន្ធវិដេអូ មានអ្នកតាំងពិព័រណ៍ រុស្ស៊ី៤ក្រុមហ៊ុនចូលរួម។
សូមរំឭកថា CTA គឺជាស្ថាប័នស្តង់ដារ និងពាណិជ្ជកម្មតំណាង ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាសម្រាប់ការប្រើប្រាស់ចំនួន ១ ៣៧៦ នៅសហរដ្ឋអាមេរិក ដែលជាប្រទេសធំ ប្រឆាំងនឹងរុស្ស៊ីចំពោះ ការឈ្លានពានអ៊ុយក្រែន តាមរយៈការដាក់ទណ្ឌកម្មផ្សេងៗ។
ប្រធាន និងជានាយកប្រតិបត្តិ CTA លោក Gary Shapiro ដែលធ្លាប់ហៅការឈ្លានពានរបស់រុស្ស៊ីថាជា «សោកនាដកម្ម និងភាពខុសច្បាប់នៃការបំពានលើប្រជាជន និងប្រទេសឯករាជ្យ អ៊ុយក្រែន» បានលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកចាប់ ផ្តើម អាជីវកម្ម (startups) អ៊ុយក្រែន មួយចំនួននឹងបង្ហាញ ឧបករណ៍របស់ពួកគេនៅឯកម្មវិធីក្នុងក្រុម Las Vegas ចាប់ពីថ្ងៃទី ៥-៨ ខែមករានេះ។
លោក Shapiro បានថ្លែងក្នុងបទសម្ភាសមួយថា ៖ «មនុស្ស ជាច្រើន មកពីជុំវិញពិភពលោក ចង់គាំទ្រអ៊ុយក្រែន។ ខ្ញុំដឹងថា ភរិយារបស់ខ្ញុំស្វែងរកផលិតផលពីអ៊ុយក្រែនយ៉ាងសស្រាំ ដែលគាត់អាចទិញបាន ហើយយើងបានទិញរបស់ពី អ៊ុយក្រែនដោយផ្ទាល់»។
គួរបញ្ជាក់ថា ពិព័រណ៍បច្ចេកវិទ្យា CES រំពឹងថានឹងទាក់ទាញអ្នក ចូលរួមរហូតដល់ ១០០ ០០០ នាក់ នៅពេលបញ្ជប់នៅថ្ងៃ អាទិត្យ។ ព្រឹត្តិការណ៍នេះ តាមពិតទៅ បានចាប់ផ្តើមតាំងពីល្ងាច ថ្ងៃអង្គារដោយមានក្រុមហ៊ុនចំនួន ៣ ០០០ បានចុះឈ្មោះ ចូលរួម។
CES បានបើកជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ហើយបើកទូលាយ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកផ្សេងទៀតនៅក្នុង ឧស្សាហ កម្មបច្ចេកវិទ្យា ប៉ុន្តែមិនបើកឱ្យសាធារណៈជនទូទៅ ចូលរួម នោះទេ៕
ដោយ៖ហួន ឌីណា