របៀបដែលសង្គ្រាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី ធ្វើឱ្យភាពអត់ឃ្លាន សកលកាន់តែអាក្រក់ទៅៗ
ម៉ូស្គូ៖ នៅពេលរុស្ស៊ីចាប់ផ្ដើមឈ្លានពានអ៊ុយក្រែនទូទាំងប្រទេស កាលពីជាង ១០ ខែមុន ចំនួនកប៉ាល់បើកឆ្លងកាត់ច្រកសមុទ្រ Bosporus នៃប្រទេសតួកគី ជាពិសេសកប៉ាល់ដឹកគ្រាប់ធញ្ញជាតិ មកពីអ៊ុយក្រែន បានធ្លាក់ចុះជាគំហុក ដោយសារតែការបិទខ្ទប់ ការធ្វើនាវាចរណ៍នៅក្នុងសមុទ្រខ្មៅរបស់រុស្ស៊ី។
ក្រោមសម្ពាធការទូត និងកិច្ចព្រមព្រៀង ទីក្រុងម៉ូស្គូក៏បាន ចាប់ ផ្តើមអនុញ្ញាតឱ្យនាវាមួយចំនួនបើកការដឹកជញ្ជូនឡើងវិញ ប៉ុន្តែកងកម្លាំងឈ្លានពានរបស់ប្រទេសនេះ នៅតែបន្តដាក់កម្រិត លើការដឹកជញ្ជូនភាគច្រើនពីអ៊ុយក្រែន ដែលជាប្រទេសនាំចេញ ផលិតផលកសិកម្មដ៏ធំបំផុតមួយរបស់ពិភពលោកទន្ទឹមនឹងរុស្ស៊ី (ប្រទេសទាំង២នាំចេញស្រូវសាលី១ភាគ៤ទៅទីផ្សារសកល)។
សម្រាប់បណ្ដាកំពង់ផែអ៊ុយក្រែនមួយចំនួន ការវាយប្រហារដោយ មីស៊ីល និងដ្រូនរបស់រុស្ស៊ីលើបណ្តាញថាមពលរបស់ អ៊ុយក្រែនជា ប្រចាំ បានធ្វើឱ្យខូចខាតដល់ស្ថានីយចែកចាយគ្រាប់ធញ្ញជាតិ តាមកប៉ាល់ ដូចជាស្រូវសាលី និងពោតជាដើម។
សកម្មភាពយោធារុស្ស៊ីដែលពាក់ព័ន្ធនឹងស្បៀងអាហារបែបនេះ ត្រូវបានអ៊ុយក្រែន ក៏ដូចជាលោកខាងលិច លើកឡើងយក ទៅធ្វើជាការចោទប្រកាន់ថា ក្រុងម៉ូស្គូយកស្បៀងធ្វើជាអាវុធ។ គេមើលឃើញថា ការរាំងស្ទះដំណើរការនាំចេញផលិតផល កសិកម្មតាមសមុទ្រខ្មៅក្រោមបរិបទនៃសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី បានធ្វើឱ្យវិបត្តិស្បៀងអាហារពិភពលោកដែល មាន ស្រាប់ កាន់តែអាក្រក់ទៅៗ ដោយសារតែផលប៉ះពាល់នៃសង្រ្គាម នេះលើភាពអត់ឃ្លាន ភាពក្រីក្រ និងការស្លាប់មុនអាយុជាដើម។
ស្របពេលដែលជម្លោះបន្តអូសបន្លាយ សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត ក៏ត្រដាបត្រដួសក្នុងការជួយដោះស្រាយបញ្ហា និង កាត់បន្ថយការខូតខាត។
មន្ត្រីអាមេរិកកំពុងរៀបចំកិច្ចខិតខំប្រឹងប្រែងដើម្បីជួយកសិករអ៊ុយក្រែន ក្នុងការនាំចេញផលិតផលស្បៀងអាហារចេញពីប្រទេស របស់ពួកគេតាមរយៈបណ្តាញផ្លូវដែក និងផ្លូវថ្នល់ផ្សេងទៀត ដែល តភ្ជាប់ទៅអឺរ៉ុបខាងកើត និងតាមនាវាដែលធ្វើដំណើរ តាម ដងទន្លេ Danube។
យ៉ាងណាមិញ ខណៈរដូវរងាកាន់តែត្រជាក់ ហើយរុស្ស៊ីក៏បន្ត ការវាយ ប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមមានថាម ពល របស់ អ៊ុយក្រែននោះ វិបត្តិស្បៀងអាហារក៏កាន់តែអាក្រក់ទៅៗ ជា ពិសេសនៅតំបន់ស្នែងក្របីអាហ្វ្រិក ក៏ដូចជាតំបន់ផ្សេងៗទៀត ដែលខ្វះស្បៀងដោយសារតែគ្រោះរាំងស្ងួត។
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បាន ប៉ាន់ប្រមាណថា មនុស្សជាង ៣៤៥ លាននាក់កំពុងទទួលរង ឬប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ ដែលកើនឡើងជាងពីរ ដងប្រៀបធៀបនឹងឆ្នាំ ២០១៩។
កាលពីខែមុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់ថូនី ប្ល៊ីនកែន បានថ្លែងនៅឯកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាហ្វ្រិកនៅទីក្រុងវ៉ាស៊ីនតោនថា ៖ «យើងកំពុងដោះស្រាយវិបត្តិអសន្តិសុខ ស្បៀងដ៏ ធំមួយ។ វាគឺជាលទ្ធផលនៃបញ្ហាជាច្រើន រួមទាំងការឈ្លានពាន អ៊ុយក្រែនរបស់រុស្ស៊ី»។
នាពេលនេះ កង្វះខាតស្បៀងអាហារ និងតម្លៃខ្ពស់ កំពុងបង្ក ឱ្យមានផលប៉ះពាល់ខ្លាំងនៅទូទាំងទ្វីបអាហ្រ្វិក អាស៊ី និង អាមេរិក។
មន្ត្រីអាមេរិកមានការព្រួយបារម្ភជាពិសេសចំពោះប្រទេសអាហ្វហ្គានីស្ថាន និងយេម៉ែន ដែលវេទនារួចស្រាប់ហើយ ដោយសារ តែជម្លោះ។ អេហ្ស៊ីប លីបង់ និងប្រទេសដែលនាំចូល ស្បៀង អាហារ ធំៗផ្សេងទៀត ក៏កំពុងជួបការលំបាកក្នុងការទូទាត់បំណុល និងការចំណាយផ្សេងទៀតរបស់ខ្លួន ដោយសារការចំណាយ បាន កើនឡើង។
សូម្បីតែនៅក្នុងប្រទេសអ្នកមានដូចជាសហរដ្ឋអាមេរិក និង ចក្រភព អង់គ្លេស ការកើនឡើងនៃអតិផរណាដែល បណ្តាល មកពីសង្រ្គាម ក៏បានធ្វើឱ្យប្រជាជនក្រីក្រគ្មានអាហារគ្រប់គ្រាន់។
អ្នកគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) លោកស្រី Samantha Power បានមាន ប្រសាសន៍ ប្រាប់កាសែតញូវយ៉កថែមស៍ថា ៖ «តាមរយៈការវាយលុក អ៊ុយក្រែន ដែលជាប្រទេសផលិតធញ្ញជាតិដ៏សំខាន់ មួយរបស់ ពិភពលោក លោក ពូទីន កំពុងវាយប្រហារអ្នកក្ររបស់ ពិភពលោក ដែលបង្កើនភាពអត់ឃ្លានជាសកល នៅពេល មនុស្សកំពុងឈានទៅរកភាពអត់ឃ្លាន»។
កាលពីថ្ងៃទី ២០ ខែធ្នូ លោក ប្ល៊ីនកែន បានប្រកាសថា រដ្ឋាភិបាល សហរដ្ឋអាមេរិកនឹងចាប់ផ្តើមផ្តល់ការលើកលែងលើកម្មវិធីទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួនទូទាំងពិភពលោក ដើម្បីធានាថាលំហូរជំនួយ ស្បៀងអាហារ និងជំនួយផ្សេងទៀតនៅតែបន្ត។ ចំណាត់ការនេះមានគោលបំណងដើម្បីធានាថាលំហូរជំនួយក្រុមហ៊ុន និងអង្គការផ្សេងៗមិនត្រូវបានរារាំងជំនួយរបស់ខ្លួនឡើយ ដោយសារតែខ្លាចរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ទោះយ៉ាងណាក៏ដោយ ការបង្អាក់ដោយចេតនារបស់រុស្ស៊ីចំពោះ ការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក បង្កជាបញ្ហាផ្ទុយគ្នាទាំង ស្រុង។ ចាប់តាំងពីឆ្នាំ ២០២១ មក រុស្ស៊ីបានរឹតបន្តឹងការនាំចេញជី និងផលិតផលកសិកម្ម តាមរយៈពន្ធនាំចេញ តម្រូវការអាជ្ញាបណ្ណ និងការហាមឃាត់ជាក់ស្តែងផ្សេងៗទៀត។ ជាឧទាហរណ៍ ចាប់ពីថ្ងៃទី ១៤ ខែមីនាដល់ថ្ងៃទី ៣០ ខែមិថុនា រុស្ស៊ីបានដាក់ បម្រាម លើការនាំចេញស្រូវសាលីទៅកាន់ប្រទេសផ្សេងទៀត នៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EEU) ដើម្បីរារាំងអ្នកនាំចេញពីការ ប្រើប្រាស់តំបន់ពាណិជ្ជកម្មសេរី EEU ដើម្បីចៀសវាងការដំឡើង ពន្ធនាំចេញស្រូវសាលីរបស់រុស្ស៊ី។ អ្វីដែលសំខាន់គឺថា ភាព រអាក់រអួល លើការផ្គត់ផ្គង់ជីកសិកម្ម ដែលជាតម្រូវការសំខាន់ សម្រាប់កសិករសកល ក៏មានបង្កឱ្យមានផលប៉ះពាល់ខ្លាំង ក្នុងនាមរុស្ស៊ីជាអ្នកនាំចេញជីដ៏ធំបំផុត។
កន្លងមកក្នុងឆ្នាំ ២០២២ ពោលគឺបន្ទាប់ពីរុស្ស៊ីចាប់ផ្ដើម លុក លុយអ៊ុយក្រែន ការទម្លាក់កំហុសដាក់គ្នាចំពោះការរាំង ស្ទះ នៃការនាំចេញផលិតផលស្បៀង និងជីកសិកម្មរបស់រុស្ស៊ី គឺជាភាពចម្រូងចម្រាស់ដ៏ក្ដៅគគុគមួយរវាងលោកខាងលិច។ លោកខាងលិច ដូចជាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ទទូចថា ទណ្ឌកម្មរបស់ខ្លួនមិនរាប់បញ្ជូលទាំងការនាំចេញ ស្បៀងអាហារ ឬជីកសិកម្មរបស់រុស្ស៊ីនោះទេ ដោយថា គ្រប់គ្នាអាចធ្វើប្រតិបត្តិការ ទិញ ដឹកជញ្ជូន ធានាស្បៀង និងជីដែលចេញពីរុស្ស៊ីបាន។
ទន្ទឹមនេះប្រទេស រុស្ស៊ីធ្លាប់បានអះអាងថា ឥទ្ធិពលនៃទណ្ឌកម្ម របស់ លោកខាងលិចលើភស្តុភារ ការទូទាត់ ការដឹកជញ្ជូន និង ការធានារ៉ាប់រង បានរារាំងខ្លួនពីការនាំចេញជីកសិកម្ម ហើយថា ការបន្ធូរបន្ថយការរឹតបន្តឹងទាំងនោះ គឺជាផ្នែក សំខាន់នៃ ដំណោះស្រាយ។ រុស្ស៊ីថា ទណ្ឌកម្មរបស់លោកខាងលិច ធ្វើឱ្យ តម្លៃស្បៀងអាហារពិភពលោកកើនឡើង និងរាំងស្ទះដល់ការ ផ្គត់ផ្គង់។
ប៉ុន្តែលោកខាងលិចបានច្រានចោលការចោទប្រកាន់បែបនេះ ដោយ ថាវាជាការផ្សព្វផ្សាយព័ត៌មានប្រឌិត ហើយថា ការរឹតត្បឹត ការនាំចេញផលិតផលស្បៀង និងការបំផ្លិចបំផ្លាញរោងចក្រ កសិកម្ម (រោងចក្រស្តុកគ្រាប់ធញ្ញជាតិ) និងការបិទកំពង់ ផែ អ៊ុយក្រែនរបស់រុស្ស៊ីទៅវិញទេ ដែលធ្វើឱ្យវិបត្តិស្បៀងអាហារ ពិភពលោកកាន់តែធ្ងន់ធ្ងរ។
គួរបញ្ជាក់ជាថ្មីថា ការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី បានជះឥទ្ធិ ពល យ៉ាងខ្លាំងទៅលើការនាំចេញផលិតផលស្បៀង។ ចាប់ពី ខែមីនា ដល់ខែវិច្ឆិកា (២០២២) អ៊ុយក្រែនបាននាំចេញគ្រាប់ ធញ្ញជាតិជាមធ្យមចំនួន ៣,៥ លានតោនក្នុងមួយខែ ដែល ជាការធ្លាក់ចុះយ៉ាងខ្លាំងពី៥-៧ លានតោនក្នុងមួយខែ ដែល ប្រទេសនេះនាំចេញមុនសង្រ្គាមចាប់ផ្ដើមនៅខែកុម្ភៈ។ នេះបើយោងតាមទិន្នន័យពីក្រសួងគោលនយោបាយកសិកម្ម និងស្បៀងអ៊ុយក្រែន។
ចំនួននេះអាចនឹងកាន់តែទាបជាងនេះទៅទៀត ប្រសិនបើកិច្ច ព្រមព្រៀងអ៊ុយក្រែន-រុស្ស៊ី ដើម្បីបើកការនាំចេញគ្រាប់ ធញ្ញជាតិ អ៊ុយក្រែនតាមសមុទ្រខ្មៅឡើងវិញ មិនបានសម្រេចឡើង កាល ពីខែកក្កដាឆ្នាំមុននោះទេ។ ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលរបស់តួកគី និង អង្គការសហប្រជាជាតិនោះ រុស្ស៊ីបានយល់ព្រមអនុញ្ញាត ឱ្យមានការនាំចេញពីកំពង់ផែសមុទ្រអ៊ុយក្រែនចំនួនបី ប៉ុន្តែ បានបន្តបិទច្រកចំនួនប្រាំពីរក្នុងចំណោមកំពង់ផែចំនួន ១៣ ដែលអ៊ុយក្រែនប្រើប្រាស់។
ដំបូងឡើយ កិច្ចព្រមព្រៀងមានរយៈពេលតែបួនខែប៉ុណ្ណោះ ប៉ុន្តែត្រូវបានបន្លាយពេលបន្តនៅខែវិច្ឆិការយៈពេល៤ខែទៀត។ នាយករងនៃទីភ្នាក់ងារ យូសេដ(USAID) លោកស្រី Isobel Coleman បានគូសបញ្ជាក់ថា ពេលរុស្ស៊ីគំរាមទម្លាក់កិច្ច ព្រមព្រៀងនេះចោលនៅខែតុលា តម្លៃអាហារពិភព លោក បានកើនឡើងពី ៥-៦ ភាគរយ ហើយបន្ថែមថា ៖ «ផលប៉ះពាល់ នៃសង្គ្រាមនេះ មានការរំខានយ៉ាងខ្លាំង។ លោក ពូទីន កំពុងច្រាន មនុស្សរាប់លាននាក់ចូលទៅក្នុងភាពក្រីក្រ។
គួរកត់សម្គាល់ថា ការកើនឡើងតម្លៃអាហារកាលពីឆ្នាំមុន មានកម្រិត ខ្លាំងជាពិសេសនៅមជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងអាមេរិកខាងត្បូង។
មុនសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ីកើតឡើង តម្លៃ អាហារបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង១ទសវត្សរ៍រួចស្រាប់ទៅហើយ ដោយសារការរំខាននៃ វិបត្តិ កូវីដនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ និងគ្រោះរាំងស្ងួតដែលបន្ត អូសបន្លាយ។
ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅពេលបិទ កិច្ចប្រជុំកំពូលនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកា មេដឹកនាំនៃក្រុមប្រទេសទាំង ២០ បានលើកឡើងថា ពួកគេមាន ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាប្រឈមចំពោះសន្តិសុខស្បៀងអាហារពិភពលោក ហើយបានសន្យាគាំទ្រកិច្ចខិតខំប្រឹងប្រែង អន្តរជាតិ ក្នុងការរក្សាខ្សែចង្វាក់ផ្គត់ផ្គង់អាហារឱ្យដំណើរការ។
លោក Ngozi Okonjo-Iweala អគ្គនាយកអង្គការពាណិជ្ជកម្ម ពិភពលោក បានថ្លែងក្នុងកិច្ចប្រជុំកំពូលនេះថា៖ «យើងត្រូវ ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម មិនមែនធ្វើឱ្យវា ចុះខ្សោយនោះទេ»៕ ដោយ៖ ហួន ឌីណា