សមាគមសំនៀងតន្ត្រីជនពិការ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងបានជួបជុំគ្នាទទួលទានអាហារសាមគ្គីដើម្បីអបអរសាទរខួបលើកទី 44 ថ្ងៃជ័យជំនះ 7 មករា
ភ្នំពេញ៖ ជនមានពិការភាព នៅតែត្រូវបានលើកទឹកចិត្ត និងទទួលបាននូវអ្វីៗ ទាំងអស់ដែលជាមរតក នៃការរស់រានមានជីវិត កើតចេញពីថ្ងៃ ៧មករា ១៩៧៩ ជាក់ស្តែង កាលពីរសៀលថ្ងៃ ទី៧ ខែមករា ឆ្នាំ២០២៣ សប្បុរសជន មកពីស្ថាប័នរដ្ឋ គណពង្រឹងមូលដ្ឋាន រួមជាមួយអាជ្ញាធរមូលដ្ឋាន បានសួរសុខទុក្ខ និងរៀបចំអាហារសាមគ្គី ជូនដល់ បងប្អូន កូនក្មួយ សមាគមសំនៀងជនពិកាត នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នៅក្នុងពិធីសំណេះសំណាល នាឱកាសនេះ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់គោករការបានលើកឡើងថាលោកស្រីមានការរំភើបចិត្តឥតឧបមា ចំពោះការជួបជុំបងប្អូនជនមានពិការភាពនាថ្ងៃនេះ ព្រោះថាដោយសារតែសុខសន្តិភាពទើបធ្វើឲ្យជីវិតជនពិការអាចប្រែក្លាយ ពីភាពឯកាមកជាជីវិតមួយដែលពោរពេញដោយភាពកក់ក្តៅបំផុត ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំកំពូល ដែលមានសម្ដេចតេជោ ហ៊ុនសែន ជាប្រមុខ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មាតាមនុស្សធម៌នៃកម្ពុជា។លោកស្រីបានបន្ថែមថាការយកចិត្តទុកដាក់លើជនមានពិការភាពពីសំណាក់សម្ដេចទាំងទ្វេគឺតាមរយៈការប្រឹងប្រែងធ្វើប័ណ្ណសមធម៌ជូនជនមានពិការភាពនិងប័ណ្ណមានតម្លៃផ្សេងៗទៀតដែលអាចជួយសម្រាលដល់ជីវភាពរស់នៅរបស់បងប្អូនទាំងឡាយឲ្យកាន់តែមានភាពប្រសើរឡើង។
ក្នុងពិធីសំណេះសំណាលនោះដែរ ឧកញ៉ា តាំងសុខឃី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ក៏បានលើកឡើងអំពីប្រវត្តិនៃការរស់នៅប្រកបដោយភាពឈឺចាប់បំផុតរបស់ឧកញ៉ាផ្ទាល់ រួមទាំងក្រុមគ្រួសារក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលការឈឺចាប់នេះលោកមិនអាចយកបរិយាយឲ្យអស់សេចក្តីនោះទេ ក្នុងនោះឧកញ៉ាបានផ្ដាំទៅបងប្អូនកូនក្មួយដែលជាជនពិការភាពទាំងអស់ឲ្យស្គាល់ពីតម្លៃនៃសុខសន្តិភាព ដែលអាចឲ្យជីវិតយើងរស់នៅប្រកបដោយភាពរីករាយដូចបច្ចុប្បន្ននិងមានឱកាសជួយគ្នាទៅវិញទៅមកដើម្បីកែប្រែជីវិតឲ្យរស់នៅក្នុងភាពល្អប្រសើរ។
លោកជំទាវ ចន្ទ័ សុខធាវី អគាធិការនៃអគាធិការដ្ឋានក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងជាប្រធានកិត្តិយសសមាគមសំនៀងតន្ត្រីជនពិការ ក៏បានសំដែងនៅភាពរីករាយយ៉ាងក្រៃលែង សម្រាប់ថ្ងៃដ៏មានអត្ថន័យនេះ ក្នុងនោះលោកជំទាវបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រែក្លាយពីការឈឺចាប់ទាំងអស់ទៅជាការចងចាំនិងដឹងគុណជារៀងដរាបចំពោះគុណុបការៈនិងវីរភាពដ៏អង់អាចបំផុតរបស់បុព្វបុរសដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តជួយរំដោះប្រទេសជាតិឲ្យផុតពីរបបនរកអវចីយ៍នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងត្រចះត្រចង់ដូចពេលបច្ចុប្បន្ននេះ ហើយដើម្បីបន្តរស់នៅជាមួយជីវិតប្រកបដោយសេចក្តីសុខចម្រើនយើងមានតែរួមគ្នាការពារឲ្យបាននូវសុខសន្តិភាព ដូច្នេះមានតែគណបក្សប្រជាជនតែមួយគត់ដែលជាអ្នកស្វែងរកសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យជូនដល់សង្គមជាតិយើង។ជាចុងបញ្ចប់លោកជំទាវក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ដែលបានចូលរួមក្នុងឱកាសនេះឲ្យត្រៀមលក្ខណៈជាស្រេចពិនិត្យឯកសារនិងប័ណ្ណពាក់ព័ន្ធផ្សេងៗដើម្បីចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីធានាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍតរៀងទៅ៕ ង៉ាន់ ទិត្យ