សំណើរបស់ TAFTAC លើការព្យួរទុកការបង់ប្រាក់ រំដោះ ពន្ធ លើប្រាក់ចំណូល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចយល់ព្រម
ភ្នំពេញ៖ក្រោយពីសមាគមវាយនភ័ណ្ឌ សំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានស្នើដល់ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបន្តពន្យារពេលការព្យួរទុកការ បង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរកាលពីខែតុលាឆ្នាំ២០២២មក នាពេល នេះក្រសួងបានសម្រេចបន្តព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលនេះ រហូតដល់ដំណាច់ឆ្នាំ២០២៥។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ បានចេញប្រកាសស្តីពីប្រកាសស្តីពីការបន្តព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល របស់សហគ្រាសឧស្សាហកម្មផ្នែក វាយនភណ្ឌកាត់ដេរដោយដែលទទួលបានលក្ខណសម្បត្តិជាគម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីឱ្យ មាននិរន្តរភាព និងជាការគាំពារដល់កម្មករកម្មការិនី ព្រមទាំង ប្រជាពលរដ្ឋដែលទទួលផលប្រយោជន៍អំពីវិស័យនេះ។
លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជាបានប្រាប់ ឱ្យដឹងថា ការអនុគ្រោះឱ្យព្យួរទុកជាបណ្តោះអាសន្ននូវការបង់ ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែសម្រាប់ឧស្សាហកម្មកាត់ដេរពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែកក្នុងការកាត់ បន្ថយការចំណាយរបស់រោងចក្រជាច្រើន នៅអំឡុងពេលនេះ។
លោកបានបន្ថែមថា មានរោងចក្រជាច្រើននៅទូទាំងពិភពលោក មិនត្រឹមតែកម្ពុជានោះ ដែលទទួលការខាតបង់នៅក្នុងរយៈ ពេល បីឆ្នាំ មកនេះ ដោយសារតែវិបត្តិសកល ដោយបានធ្វើឱ្យអ្នកបញ្ជា ទិញកាត់បន្ថយការបញ្ជារទិញពីរោងចក្រ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ដូចយើងដឹងស្រាប់ហើយ ក្នុងរយៈពេល៣ឆ្នាំមក ពិភពលោក កើតមានវិបត្តិជាបន្តបន្ទាប់ ដូចជាវិបត្តិកូវីដ១៩ វិបត្តិសេដ្ឋកិច្ចសកល ដែលកើតមកពីសង្រ្គាម នៅអ៊ុយក្រែនជាដើម ដែលបានធ្វើឱ្យការបញ្ជារទិញពី សហគមន៍ អឺរ៉ុប មានការធ្លាក់ចុះយ៉ាងខ្លាំង។ ដូចនេះ ការជួយជ្រោមជ្រែង របស់ រាជរដ្ឋាភិបាលក្នុងការអនុគ្រោះ លើព្យួរទុកការបង់ប្រាក់ រំដោះពន្ធលើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ ក៏ដូចជាពន្ធផ្សេងៗទៀតនេះ ពិតជាជួយបាន ច្រើនណាស់»។
ជុំវិញការសម្រេចបន្តព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលនេះ រហូតដល់ដំណាច់ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលនេះដែរ ត្រូវបានអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាអ្នកឧកញ៉ា លឹម ហេង បានសាទរ និងយល់ស្របថា ពិតជាបានជួយសម្រួលបានមួយផ្នែក ដល់វិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា។
លោកបានបញ្ជាក់ថា ៖ «ការបន្តពន្យារពេលលើពន្ធរំដោះ លើ ប្រាក់ចំណូល១ភាគរយ ដែលយើងត្រូវប្រកាសពន្ធប្រចាំខែនេះ ជារឿងមួយដែលល្អហើយ ដែលនេះកាលើកទឹកចិត្តមួយ ដល់ វិស័យវាយនភណ្ឌកាត់ដេរ»។
ក្រៅពីវិស័យកាត់ដេរអ្នកឧកញ៉ា លឹម ហេង ចង់ឱ្យ រាជរដ្ឋា ភិបាលគិតគូរដល់វិស័យកសិកម្មផងដែរ ដោយសារវិស័យ កសិកម្មកន្លង មានការអនុគ្រោះលើផលិតផលកសិកម្មតែ ប្រាំមួយមុខប៉ុណ្ណោះ ខណៈដែលក្រុមហ៊ុនដែលរកស៊ីលើ វិស័យ កសិកម្មមកទល់ពេលនេះ មិនទាន់ឃើញមានចំណេញនៅឡើយ ទេ។
លោកបានបញ្ជាក់ថា ៖ «ដើម្បីរក្សានិរន្តរភាព និងកំណើនវិស័យ កសិកម្មក្នុងស្រុកបាន យើងចាំបាច់ត្រូវបង្កើនទីផ្សារនាំចេញគឺ ជំរុញ និងបង្កើនការនាំចេញលើផលិតផលកសិកម្ម ឱ្យអស់ លទ្ធភាព,បែបបទនៃការនាំចេញ នាំចូលនៅច្រកចេញចូលតែមួយ គឺការបែងចែកក្នុងការគ្រប់គ្រងការផលិត និងការនាំចេញរវាង ស្ថាប័នពាក់ព័ន្ធឱ្យបានច្បាស់លាស់ និងស្នើសុំលើកលែង ពន្ធអាករនានា និងថ្លៃសេវាផ្សេង ពន្ធកាត់ទុកផ្សេងៗ និងពន្ធអាករ បន្ថែម១០ភាគរយ ក៏ដូចជាថ្លៃសេវាលើឯកសារសាធារណៈ និងការផ្តល់សេវាសាធារណៈត្រូវតែផ្តល់នៅច្រកចេញចូលតែ១ នៅតាម ឃុំ សង្កាត់និងតាមរយៈអនឡាញ»។
គួរជម្រាបថា GMAC ស្នើសុំដល់ក្រសួងសេដ្ឋកិច្ចពន្យារការ ព្យួរ ទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរយៈពេល៥ឆ្នាំបន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ រហូតដល់ ដំណាច់ឆ្នាំ២០២៧ សម្រាប់វាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែក ផលិតធ្វើដំណើរ និងកាបូប មួកស្រោមជើង ស្រោមដៃ កន្សែង ស្រោមខ្នើយ/ពូក កម្រាលពូក ស្រោមកៅអីរថយន្ត ឆ័ត្រ វ៉ែនតា និងផលិផលផ្សេងៗទៀត មានលក្ខណៈស្រដៀងគ្នា ដែលផលិតសម្រាប់ការនាំចេញ។
ប៉ុន្តែបើយោងតាមប្រកាសនេះ ការអនុវត្តគឺមានវិសាលភាព អនុវត្តចំពោះសហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរដែលទទួលបានលក្ខណៈសម្បត្តិជាគម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលផុតរយៈពេលលើកលែងពន្ធលើប្រាក់ ចំណូល រួមមានសហគ្រាសវាយនភណ្ឌ សហគ្រាសផលិតសម្លៀក បំពាក់ សហគ្រាសផលិតស្បែកជើង សហគ្រាស ផលិតកាបូប យួរនិងកាបូបដៃ និងសហគ្រាសផលិតមួក សម្រាប់ធ្វើការ នាំចេញ។ ការអនុគ្រោះ ឱ្យព្យួរទុកជាបណ្តោះអាសន្ននូវការបង់ ប្រាក់ រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ ត្រូវចាប់ផ្តើម ពីថ្ងៃចុះហត្ថលេខាលើប្រកាសនេះ រហូតដល់ដំណាច់ឆ្នាំ២០២៥៕ ដោយ៖ វណ្ណ សុជាតា