ឯកឧត្តម ថោង ខុន៖ បានលើកឡើងយុទ្ធនាការសំខាន់ៗជាច្រើន ផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC បានក្រើនរំឭកជាថ្មីពីពេលវេលាគិតនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ គឺនៅសល់ ១១៧ថ្ងៃប៉ុណ្ណោះនៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំ៦៤ឆ្នាំ។
នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពង់បើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Smart RSN រាជធានីភ្នំពេញ ជាមួយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ៖«នៅសល់១១៧ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) លើកទី១២ ដែលនេះគឺជាកិត្តិយសកំណត់ត្រាប្រវត្តិសាស្ត្រ ដែលកម្ពុជារង់ចាំ៦៤ឆ្នាំមកហើយ។ សម្រាប់ការត្រៀមលក្ខណៈក្នុងការធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជាបានរៀបចំកសាងកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ កីឡាចាំបាច់មួយចំនួន ដូចជាពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជានិម្មិតរូបស៊ីហ្គេមឆ្នាំ២០២៣ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចតេជោនាយករដ្ឋមន្តី និងឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា»។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រធាន NOCC ក៏បានអំពាវនាវឱ្យបន្តចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីរួមចំណែកដល់យុទ្ធនាការជាតិស្តីពី «ប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត» «ឆ្នាំ២០២៣ជាឆ្នាំទស្សនាកម្ពុជា« «រួមគ្នាដើម្បីកម្ពុជាស្អាត និងបដិសណ្ឋាកិច្ចល្អ» «នាំគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន» និង «កីឡារស់ក្នុងសន្តិភាព» ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ឲ្យទទួលបានជោគជ័យផងដែរ។
ជាមួយគ្នានេះ តាងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមបណ្ឌិតបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញគាំទ្រដល់វិស័យកីឡានៅកម្ពុជា តាមរយៈការរៀបចំឱ្យមានការប្រកួតកីឡានានា នៅតាមបណ្តារាជធានី-ខេត្ត ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន និងជាពិសេសគឺការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League ដែលត្រូវបានរៀបចំបានចំនួន៥លើករួចមកហើយ គិតចាប់តាំងពីឆ្នាំ២០១២មក។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា ការប្រកួតកីឡាបាល់ទាត់ Soccer League នាពេលនេះ មិនត្រឹមតែជាការប្រកួតកីឡា បាល់ទាត់នោះទេ ប៉ុន្តែថែមទាំងជាព្រឹត្តិការណ៍ដ៏មានតម្លៃ ក្នុងការកសាងសុខដុមរមនាសង្គម ពង្រឹងសាមគ្គីភាព មិត្តភាព ក្នុងចំណោមអង្គភាពស្ថាប័ន ក្រសួង មន្ទីរនានា ដែលកំពុងរួមគ្នាដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងផលិតភាពខ្ពស់។
«វិស័យកីឡាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទំនាក់ទំនងសង្គម និងកសាងធនធានមនុស្សដ៏ល្អ សម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តបង្កើនផលិតភាពការងារ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងគ្រួសារ។ ពិសេសគឺរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ កាត់បន្ថយបញ្ហាសង្គម ដូចជាការកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន និងសារធាតុញៀន ដែលបង្កហានិភ័យ ធ្ងន់ធ្ងរដល់សុខភាពនិងសង្គមជាតិ»។ ឯកឧត្តមបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់បន្ថែម។
ដើម្បីឱ្យការប្រកួតនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុករបស់គណៈកម្មការរៀបចំការប្រកួត ក៏ដូចជាការរួមចំណែកលើកស្ទួយវិស័យកីឡានៅកម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន បានផ្តល់អនុសាសន៍ដល់កីឡាករ កីឡាការិនីទាំងអស់ដែលបានចូលរួមឲ្យគោរពឱ្យបានម៉ឹងម៉ាត់នូវបទបញ្ហានៃការប្រកួត និងគោលការណ៍លេងដោយយុត្តិធម៌ (Fair Play) មានស្មារតីយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក និងត្រូវចាត់ទុកការប្រកួតប្រជែងនេះ ដើម្បីភាពសប្បាយរីករាយ សុខភាព មិត្តភាព និងសាមគ្គីភាពតែប៉ុណ្ណោះ៕ ចាន់ វិចិត្រ