ឯកឧត្តម គុជ គីមឡុង៖ ការរៀបចំជើងឯកអាស៊ីអាគ្នេយ៍ គឺជាដើម្បីផ្សព្វផ្សាយអំពីបទបញ្ជាបច្ចេកទេស លក្ខន្ដិកៈ ដល់អាជ្ញាកណ្ដាល ចៅក្រម កីឡាករ-កីឡាការិនីអន្តជាតិ ឆ្ពោះទៅស៊ីហ្គេម ២០២៣
ភ្នំពេញ៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នេះ បានរៀបចំពិធីបើកការប្រកួតកីឡាអុកចត្រង្គជើងឯកអាស៊ីអាគ្នេយ៍ (SEA OOU CHAKTRANG Championship) ឆ្នាំ២០២៣ ដើម្បីជាពិសោធន៍ឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ។
ពិធីបើកការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម សេង ប៊ុនសុង តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ព្រមទាំងប្រតិភូប្រទេសចូលរួមព្រឹត្តិការណ៍ថ្នាក់តំបន់នេះ រួមមានម្ចាស់ផ្ទះកម្ពុជា ថៃ វៀតណាម មីយ៉ាន់ម៉ា និងឡាវ ដែលមានប្រតិភូ អាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនីចូលរួមសរុប ៦២នាក់ ។
ថ្លែងក្នុងពិធីបើកការប្រកួតខាងលើ ឯកឧត្តម គុជ គីមឡុង បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានប្រតិភូ កីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមការប្រកួត ដ្បិតនេះជាលើកដំបូងហើយ សហព័ន្ធ ក្រោយទទួលបានការអនុញ្ញាត និងគាំទ្រពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានរៀបចំព្រឹត្តិការណ៍នេះឡើង ។
ឯកឧត្តមបន្ដថា ៖«គោលបំណងនៃការប្រកួតនេះ ដើម្បីផ្សព្វផ្សាយអំពីបទបញ្ជាបច្ចេកទេស លក្ខន្ដិកៈ ដល់អាជ្ញាកណ្ដាល ចៅក្រម កីឡាករ-កីឡាការិនីអន្តជាតិ ក៏ដូចជាមានការប្រកួតលក្ខណៈមិត្តភាពកីឡាអុកចត្រង្គរវាងកីឡាករ-កីឡាការិនីរបស់កម្ពុជា ជាមួយកីឡាករ-កីឡាការិនីរបស់ប្រទេសដែលចូលរួមក្នុងកម្មវិធីនេះ ព្រមទាំងបង្កើនបទពិសោធន៍ ដល់មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម ក្នុងការត្រៀមរៀបចំការប្រកួតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ SEA OOU CHAKTRANG Championship 2023 នេះ នឹងធ្វើឡើងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិ CAMSOC៕ ចាន់ វិចិត្រ