ប្រតិភូយុវជនគណបក្សប្រជាជន ចុះសួរសុខទុក្ខ ឯកឧត្តម លី សុន ដល់គេហដ្ឋាន នៅឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ឯកឧត្តម កែវ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធាន អនុប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល តំណាង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សួរសុខទុក្ខ ឯកឧត្តម លី សុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដល់គេហដ្ឋាន នៅឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។
ឯកឧត្តម លី សុន បានរៀបរាប់ពីប្រវត្តិការងារថា៖ បានចូលទៅប្រទេសវៀតណាម នៅឆ្នាំ១៩៧៧ ជាយុទ្ធជននៅកងពលធំទី៥ប្រចាំស៊ីសុផុន ខេត្តបាត់ដំបង ជាប្រធាននាយកដ្ឋានកម្មាភិបាល នៃគណៈចាត់តាំងមជ្ឈិមបក្ស ជាអនុលេខាប្រចាំការ នៃគណៈកម្មាធិការបក្សស្ថាប័ន ក្រសួងមន្ទីរជុំវិញមជ្ឈិម ជាលេខាគណៈ
កម្មាធិការ គណបក្សខេត្តមណ្ឌលគីរី ជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ស្ពឺ ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ៣អាណត្តិ និងចូលរួមសកម្មភាពគណបក្សនៅមូលដ្ឋានខេត្តកំពង់ស្ពឺ។
ឯកឧត្តមបានលើកឡើងថា៖ សមិទ្ធផលនៃសន្តិភាព និងការអភិវឌ្ឍរយៈពេល៤៤ឆ្នាំកន្លងមកនេះ គឺបានជំរុញទឹកចិត្តប្រជាជនកម្ពុជា កាន់តែមានជំនឿជឿជាក់ លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយឯកឧត្តមបានផ្តល់អនុសាសន៍ដល់យុវជនដែលជាកម្លាំងស្នូល និងជាកម្លាំងបន្តវេនរបស់គណបក្សថា គ្រប់គ្នាត្រូវប្រកាន់ខ្ជាប់នូវចំណុចសំខាន់ៗដូចខាងក្រោម៖
១.ត្រូវមានគុណធម៌ ព្រហ្មវិហារធម៌ គឺមានអត្តចរិកល្អប្រពៃ
២.ត្រូវថែទាំសុខភាពឱ្យបានល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត បង្កើនចំណេះជំនាញបទពិសោធន៍សមត្ថភាពទូលំទូលាយ ស្របតាមយុគសម័យឌីជីថល និងបច្ចេកវិទ្យាឧស្សាហកម្ម ៤.០
៣. ត្រូវមានមនស្សិការជាតិ សាមគ្គីឯកភាពជាតិ ពង្រឹងឆន្ទៈសេ្នហាជាតិ
ឯកឧត្តម លី សុន បានសម្ដែងពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពសួរសុខទុក្ខរបស់យុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងស្នើសុំឱ្យមានកម្មវិធីសួរសុខបែបនេះនៅគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់គណបក្ស និងស្របនឹងធម៌ព្រះពុទ្ធអំពីសង្គហវត្ថុ ៤យ៉ាង គឺ ការឱ្យទាន វាចាពិរោះ ធ្វើខ្លួនឱ្យជាបុគ្គលមានអត្តចរិកល្អ មានសីលធម៌ គុណធម៌ និងការគោរពស្រឡាញ់ស្មោះស្មើ មិនប្រកាន់ខ្លួន។
ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម ចាយ បូរិន ឯកឧត្តម កែវ ពិសិដ្ឋ និងលោក ទួន យ៉ាត ព្រមទាំងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ឯកឧត្តម លី សុន និងជូនពរដល់ឯកឧត្តមមានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕ ដោយ ហេង សម្បត្តិ