មន្ត្រីក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ៣៧រូបបានបំពាក់បំប៉នជំនាញពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស
ភ្នំពេញ ៖ មន្ត្រី និងគ្រូឧទ្ទេសក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាត្រូវបានអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសបំប៉នចំណេះដឹងបន្ថែមតាមរយៈសិក្ខាសាលា”ការវាយតម្លៃ”រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៨ដល់ថ្ងៃ១០ ខែ មករា ឆ្នាំ២០២៣ ដើម្បីអភិវឌ្ឍចំណេះបន្ថែមឲ្យក្លាយជាគ្រូ កម្រិតគ្រឹះស្ថានឧត្តមសិក្សាប្រកបដោយគុណភាព។
លោក ស្រី ហ៊ូ សិទ្ធិសោភាល័យ នាយិការវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា មានប្រសាសន៍លើកឡើងថា សិក្ខាសាលា”ការវាយតម្លៃ”ដែលប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃនេះមានគោលបំណងបង្កើនចំណេះដឹងបន្ថែមដល់មន្ត្រីនិងគ្រូឧទ្ទេសស្តីអំពី.ទី១.ការយល់ដឹងពីសារៈសំខាន់នៃការវាយតម្លៃ ទី២.តើគ្រឹះស្ថានឧត្តមសិក្សាត្រូវបានវាយតម្លៃលើចំណុចណាខ្លះដើម្បីទទួលស្គាល់ជាគ្រឹះស្ថានឧត្តមសិក្សា ទី៣. វិធីសាស្រ្តវាយតម្លៃទៅជាគ្រឹះស្ថានឧត្តមសិក្សារបស់នាយកដ្ឋានឧត្តមសិក្សា ទី៤. ការស្វែងយល់ស្តង់ដាររបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ទី៥.ការរៀបចំវដ្តនៃការវាយតម្លៃនៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ទី៦.និតិវិធីដែលគ្រឹះស្ថានសិក្សាត្រូវបំពេញដើម្បីត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានឧត្តមសិក្សា ទី៧. រៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៣ ដោយផ្អែកតាមស្តង់ដាររបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។
ឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជននិងកីឡាបានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារថ្មីៗរបស់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសដែលបានជួយគាំទ្រដល់វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ទាំងផ្នែកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រអប់រំកាយ និងកីឡាក្លាយជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ អាចបណ្តុះបណ្តាលធនធានគ្រូអប់រំកាយ និងកីឡាទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពគោរពតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន និងក្របខណ្ឌគុណវុឌ្ឍិជាតិ ៕ រូបភាពនិង អត្ថបទ៖ជាវ ចន្ធូ