អង្គការណាតូ បដិសេធសំណើរបស់ស៊ែប៊ី ដាក់ពង្រាយទ័ព នៅ កូសូវ៉ូ
អឺរ៉ុប៖ បេសកកម្មរបស់អង្គការណាតូនៅកូសូវ៉ូ ឬហៅថាកង កម្លាំង រក្សាសន្តិភាពរបស់ណាតូប្រចាំនៅកូសូវ៉ូ បានបដិសេធ សំណើរបស់រដ្ឋាភិបាលស៊ែប៊ី ដែលបានស្នើសុំបញ្ជូនក្រុម ប៉ូលិស និងទាហានរហូតដល់ ១០០០ នាក់ទៅកាន់ប្រទេស កូសូវ៉ូ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងអាជ្ញាធរស៊ែប៊ី និងកូសូវ៉ូ ។នេះបើតាមប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានលើកឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
គួររម្លឹកផងដែរថា ប្រទេសកូសូវ៉ូគឺជាអតីតខេត្តមួយរបស់ ប្រទេស ស៊ែប៊ីកាលពីមុន ប៉ុន្តែបានប្រកាសឯករាជ្យ នៅឆ្នាំ ២០០៨ បន្ទាប់ពីសង្រ្គាមឆ្នាំ១៩៩៨-១៩៩៩ ត្រូវបាន បញ្ចប់ ដែលកាលនោះ កងកម្លាំងណាតូបានទម្លាក់ គ្រាប់បែកទៅលើ តំបន់យូហ្គោស្លាវី ដែលរួមមានស៊ែប៊ី និងម៉ុងតេណេហ្គ្រោផង ដែរ ដើម្បីការពារប្រជាជនអាល់បានី ដែលភាគច្រើនរស់ នៅ ក្នុងតំបន់កូសូវ៉ូ។
ប្រធានាធិបតីលោក Vucic បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ឯកជនមួយថា ៖«ពួកគេ (កងកម្លាំងរក្សា សន្តិភាព របស់ណាតូ) បានឆ្លើយតបថា គ្មានការចាំបាច់នោះទេដែលតម្រូវឱ្យមានការវិលត្រឡប់ចូលមកវិញរបស់កងកម្លាំងរបស់ស៊ែប៊ីទៅក្នុងទឹកដីកូសូវ៉ូ។ ហើយពួកគេក៏បានលើកឡើងដោយផ្អែកទៅលើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិដែលបានអនុម័តអាណត្តិរបស់ពួកគេឱ្យនៅបន្តបេសកកម្មនៅកូសូវ៉ូ»។
កាលពីខែមុន គេសង្កេតឃើញថា វាជាលើកដំបូងហើយ ចាប់ តាំងពីសង្រ្គាមត្រូវបានបញ្ចប់ទៅ ដែលប្រទេសស៊ែប៊ីបាន ស្នើ សុំដាក់ពង្រាយកងកម្លាំងនៅក្នុងទឹកដីកូសូវ៉ូ ដោយសារតែ មាន ការប៉ះទង្គិចគ្នារវាងអាជ្ញាធរកូសូវ៉ូ និងអាជ្ញាធរស៊ែប៊ី នៅតំបន់ ភាគខាងជើង។
គួរបញ្ជាក់ថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហ ប្រជាជាតិ បានចែងថា ប្រទេសស៊ែប៊ីអាចត្រូវបាន អនុញ្ញាត ឱ្យបញ្ជូនកងកម្លាំងចូលក្នុងទឹកដីកូសូវ៉ូបាន លុះត្រា តែមានការយល់ព្រមពីអង្គភាពនៃកងកម្លាំងរក្សាសន្តិភាពណាតូប្រចាំនៅកូសូវ៉ូ។ គួរដឹងដែរថា ស៊ែប៊ីចង់ដាក់ពង្រាយកង យោធារបស់ខ្លួននៅច្រកព្រំដែន កន្លែងសាសនាគ្រិស្តអូស្សូដក់ និងតំបន់ដែលមានប្រជាជនស៊ែប៊ីរស់នៅភាគច្រើន។
លោក Vucic បានធ្វើការរិះគន់ធ្ងន់ៗទៅកាន់អង្គភាពនៃ កង កម្លាំងរក្សាសន្តិភាពនៅកូសូវ៉ូ អំពីការសម្រេចចិត្តរបស់ខ្លួននៅ មុនថ្ងៃបុណ្យណូអែលគ្រិស្តអូស្សូដក់ បន្ទាប់ពីប៉ូលិសកូសូវ៉ូបាន ចាប់ខ្លួនទាហានម្នាក់ដែលត្រូវបានសង្ស័យថាបានបាញ់សម្លាប់ និងរបួសជនជាតិស៊ែប៊ីវ័យក្មេងពីរនាក់នៅជិតទីក្រុង Shterpce នៅក្រៅម៉ោងធ្វើការរបស់ខ្លួន។
យ៉ាងណាក៏ដោយ អាជ្ញាធរកូសូវ៉ូបានថ្កោលទោសចំពោះ ឧប្បត្តិហេតុ ដែលបានកើតឡើងមួយនេះ ហើយបានលើក ឡើងថា ជនរងគ្រោះទាំងពីរ ម្នាក់មានអាយុ ១១ឆ្នាំ និង ម្នាក់ទៀតអាយុ ២១ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យភ្លាមៗ ដោយរបួសរបស់ពួកគេមិនមានការគ្រោះថ្នាក់ធ្ងន់ ធ្ងរដល់អាយុជីវិតនោះទេ។
បន្ថែមលើនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសស៊ែប៊ីបានរាយ ការណ៍ថា យុវជនម្នាក់ទៀតត្រូវបានវាយដំយ៉ាងទម្ងន់ពី សំណាក់ ក្រុមជនជាតិអាល់បានីកាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីយុវជនម្នាក់នោះកំពុងត្រឡប់មកពីការជួបជុំនៅឯព្រះវិហារ។ ក្រុមមន្ត្រីស៊ែប៊ីបានចាត់ទុកឧប្បត្តិហេតុនេះថាជា អំពើភេរវកម្ម ដោយបានស្រែកតវ៉ាអះអាងម្ដងហើយម្ដង ទៀត ថា នៅកូសូវ៉ូ ជនជាតិស៊ែប៊ីត្រូបានរើសអើង និងមិនស្វាគមន៍ នោះទេ ហើយក៏បានប្រកាសធ្វើបាតុកម្មតវ៉ានៅទីក្រុង Shterpce កាលពីថ្ងៃអាទិត្យទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ អង្គការអន្តរជាតិផ្សេងៗបានថ្កោលទោស ការ ប្រើអំពើហិង្សាដោយខុសច្បាប់នេះ ដោយបានលើកឡើង អំពីការព្រួយបារម្ភថា នឹងមានការកើនឡើងការមិនទុកចិត្តគ្នា កាន់តែខ្លាំងរវាងជនជាតិភាគតិចអាល់បានី និងជនជាតិស៊ែប៊ី ប្រមាណមួយសែននាក់ ដែលរស់នៅក្នុងប្រទេសកូសូវ៉ូ។ ៥០ភាគរយនៃពលរដ្ឋស៊ែប៊ីទាំងនោះរស់នៅភាគខាងជើង ហើយភាគច្រើនបដិសេធមិនទទួលស្គាល់ឯករាជ្យរបស់កូសូវ៉ូ។ ដោយឡែក ៥០ភាគរយផ្សេងទៀតដែលរស់នៅតំបន់ផ្សេងៗ នៃប្រទេស ដូចជានៅទីក្រុង Shterpce ភាគច្រើនទទួល ស្គាល់រដ្ឋាភិបាលកូសូវ៉ូ និងចូលរួមក្នុងជីវភាពនយោបាយ ទៀតផង៕
ដោយ៖ធា សុខណា