យោធាចិនធ្វើសមយុទ្ធបែបសង្គ្រាមជាថ្មីជុំវិញដែនកោះតៃវ៉ាន់
ចិន៖ យោធាចិនធ្វើសមយុទ្ធបែបសង្គ្រាមជាថ្មីជុំវិញកោះតៃវ៉ាន់។នេះបើ តាមការបញ្ជាក់របស់ស្ថាប័នកងទ័ពដែលបានអះអាងថា យោធាចិនបានធ្វើសមយុទ្ធប្រយុទ្ធជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃទី៨ ខែមករា។
លំហាត់យោធាបែបវាយប្រហារនេះជាសមយុទ្ធលើកទីពីរហើយក្នុងរយៈពេលមួយខែចុងក្រោយនេះ។ ក្រសួងការពារជាតិតៃវ៉ាន់អះអាងថា ខ្លួនបានឃើញយន្តហោះ ចិនចំនួន៥៧ គ្រឿងចូលរួមក្នុងយុទ្ធនាការណ៍នេះ។
ចិន បានចាត់ទុកតៃវ៉ាន់ដែលថាជាទឹកដីរបស់ខ្លួន ហើយ ក៏បានបង្កើនសម្ពាធផ្នែកយោធា នយោបាយ និងសេដ្ឋកិច្ច ដើម្បីក្រសោបយកតៃវ៉ាន់។
បញ្ជាការភូមិភាគបូព៌ានៃកងទ័ពរំដោះប្រជាជនចិន បាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនបានរៀបចំ “ការល្បាតត្រៀមប្រយុទ្ធ និងសមយុទ្ធប្រយុទ្ធជាក់ស្តែង” នៅក្នុងសមុទ្រ និងដែន អាកាសជុំវិញកោះតៃវ៉ាន់ ដោយផ្តោតលើការវាយប្រហា រដីនិងការវាយលុកតាមផ្លូវទឹក។
ក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយផ្សេងទៀតអះអាងថា គោលបំណងនៃសមយុទ្ធនេះគឺដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធនិង«ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបង្កហេតុរបស់កងកម្លាំងខាងក្រៅ និងកងកម្លាំងផ្តាច់ខ្លួនឯករាជ្យតៃវ៉ាន់»
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញយន្តហោះចិនចំនួន៥៧គ្រឿង និងនាវាកងទ័ពជើងទឹកចំនួនបួនគ្រឿង ប្រតិបត្តិការជុំវិញកោះនេះក្នុងនោះយន្តហោះចម្បាំងចិនចំនួន២៨គ្រឿងហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។
ប្រទេសចិនបានធ្វើសមយុទ្ធស្រដៀងគ្នាកាលពីចុងខែមុន ដោយតៃវ៉ាន់បានរាយការណ៍ថាយន្តហោះចិនចំនួន ៤៣ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនអាកាសរបស់តៃវ៉ាន់។
ប្រទេសចិនដែលមិនដែលបោះបង់នូវមហិច្ឆតាប្រើប្រាស់កម្លាំងដើម្បីវាយយកកោះនេះឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ។ចិនកំពុងអនុវត្តការលុកលុយយោធាជាទៀងទាត់ចូលទៅក្នុងដែនទឹកនិងលំហអាកាសនៅជិតកោះតៃវ៉ាន់ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។
ប្រទេសចិនបានធ្វើល្បែងសង្គ្រាមជុំវិញកោះតៃវ៉ាន់ កាលពីខែសីហាកន្លងទៅបន្ទាប់ពី ប្រធានសភាអាមេរិក Nancy Pelosiបានធ្វើដំណើរទៅទស្សនកិច្ចនៅតៃវ៉ាន់។
តៃវ៉ាន់បដិសេធយ៉ាងដាច់អហង្ការចំពោះការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ដោយនិយាយថាមានតែប្រជាជន ២៣លាននាក់លើដែនដីរបស់តៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេ។
ទីក្រុងប៉េកាំងមានការខឹងសម្បារជាពិសេសចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ រួមទាំងការលក់អាវុធផង។សហរដ្ឋអាមេរិក ក៏ដូចប្រទេសភាគច្រើនដែរ មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែជាពួកគេជាប្រទេសផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់៕
ដោយ៖វណ្ណ ស័ក្ដិ