ឯកឧត្តម ព្រុំ សុខា៖ សច្ចភាពប្រវត្តិសាស្រ្តកម្ពុជា «៧ មករា ១៩៧៩» ដែលមានគុណតម្លៃថ្លៃថ្លាសម្រាប់ការរស់រានមានជីវិត ភាពឋិតថេរគង់វង្ស សុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់សង្គមជាតិកម្ពុជារយៈពេល ៤៤ឆ្នាំមកនេះ
ខេត្តព្រៃវែង៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងមតិសំណេះសំណាលជាមួយអ្នកចូលរួមក្នុងអង្គពិធី ជួបប្រជុំប្រារព្ធខួប៤៤ឆ្នាំថ្ងៃបុណ្យជាតិជ័យជម្នះ៧មករា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ដោយសង្កត់ធ្ងន់ គូសបញ្ជាក់រំឭកឡើងវិញពីអត្ថន័យខ្លឹមសារនៃសច្ចភាពប្រវត្តិសាស្រ្តកម្ពុជា «៧ មករា ១៩៧៩» ដែលមានគុណតម្លៃថ្លៃថ្លាសម្រាប់ការរស់រានមានជីវិត ភាពឋិតថេរគង់វង្ស សុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់សង្គមជាតិកម្ពុជារយៈពេល៤៤ឆ្នាំមកនេះ។
ឯកឧត្តមរដ្ឋមន្រ្តីប្រធានក្រុមការងារស្រុកបាភ្នំ បានអះអាង និងប្តេជ្ញាចិត្តក្នុងនាមប្រជាជនស្រុកបាភ្នំទាំងមូលថា៖ «បើគ្មានគណបក្សប្រជាជនកម្ពុជា គឺគ្មានរណសិរ្ស ២ ធ្នូ ១៩៧៨ និងគ្មានជ័យជម្នះ ៧ មករា ១៩៧៩ ដែលបានរំដោះមាតុភូមិ និងប្រជាជនកម្ពុជាឱ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតបានឡើយ។ បើពុំមាន “៧មករា” នៅឆ្នាំ១៩៧៩ ទេ ពុំមានអី្វៗនៅថ្ងៃនេះដែរ ហើយប្រាកដណាស់ពិតជា
ពុំមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ នោះឡើយ។ល។
ហេតុនេះប្រជាជនកម្ពុជាគ្រប់រូប គ្រប់ជំនាន់ ពិសេសយុវវ័យត្រូវចងចាំជានិច្ចពីគុណតម្លៃនៃសច្ចភាពប្រវត្តិសាស្រ្ត ៧ មករា ១៩៧៩ ដើម្បីថែរក្សាកេរ្តិ៍ដំណែលជាមរតកអមតៈ នៃស្មារតី៧មករា និងនយោបាយឈ្នះ-ឈ្នះ ដោយបន្តជំរុញបុព្វហេតុ សុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិសម្រាប់អនាគតរុងរឿងរបស់យើងទាំងអស់គ្នាតាមមាគ៌ា និងមគ្គុទ្ទេសក៍ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ៕ ង៉ាន់ ទិត្យ