អាជ្ញាធរខេត្តកំពង់ធំត្រៀមខ្លួនអនុវត្តការងាររៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ
កំពង់ធំ: អាជ្ញាធរខេត្តកំពង់ធំត្រៀមខ្លួនអនុវត្តការងាររៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ។អាជ្ញាធរខេត្តកំពុងបង្កើតគណ:កម្មការនានា ដើម្បីអនុវត្តការងារចំពោះមុខត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលនឹងប្រព្រឹត្តទៅនៅវាលព្រះស្រែ ក្នុងបរិវេណកីឡដ្ឋានថ្មី។នេះបើតាមការបញ្ជាក់របស់លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ។
អភិបាលរងខេត្តកំពង់ធំលោក សុក ហៃ មានប្រសាសន៍ថា អាជ្ញាធរខេត្តបានទទួលគម្រោងផែនការមួយចំនួនដើម្បីណែនាំលើកិច្ចការសំខាន់ៗជាច្រើនដូចជាការរៀបចំផ្លូវចូលទៅកាន់ទីតាំងសម្រាប់ប្រារព្ធព្រះរាជពិធី ការរៀបចំសាងសង់ព្រះពន្លាជ័យ ការរៀបចំតម្កល់តាំងនៅស្តង់ពិព័រណ៍ផលិតកសិកម្មរបស់ក្រសួងពាក់ព័ន្ធ មន្ទីរ ស្រុក ក្រោមឱវាទរបស់ខេត្តកំពង់ធំនិងការងារសន្តិសុខសណ្តាប់ធ្នាប់ជាដើម។ លោកបន្តថា ព្រះរាជពិធីនេះ នឹងត្រូវប្រព្រឹត្តទៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ នៅវាលព្រះស្រែ ក្នុងបរិវេណកីឡដ្ឋានថ្មី ភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
អភិបាលរងខេត្តរូបនេះបានបញ្ជាក់ថា ខាងអាជ្ញាធរខេត្ត នឹងមានការរៀបចំសាកល្បងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅថ្ងៃទី៣ និងថ្ងៃទី៦ ខែឧសភា មុនថ្ងៃប្រារព្ធនូវព្រះរាជពិធី ដើម្បីធ្វើឲ្យព្រះរាជពិធីនេះ មានដំណើរការទៅយ៉ាងល្អប្រសើរ និងទទួបានភាពជោគជ័យខ្ពង់ខ្ពស់បំផុត។
លោក សុក ហៃ ថា៖ «ក្រោយពីមានការប្រជុំមក បច្ចុប្បន្ននេះ អាជ្ញាធរខេត្ត កំពុងរៀបចំបង្កើតគណៈកម្មការនានា ដើម្បីអនុវត្ត និងបំពេញតួនាទីលើកិច្ចការងាររៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល»។
ទាក់ទិននឹងរឿងនេះ សាស្ត្រាចារ្យប្រវត្តិ សាស្ត្រ គឺលោក សំបូរ ម៉ាណារ៉ា មានប្រសាសន៍ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាទំនៀមទម្លាប់ ប្រពៃណី ដែលកើតឡើងដោយព្រះមហាក្សត្រ ដែលជាអ្នករៀបចំធ្វើ។ ហើយចំពោះគំនិតនៃការធ្វើពិធីនេះ គឺដើម្បីរំលឹកដល់ប្រជាជនខ្មែរ ដែលជាកសិករ ត្រូវដឹងអំពីការដល់ពេលក្នុងការធ្វើស្រែចម្ការហើយ ដើម្បីឲ្យកសិករត្រៀមលក្ខណៈ ក្នុងការភ្ជួរដី ធ្វើកសិកម្ម ដែលជាការបង្ហាញដោយព្រះមហាក្សត្រផែនដី លោកបានចុះបញ្ជាក់អំពីពេលវេលាដេលត្រូវធ្វើស្រែ។
លោកបន្តថា ជារួមគំនិតនៃការរៀបចំព្រះរាជព្រះពីធីនេះ គឺទី១ ដើម្បីរំលឹកដល់ពេលវេលាធ្វើស្រែហើយ ទី២ គឺការបង្ហាញអំពីសណ្ដានចិត្តរបស់ព្រះរាជា ដែលលោកយកចិត្តទុកដាក់មកលើកសិករ និងទី៣ គឺជាការបង្ហាញប្រាប់អំពីទំនាក់ទំនងរវាងថ្នាក់កំពូល ដូចជា ព្រះមហាក្សត្រ ជាមួយប្រជាជន ក្នុងការលើកទឹកចិត្តកសិករឲ្យដឹងថាត្រូវធ្វើយ៉ាងមិច អំពីការជួយកសិករកាលពីមុនឲ្យមានប្រព័ន្ធធារាសាស្ត្រ ឫប្រឡាយទឹកក្នុងការធ្វើស្រែចម្ការ។
លោក សំបូរ ម៉ាណារ៉ា ថា ៖ «ដូច្នេះសម័យទំនើបកាលដែលធ្វើអ៊ីចឹង ដើម្បីឲ្យអ្នកដែលជាមន្ត្រីហ្នឹង ត្រូវយកចិត្តទុកដាក់គិត មិនត្រូវនៅស្ងៀមឡើយថា ត្រូវធ្វើយ៉ាងមិចដើម្បីជួយប្រជាជនយើង និងកសិករយើងឲ្យទាន់ពេលវេលា ទាក់ទងការជីកប្រឡាយ ទាក់ទងការពង្រីកប្រព័ន្ធធារាសាស្ត្រអ៊ីចឹងទៅ»។
លើសពីនេះទៀត បើតាមទស្សនៈរបស់លោក មើលឃើញការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លដែលនឹងប្រព្រឹត្តឡើងនៅខេត្តកំពង់ធំ ពីព្រោះខេត្តកំពង់ធំជាខេត្តដែលកសិកម្មស្រូវធំ បន្ទាប់ពីបាត់ដំបង បន្ទាយមានជ័យ សៀបរាម ដែលជាខេត្តកសិកម្មខាងស្រូវ។
សាស្រ្តាចារ្យ ប្រវត្តិ សាស្ត្ររូបនេះបានបន្ថែមថា ហើយការរៀបចំព្រះរាជពីធីនេះ គឺនឹងត្រូវធ្វើដើម្បីបង្កើនសកម្មភាពនីមួយៗរបស់ខេត្ត និងដើម្បីលើកកត្តិយក្នុងខេត្តម្ដងមួយៗ ប្រៀបដូចជាការធ្វើបុណ្យសមុទ្រផងដែរ។
សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា ខកខានប្រារព្ធពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» រយៈពេល៣ឆ្នាំជាប់គ្នារួចមកហើយ គឺចាប់ពីឆ្នាំ២០២០ ២០២១ និង២០២២ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ បើទោះបីជា រាជរដ្ឋាភិបាលមិនបានប្រារព្ធពិធីនេះក៏ដោយ ប៉ុន្តែមន្ត្រីរាជការ កម្មករ-និយោជក នៅតែត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកពីការងារ ដើម្បីជួបជុំក្រុមគ្រួសារនិងធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសដោយក្តីសប្បាយរីករាយ។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល គឺជាពិធីមួយដែលមានការផ្សព្វផ្សាយដំណឹង អំពីការមកដល់នៃរដូវវប្បមង្គល ដើម្បីឲ្យប្រជាកសិករ នៅតាមទីជនបទស្រែចម្ការ ត្រៀមសព្វគ្រឿងប្រដាប់សម្រាប់ធ្វើកសិកម្មដាំដុះដំណាំគ្រប់ប្រភេទ ជាពិសេសដំណាំស្រូវ។
តាមជំនឿនិងទំនៀមរបស់ខ្មែរ ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវបានប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ នៅក្នុងថ្ងៃ៤រោច ខែពិសាខ នៅឯវាលព្រះស្រែ ឬវាលមេរុ ដែលមានទីតាំងជិតព្រះបរមរាជវាំង។ ឆ្នាំខ្លះអាជ្ញាធរសម្រេចរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅខេត្តនានាវិញប៉ុន្តែទីដែលប្រារព្ធពិធីក៏ត្រូវសន្មត់ថាវាលព្រះស្រែដូចទំនៀមពីបូរាណដែរ៕
ដោយ:ជា សុខនី