រដ្ឋមន្រ្តីក្រសួងអប់រំ និងនាយកអង្គការឆាលហ្វាន់ (Child Fund) ប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារស្ដីពីការលើកកម្ពស់អក្ខរកម្មឌីជីថលសម្រាប់គ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅសាធារណៈនៅកម្ពុជា
ភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបពិភាក្សាការងារជាមួយលោក Prashant Verma នាយកអង្គការឆាលហ្វាន់ (Child Fund) ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពីការរៀបចំគម្រោង ដើម្បីគាំទ្រដល់ការលើកកម្ពស់អក្ខរកម្មឌីជីថលសម្រាប់គ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅសាធារណៈ ក្រោមជំនួយឧបត្ថម្ភដោយធនាគារ Woori Bank Cambodiaនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។
គម្រោងនេះមានគោលដៅ ឱ្យសាលារៀនគោលដៅចង្អុលបង្ហាញតួនាទីដ៏សំខាន់នៃអក្ខរកម្មឌីជីថលក្នុងការសិក្សា ដើម្បីរួមចំណែកក្នុងការធ្វើឌីជីថលនីយកម្មក្នុងការអប់រំនៅកម្ពុជា ដោយឡែកកុមារនៅក្នុងសាលារៀនគោលដៅ សម្រេចបាននូវជំនាញក្នុងសតវត្សរ៍ទី២១ ដោយបានរៀនពីជំនាញវិទ្យាសាស្រ្តកុំព្យូទ័រជាមូលដ្ឋាន ចំណេះដឹងឌីជីថល ជំនាញអក្ខរកម្មហិរញ្ញវត្ថុ ជំនាញការគិតប្រកបដោយការត្រឹះរិះពិចារណា និងការច្នៃប្រឌិតទៅតាមកម្រិតថ្នាក់រៀងៗខ្លួន។
មិនតែប៉ុណ្ណោះ គម្រោងមានគោលដៅជួយពង្រឹងប្រព័ន្ធរដ្ឋាភិបាលពីថ្នាក់ជាតិ ដល់សាលារៀន ដើម្បីអាចអនុម័ត គាំទ្រ និងអនុវត្តបានល្អបំផុត ក្នុងការធ្វើឌីជីថលនីយកម្មក្នុងការអប់រំ ព្រមទាំងពង្រឹងយន្តការផ្លូវការ និងក្រៅផ្លូវការស្តីពីសុវត្ថិភាពកុមារតាមអ៊ីនធឺណិតនៅក្នុងសាលារៀនគោលដៅ និងសហគមន៍។
តាមរយៈបទបង្ហាញស្តីពីការសិក្សាស្រាវជ្រាវ ដោយតំណាងអង្គការខេប ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានគាំទ្រឱ្យមានការរៀបចំ និងអនុវត្តគម្រោងអក្ខរកម្មឌីជីថល ដែលមានរយៈពេល៣ឆ្នាំ ចាប់ពីខែមីនា ឆ្នាំ២០២៣ ដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមសាលាបឋមសិក្សា និងមធ្យមសិក្សាគោលដៅ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់នូវធាតុចូលមួយចំនួន ដើម្បីជាមូលដ្ឋានក្នុងការរៀបចំគម្រោង និងបានផ្តល់អនុសាសន៍ឱ្យអង្គការឆាលហ្វាន់ ពិភាក្សាជាមួយក្រុមការងារដែលជាអង្គភាពជំនាញរបស់ក្រសួងអប់រំ ដោយធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ព្រមទាំងធានាបាននូវនិរន្តរភាព៕ ដោយ-រ៉ាវុធ