Cambodia2050 Ep51: របៀងវប្បធម៌ និងការអភិវឌ្ឍន៍ទេសចរណ៍ នៅកម្ពុជា
របៀងមានន័យថា ការតភ្ជាប់ព្រឹត្តិការណ៍ ឬក៏ការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ។ ដូចនេះ របៀងវប្បធម៌សំដៅទៅលើការតភ្ជាប់តំបន់ទេសចរណ៍ពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់មួយ។ ដើម្បីតភ្ជាប់របៀងវប្បធម៌និងវិស័យទេសចេណ៌ យើងត្រូវពង្រីកសក្ដានុពលតំបន់ទេសចរណ៍ទាំងអស់ដោយមានគោលដៅច្បាស់លាស់។ នៅប្រទេសកម្ពុជា តំបន់ទេសចរណ៍មិនមែនមានតែនៅក្នុងខេត្តសៀមរាបយើងប៉ុណ្ណោះទេ យើងមាននៅក្នុងគ្រប់ខេត្ត ហើយខេត្តនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន។
ប្រសិនបើយើងអាចបង្កើតរបៀងវប្បធម៌ក្នុងវិស័យទេសចរណ៍ ភ្ញៀវទេសចរនឹងអាចស្នាក់នៅក្នុងប្រទេសកម្ពុជាកាន់យូរហើយចំណាយកាន់តែច្រើនផងដែរ។ ការចំណាយទាំងនេះនឹងផ្តល់ជាចំណូលជាច្រើនជូនជាតិនិងប្រជាជនក្នុងតំបន់តាមរយៈការទិញផលិតផលក្នុងស្រុកជាច្រើនប្រភេទ។ ក្រោមការដឹកនាំរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ីផ្ទាល់ និងប្រធានមជ្ឈមណ្ឌលសម្រាប់ការសិក្សាទៅលើវប្បធម៌និងសន្តិភាព យើងបានបោះពុម្ពផ្សាយហើយផ្សព្វផ្សាយរបកគំហើញជាច្រើនទៅលើគេហទំព័ររបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី ប៉ុន្តែគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាធ្វើការសិក្សាស្រាវជ្រាវទៅលើការបង្កើតរបៀងវប្បធម៌នេះ ដើម្បីឱ្យវាទទួលបានជោគជ័យ។
សំណួរទី ១៖ ជាបឋម សូមលោកជួយបកស្រាយថា តើអ្វីទៅជារបៀងវប្បធម៌?
មុននឹងចូលដល់ការបកស្រាយថា អ្វីទៅជារបៀងវប្បធម៌? យើងត្រូវស្វែងយល់ពីលំនាំ
ឬកំណកំណើតរបស់វាសិន។ ប្រសិនយើងក្រឡែកទៅមើលប៉ែកអឺរ៉ុបឬប្រទេសមហាអំណាចមួយចំនួន គេបានប្រើប្រាស់ទ្រឹស្ដីរបៀងវប្បធម៌ជាយូរលង់មកហើយ។ ចំពោះស្រុកខ្មែរយើងវិញ ក្រោមការដឹកនាំប្រធានមជ្ឈមណ្ឌលសម្រាប់ការសិក្សាទៅលើវប្បធម៌និងសន្តិភាពនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី លោកបានធ្វើការស្រាវជ្រាវហើយបានឱ្យនិយមន័យមួយយ៉ាងងាយស្រួល។ ក្នុងនិយមន័យរបស់យើង យើងមានពាក្យពីរសំខាន់ៗ, “របៀង” និង “វប្បធម៌” ។ របៀងមានន័យថា ការតភ្ជាប់ព្រឹត្តិការណ៍ ឬក៏ការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ។ នេះសំដៅទៅលើការតភ្ជាប់តំបន់ទេសចរណ៍ពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់មួយ។ របៀងវប្បធម៌ត្រូវធ្វើយ៉ាងណាឱ្យតំបន់ដំណើរកម្សាន្តមានទីស្នាក់នៅ កន្លែងហូបចុក ត្រឹមត្រូវ។
សំណួរទី ២៖ តើ របៀងវប្បធម៌ លើការអភិវឌ្ឍន៍វិស័យវប្បធម៌ និងទេសចរណ៍ មានសារៈសំខាន់អ្វីខ្លះ? តើរវាងវិស័យទាំងពីរនះមានទំនាក់ទំនងអ្វីខ្លះ?
ដូចបានបញ្ជាក់ខាងលើមក របៀងវប្បធម៌គឺជាការតភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយ។ ការតភ្ជាប់នៃអត្ថន័យរបៀងវប្បធម៌និងវិស័យទេសចរណ៍គឺសំដៅទៅលើការតភ្ជាប់ពីតំបន់ទេសចរណ៍ទៅតំបន់ទេសចរណ៍មួយទៀត។ ប្រជាជនខ្មែរភាគច្រើន បូករួមទាំងភ្ញៀវជាតិនិងអន្តរជាតិស្គាល់តែតំបន់សៀមរាបអង្គរប៉ុណ្ណោះ។ នេះហើយបានជា នៅពេលពួកគាត់ធ្វើដំណើរកម្សាន្ត ពួកគាត់អញ្ជើញទស្សនាតែ
នៅតំបន់អង្គរ។ ដើម្បីតភ្ជាប់របៀងវប្បធម៌និងវិស័យទេសចេណ៌ យើងត្រូវពង្រីកសក្ដានុពលតំបន់ទេសចរណ៍ទាំងអស់ដោយមានគោលដៅច្បាស់លាស់។
នៅក្នុងប្រទេសកម្ពុជា តំបន់ទេសចរណ៍មិនមែនមានតែនៅក្នុងខេត្តសៀមរាបយើងប៉ុណ្ណោះទេ យើងមាននៅក្នុងគ្រប់ខេត្ត ហើយខេត្តនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន។ ជាឧទាហរណ៍៖ នៅក្នុងខេត្តតាកែវ មានស្រុកអង្គរបុរីដែលជាអតីតរាជធានីមួយដ៏ធំរបស់ខ្មែរតាំងពីមុនសម័យអង្គរ ក្រៅពីនេះកំពង់ផែអូកែវក៏ជាអតីតកំពង់ផែដ៏ធំមួយរបស់ខ្មែរតាំងពីសម័យមុនអង្គរមក។ ហើយនៅខេត្តកំពង់ធំមានប្រាសាទសំបូរព្រៃគុកក៏ជាតំបន់ទេសចេណ៍មួយដែលមានសក្ដានុពលផងដែរ។ ដូចនេះ យើងមានតំបន់ជាច្រើនផ្ទុកទៅដោយសក្ដានុពលទេសចរណ៍។
ប្រសិនបើយើងអាចបង្កើតរបៀងវប្បធម៌ក្នុងវិស័យទេសចរណ៍ ភ្ញៀវទេសចរនឹងអាចស្នាក់នៅក្នុងប្រទេសកម្ពុជាកាន់យូរហើយចំណាយកាន់តែច្រើនផងដែរ។ ការចំណាយទាំងនេះនឹងផ្តល់ជាចំណូលជាច្រើនជូនជាតិនិងប្រជាជនក្នុងតំបន់តាមរយៈការទិញផលិតផលក្នុងស្រុកជាច្រើនប្រភេទ។ សព្វថ្ងៃនេះ មជ្ឈមណ្ឌលសម្រាប់ការសិក្សាទៅលើវប្បធម៌និងសន្តិភាពកំពុងធ្វើគម្រោងដ៏ធំមួយនៅក្នុងខេត្តតាកែវដើម្បីធ្វើការសិក្សាស្រាវជ្រាវពីសេវាកម្មទេសចរណ៍។ ការតភ្ជាប់របៀងវប្បធម៌និងវិស័យទេសចរណ៍ត្រូវបានទទួលការជ្រុមជ្រែងជាខ្លាំងពីសំណាក់មណ្ឌលដោយយើងខិតខំធ្វើយ៉ាងណាដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយ បង្កើតគោលនយោបាយយ៉ាងណាដើម្បីឱ្យភ្ញៀវទេសចរទាំងនោះស្នាក់នៅឱ្យបានកាន់តែយូរ។ នេះហើយជាសារៈសំខាន់ក្នុងការអភិវឌ្ឍន៍ទេសចេណ៍តាមរយៈទ្រឹស្តីរបៀងវប្បធម៌។
សំណួរទី ៣៖ តើមជ្ឈមណ្ឌលសម្រាប់ការសិក្សាទៅលើវប្បធម៌និងសន្តិភាពកំពុងធ្វើការស្រាវជ្រាវទៅលើអ្វីខ្លះ ដើម្បីលើស្ទួយរបៀងវប្បធម៌ នៅប្រទេសកម្ពុជា?
ក្រោមការដឹកនាំរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ីផ្ទាល់ និងប្រធានមជ្ឈមណ្ឌលសម្រាប់ការសិក្សាទៅលើវប្បធម៌និងសន្តិភាព យើងបានធ្វើការសិក្សាជាច្រើនទៅលើបញ្ហាមួយនេះ។ សព្វថ្ងៃនេះ យើងបាន បោះពុម្ព ៤ AVI perspective ទៅការសិក្សានៃរបៀងវប្បធម៌ ដោយនៅក្នុងនោះមានការសិក្សាទៅលើសហគមន៍អេកូទេសចរណ៍ពារាំង ក្នុងខេត្តសៀមរាបជាដើម។ លើសពីនេះទៅទៀត រាល់ការរកឃើញតាមរយៈការសិក្សាស្រាវជ្រាវទាំងអស់ត្រូវបានបោះពុម្ពផ្សាយជាផ្លូវការសម្រាប់ការអភិវឌ្ឍន៍ ការស្វែងយល់ពីសក្តានុពលនៃតំបន់ផ្សេងៗនាថ្ងៃអនាគត និងជាការណែនាំពីការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ។
ក្រៅពីនេះ មជ្ឈមណ្ឌលយើងក៏បានសិក្សាស្រាវជ្រាវទៅលើគម្រោង “តេជោភូមិមួយរយ” ផងដែរ។ កាលពីឆ្នាំ ២០១៩ កន្លងទៅ ខ្ញុំបានចុះទៅពិនិត្យមើលខេត្តចំនួន ៣ (ខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តព្រៃវែង) ដើម្បីធ្វើការជាមួយនឹងអាជ្ញាធរថ្នាក់ក្រោមជាតិនិងថ្នាក់ជាតិក្នុងការជ្រើសរើសភូមិគំរូមួយដើម្បីការអភិវឌ្ឍន៍ក្នុងតំបន់។ នេះជាគោលធំៗដែលវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានកំពុងព្យាយាមសម្រេច។ ក្រៅពីនេះយើងក៏មានគម្រោងជាច្រើនផ្សេងទៀតផងដែរ មានដូចជា ឧទ្យានរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នៅខាងខេត្តព្រះវិហារនិងទំនើបកម្មក្នុងតំបន់ឧដុង្គជាដើម។ ជារួម យើងខិតខំធ្វើយ៉ាងដើម្បីឱ្យប្រជាជននៅក្នុងតំបន់ទាំងនោះទទួលបានប្រយោជន៍ចេញពីអ្វីដែលយើងបានសិក្សាស្រាវជ្រាវ៕
សំណួរទី ៤៖ ចូររៀបរាប់ពីគំហើញសំខាន់ៗតាមរយៈការស្រាវជ្រាវ និងបោះពុម្ភផ្សាយដោយមជ្ឈមណ្ឌល CCPS លើការអភិវឌ្ឍន៍វិស័យវប្បធម៌ និងទេសចរណ៍?
ដោយសារតែយើងជាផ្នែកមួយនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី រាល់ការស្រាវជ្រាវ និងរបកគំហើញផ្សេងៗត្រូវបានបោះពុម្ពផ្សាយហើយផ្សព្វផ្សាយទៅលើគេហទំព័ររបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី។ យើងបានបោះពុម្ពចំណងជើងធំៗជាច្រើន ដូចជា៖
- Cultural Corridors and Heritage Tourism Development in Cambodia
- Cultural Corridors and Tourism Development in Banteay Longvek
- Preah Vihear Province: Ancient Corridor and Regional
- Establishing Community-Based Eco-Tourism through People-Centred Development: A Case of Pearaing Biodiversity Conservation Centre in Siem Reap Province, Cambodia
- Establishing Community-Based Eco-Tourism through People-Centred Development: A Case of Pearaing Biodiversity Conservation Centre in Siem Reap Province, Cambodia
- Shaping Cultural Corridor in Cambodia’s Context: A Case Study of TECHO 100-Model-Village Development in Takeo Province
សំណួរទី ៥៖ តើស្ថាប័នណាខ្លះ ដែលមានតួនាទីសំខាន់ពាក់ព័ន្ធនឹងរបៀងវប្បធម៌ ក្នុងការជួយលើកកម្ពស់ការអភិវឌ្ឍន៍វិស័យវប្បធម៌ និងទេសចរណ៍?
ជាធម្មតា ការអភិវឌ្ឍន៍មិនអាចធ្វើឡើងតែឯកឯងបាននោះទេ។ ដូចនេះ យើងមានតួអង្គសំខាន់ៗជាច្រើន បូករួមទាំងថ្នាក់ជាតិ អន្តរជាតិ និងតំបន់ដើម្បីឱ្យមានការអភិវឌ្ឍន៍នៃរបៀងវប្បធម៌។ ចំពោះថ្នាក់អន្ដរជាតិ យើងត្រូវមើលទៅលើដៃគូប្រវតិ្តដូចជា យូណេស្កូ World Bank និង ADB ជាដើម។ តួអង្គទាំងនេះសុទ្ធតែមានបច្ចេកទេសនិងថវិកាដែលយើងត្រូវការដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ។ ចំពោះថ្នាក់ជាតិវិញ យើងមានក្រសួងទេសចរណ៍ជាមួយនឹងក្រសួងវប្បធម៌ដែលជាផ្នែកដ៏សំខាន់ក្នុងការជំរុញឱ្យមានការអភិវឌ្ឍន៍នៃរបៀងវប្បធម៌។ ក្រៅពីនេះ យើងមានការចូលរួមពីរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ថ្នាក់តំបន់ក៏ដូចជានៅតាមសហគមន៍នៅក្នុងខេត្តព្រះវិហារ ខេត្តតាកែវ ខេត្តកំពង់ធំ និងតំបន់បន្ទាយលង្វែកជាដើម។
តំបន់ទាំងនេះជាតំបន់ដែលមានសក្ដានុពលជាខ្លាំង ដូចនេះ ប្រជាជនក្នុងតំបន់បានក្លាយជាផលិតផលទេសចេណ៍ដ៏សំខាន់មួយដែរ។ ពួកគាត់មានតួនាទីក្នុងការថែរក្សាតំបន់ ធ្វើយ៉ាងណាកុំឱ្យមានការប៉ះពាល់ បំផ្លិចបំផ្លាញដើម្បីជាប្រយោជន៍ក្នុងការទាក់ទាញភ្ញៀវទេសចរ។ ក្រៅពីនេះ វិស័យឯកជនក៏ដើរតួយ៉ាងសំខាន់មួយដែរ ដោយពួកគាត់មានបច្ចេកទេសក្នុងការផ្សព្វផ្សាយឱ្យភ្ញៀវជាតិនិងអន្ដរជាតិបានដឹងថា តើរបៀងវប្បធម៌មានសារៈសំខាន់អ្វីខ្លះនៅក្នុងសហគមន៍មូលដ្ឋាន? វិស័យធំៗទាំងអស់នេះជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើឱ្យរបៀងវប្បធម៌ទទួលបានជោគជ័យ ឆ្ពោះទៅមុខពីមួយឆ្នាំទៅមួយឆ្នាំ។
សំណួរទី ៦៖ តើភាគីពាក់ព័ន្ធគួរតែធ្វើការលើកកម្ពស់ទៅដល់ការស្រាវជ្រាវដូចម្តេចដែរ ដើម្បីជួយជំរុញដល់ការអភិវឌ្ឍន៍លើវិស័យទេសចរណ៍និងរបៀងវប្បធម៌?
ដើម្បីឱ្យរបៀងវប្បធម៌ទទួលបានជោគជ័យ រដ្ឋាភិបាលត្រូវធ្វើការឱ្យជិតស្និទ្ធជាមួយនឹងភាគីអន្ដរជាតិដូចជា យូណេស្កូ World Bank និង ADB រួមទាំងដៃគូអភិវឌ្ឍដទៃទៀត។ យើងត្រូវពង្រឹងនិងពង្រីក ការផ្សព្វផ្សាយឱ្យភាគីគ្រប់រូបយល់អំពីអត្ថប្រយោជន៍នៃរបៀងវប្បធម៌។ មួយវិញទៀត រដ្ឋាភិបាលត្រូវតែបង្កើតគោលនយោបាយយ៉ាងណាដើម្បីអភិវឌ្ឍរបៀងវប្បធម៌ ធ្វើម៉េចដើម្បីឱ្យរបៀងវប្បធម៌មានការរីកចម្រើនដូចប្រទេសសហរដ្ឋអាមេរិកឬប្រទេសប្រេស៊ីលជាដើម។ មួយវិញទៀត អាជ្ញាធរថ្នាក់ក្រោមជាតិក៏មានតួនាទីដ៏សំខាន់ដែរនៅក្នុងការធ្វើយ៉ាងណាដើម្បីឱ្យការអនុវត្តរបៀងវប្បធម៌ទទួលបានជោគជ័យ។
ជាឧទាហរណ៍៖ អាជ្ញាធរអប្សរាមានតួនាទីសំខាន់ក្នុងការថែរក្សាតំបន់ទេសចរណ៍ផ្សេងៗក្នុងប្រទេសកម្ពុជា។ វិទ្យាស្ថានចក្ខុវិស័យអាស៊ី ជាពិសេស មជ្ឈមណ្ឌលសម្រាប់ការសិក្សាទៅលើវប្បធម៌និងសន្តិភាពបូករួមទាំងស្ថាប័នឯកជនមួយចំនួនត្រូវរួមគ្នាធ្វើការសិក្សាស្រាវជ្រាវទៅលើការបង្កើតរបៀងវប្បធម៌នេះ ព្រោះរាល់ការអភិវឌ្ឍន៍ត្រូវទាមទារការស្រាវជ្រាវបូករួមឯកសារសំខាន់ជាក់លាក់ផងដែរ។ ជារួមមក AVI ប្រៀបីដូចជាសេនាធិការមួយនៅក្នុងការផ្តល់ជា ឯកសារនិងទិន្នន័យ ដែលអាចយកមកអនុវត្តឱ្យចំទិសដៅនិងទទួលបានជោគជ័យនាថ្ងៃអនាគត៕
វាគ្មិន៖ លោក ហែម ធែល អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាទៅលើវប្បធម៌និងសន្តិភាព នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី