អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនឧត្តមសេនីយ៍ទោយោធាម្នាក់ ទៅតុលាការ បន្ទាប់ពីចាប់ខ្លួនរឿងប្រើហិង្សាលើប្រពន្ធ ប្អូនថ្លៃស្រី និងក្មួយស្រី
ភ្នំពេញ ៖ ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបញ្ជូនខ្លួនមន្ត្រីយោធាពាក់ផ្កាយ២ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើកការស៊ើបសួរតាមនីតិវិធី ដើម្បីឈានទៅរកការចោទប្រកាន់តាមច្បាប់ ពាក់ព័ន្ធបទល្មើសប្រើហិង្សាលេីក្រុមគ្រួសារ។
សូមជម្រាប់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បានឃាត់ខ្លួនមន្ត្រីយោធាពាក់ផ្កាយ២ ដែលបានប្រព្រិត្តអំពើហិង្សាលើប្រពន្ធ ប្អូនថ្លៃស្រី និងក្មួយស្រី ស្ថិតនៅផ្លូវ៣១៣ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធនីភ្នំពេញ។
ជនរងគ្រោះទាំង៣នាក់ បានរៀបរាប់ឱ្យដឹងថា ពួកគាត់តែងតែត្រូវវាយដំ អស់រយៈពេល៧ ទៅ៨ឆ្នាំហើយ តែគាត់ជនរងគ្រោះចេះតែទ្រាំ មិនប្តឹងអីនោះទេ តែយប់កេីតហេតុមន្ត្រីយោធា ដែលជាប្តីបានរករឿងគាត់ ប្អូនថ្លៃ និងក្មួយតាំងពីយប់រហូតទល់ភ្លឺ ទើបគាត់ទ្រាំមិនបាន និងមានការភ័យខ្លាចគាត់ប្តឹងទៅកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យមកជួយអន្តរាគមន៍។ ភ្លាមៗនោះ កម្លាំងកងរាជអាវុធហត្ថ បានមកដល់នាំខ្លួនបុរសជាប្តីយកទៅសួរនាំ និងក្រោយមកបានឆែកយកកាំភ្លើងវែង ២ដេីម និងបង់ជាច្រើន។
សូមបញ្ជាក់ថា មន្ត្រីយោធាពាក់ផ្កាយ២ ខាងលើរូបនេះ មានឈ្មោះ អឿង ប៉ុលភិវឌ្ឍន៍ ថាន្តរសក្តិ ជាឧត្តមសេនីយ៍ទោ មុខងារបច្ចុប្បន្ន ធ្វើការនៅនាយកដ្ឋានសរុប ក្រសួងការពារជាតិ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរៀបចំសំណុំរឿង បញ្ជូនមកតុលាការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់ ៕ ដោយ៖ ឆៃហួត និងប៊ុនធី