លោកជំទាវ ឱ វណ្ណឌីន ៖ ការចាក់វ៉ាក់សំាងដូសទី៦ និងដូសជំរុញផ្សេងទៀត គឺធ្វើឡើង នៅក្របខ័ណ្ឌ ទូទាំងប្រទេស
ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នាព្រឹកថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ ដំណើរការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ (ដូសទី៦) ក្នុងរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងទីធ្លា ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរពេទ្យបង្អែក ដង្កោ រាជធានីភ្នំពេញ ។
លោកជំទាវ ឱ វណ្ណឌីន បានឱ្យដឹងថា ថ្ងៃនេះជាការចាប់ផ្ដើម នូវការផ្ដល់ដូសជំរុញទី៦ សម្រាប់អ្នក ដែលបានចាក់ដូសទី៥ ក្នុងរយៈពេល៤ ទៅ៦ខែ ហើយក៏មានការផ្ដល់ នូវការចាក់ដូសទី៤ ទី៥ ដល់កុមារា កុមារី ផងដែរ ។ លោកជំទាវបន្ដថា ដំណើរការចាក់វ៉ាក់សាំង ដូសទី៦ និងដូសជំរុញផ្សេងៗទៀតនោះ គឺធ្វើឡើងនៅក្របខ័ណ្ឌ ទូទាំងប្រទេស មិនធ្វើនៅតែ រាជធានីភ្នំពេញនោះទេ ។
សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈសារសំឡេង បានណែនាំឲ្យគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស រៀបចំដំណើរការ ចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដូសទី៦ ជូនអ្នកដែលដល់វេលាកំណត់ ដើម្បីបង្កើនភាពសំាក្នុងសហគមន៍ ៕
ដោយ ៖ ប៊ុនហុក