សមាគមមួយនឹងប្រមូលទិញលក់ផលិតជលផលដើម្បីជួយដោះស្រាយបញ្ហាទីផ្សាររបស់អ្នកចិញ្ចឹមត្រីក្នុងស្រុក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សមាគមមួយនឹងប្រមូលទិញលក់ផលិតជលផល ដើម្បី ជួយដោះស្រាយបញ្ហាទីផ្សាររបស់អ្នកចិញ្ចឹមត្រីក្នុងស្រុក។គម្រោង ប្រមូលទិញលក់ និងចែកចាយផលិតជលផល នឹងអនុវត្តពីខែ មករានេះតទៅ ដោយសមាគមសុវត្ថិភាពត្រី សាច់ បន្លែ កម្ពុជា នឹងសហការជាមួយសមាគមវារីវប្បករកម្ពុជា និងគម្រោង ខាស (CAST) មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន ដើម្បីជួយរកទីផ្សារ និងទិញ ផលិផលជលពីកសិករ និងវារីវប្បករខ្មែរ សម្រាប់ចែកចាយ បន្តក្នុងខេត្តសៀមរាប និងនាំទៅខេត្តដទៃទៀត។

លោក សុខ យ៉ន អនុប្រធានសមាគមសុវត្ថិភាព ត្រី សាច់ បន្លែ កម្ពុជា បានប្រាប់ឱ្យដឹងថា សម្រាប់ដំណាក់កាលនៃអនុវត្ត គម្រោង ដំបូង សមាគមចាប់ធ្វើនៅខេត្តសៀមរាបជាមុនសិន។ ប៉ុន្តែដោយ សារតែវារីវប្បករ នៅតាមបណ្តាខេត្តផ្សេងទៀត ដូចជាកំពង់ធំ បាត់ដំបង និងពោធិ៍សាត់ ចិញ្ចឹមរួចលក់មិនចេញ ទើបសមាគម ចុះទៅប្រមូលទិញ ដើម្បីចែកចាយនៅក្នុងខេត្តសៀមរាប។
លោកបានបញ្ជាក់ថា៖« ខ្ញុំមានផែនការជាមួយខាងមន្ទីរ កសិកម្ម ខេត្តសៀមរាប និងខណ្ឌរដ្ឋបាលជលផលខេត្ត ដើម្បីធ្វើយ៉ាង ណា ត្រូវទប់ស្កាត់ត្រីពីក្រៅ នៅអំឡុងពេលដែលត្រីក្នុងស្រុកមានច្រើន ទៅហើយនោះ។ ការទប់ស្កាត់នេះ មិនត្រឹមតែជួយដល់អ្នក ចិញ្ចឹម ត្រីនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែយើងធានានូវសុវត្ថិភាពជូន ដល់អ្នក បរិភោគបានផងដែរ»។

ចំណែកលោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ថ្វីត្បិត តែរដ្ឋបាល ជលផល មិនទាន់បានដឹងច្បាស់ពីគម្រោង ប្រមូល ទិញលក់ និងចែកចាយផលិតជលផលក៏ពិតមែន តែរដ្ឋបាល ជលផល គាំទ្រ ចំពោះគំនិតផ្តួចផ្តើមនេះ ដែលនឹងជួយពង្រីក ទីផ្សារបន្ថែមសម្រាប់ផលិតផលកម្ពុជា។

លោកបានបញ្ជាក់ថា៖« នេះជាឱកាសមួយ ដែលពួកគាត់អាច ស្រូបយកផលិតផលពីវារីវប្បកម្ម ខណៈដែលអ្នកចិញ្ចឹម កំពុង តែស្វះស្វែងរកទីផ្សារ ។យើងមានការលើកទឹក ចិត្តចំពោះការ អនុវត្តគម្រោងនេះ ដែលអាចនឹងធ្វើឱ្យវារីវប្បករកាន់តែមាន សង្ឃឹមលើទីផ្សារនៅក្នុងស្រុក និងអាចឱ្យព្យាយាមផលិតត្រីសាច់ ដែលមានគុណភាព ដើម្បីសេចក្តីត្រូវការដល់អ្នកបរិភោគ»។

លោក ឡែម ផូវររិទ្ធ មន្រ្តីអភិវឌ្ឍន៍សមាគម និងជាអ្នកនាំពាក្យ សមាគមវារីវប្បករកម្ពុជា បានឱ្យដឹងដែរថា នៅក្នុងការពិភាក្សា នាពេលកាលពីឆ្នាំ២០២២ សមាគមធ្លាប់បានពិភាក្សាជាមួយ នឹង សមាគមសុវត្ថិភាព ត្រី សាច់ បន្លែ កម្ពុជាដែរ ដើម្បីស្វែងរកទីផ្សារ ជូនដល់វារីវប្បករ ដែលជាសមាជិកវារីវប្បករកម្ពុជា ប៉ុន្តែមក ទល់ នឹងពេលមិនទាន់មានការពិភាក្សាថ្មីទៀតនៅឡើយទេចំពោះការអនុវត្តគម្រោងនេះ។

លោកបានបន្តថា ការជួយទិញផលិតផលជលពីសមាជិកសមាគម វារីវប្បករ បានចាប់ផ្តើមឡើងជាបន្តបន្ទាប់ ប៉ុន្តែមិនទាន់មានការចុះ កិច្ចសន្យា ជាផ្លូវការនៅឡើយទេ ។តែយ៉ាងណា សមាគមនឹងមាន ការជួបពិភាក្សាគ្នាលើគម្រោងនេះម្តងទៀត នាពេលឆាប់ៗ។

ចំពោះបញ្ហាទីផ្សារ និងតម្លៃត្រី នាពេលបច្ចុប្បន្ននេះវិញ ត្រូវបាន លោក ផូវររិទ្ធ ប្រាប់ថា បញ្ហាធំដែលអ្នកចិញ្ចឹម បាននិងកំពុ ងជួប ប្រទះ គឺបញ្ហាតម្លៃ ខណៈដែលចំណី និងការដឹកជញ្ជូនផ្សេងៗ សុទ្ធតែឡើងថ្លៃ ។ការណ៍បានធ្វើឱ្យអ្នកចិញ្ចឹមមួយចំនួន បានផ្អាក សកម្មភាពចិញ្ចឹមជាបណ្តោះអាសន្នសិន ដើម្បីរងចាំតម្លៃ បានល្អ ជាងនេះបន្តិច ទើបចាប់ផ្តើមចិញ្ចឹមវិញ។

លោកបាននិយាយថា៖« ការដឹកជញ្ជូនឡើងថ្លៃ ចំណីឡើងថ្លៃ តែតម្លៃត្រីនៅដដែល ដូចនេះ អ្នកចិញ្ចឹមបានត្រឹមតែរួចខ្លួន និងខាតកំលាំងពលកម្មប៉ុណ្ណោះ។យើងមិនទាន់មានឃើញ វារីវប្បករ បោះបង់ចោលអាជីពនេះនៅឡើយទេ តែយើងឃើញថា មានវារីវប្បករភាគច្រើន បានផ្អាកមួយរយៈសិន និងខ្លះទៀត កាត់បន្ថយបរិមាណត្រី»។

បើតាមអ្នកនាំពាក្យសមាគមសមាគមវារីវប្បករកម្ពុជារូបនេះ តម្លៃ ត្រីមានការចុះថ្លៃដោយសារតែ ត្រីស្រែ និងត្រីបឹងនៅមានច្រើន ដែលបានធ្វើអ្នកបរិភោគងាកទៅទិញត្រីស្រែបរិភោគវិញ និង បញ្ហាមួយទៀត លោកបានទទួលព័ត៌មានពីអ្នកទទួលទិញថា មាន ការនាំចូលត្រីពីបរទេស៕ ដោយ៖វណ្ណ សុជាតា

ads banner