អភិបាលខេត្តកំពង់ឆ្នាំង ប្តេជ្ញាបញ្ចប់ការបន្ទោបង់ពាសវាល ពាលកាល នៅទូទាំងខេត្តនៅដើមឆ្នាំនេះ
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវផែន ការ ធ្វើយ៉ាងណាសម្រេចឱ្យបាននូវការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលឱ្យបានទាំងស្រុងនៅត្រឹមខែមីនាឆ្នាំ ២០២៣នេះ ខណៈបច្ចុប្បន្នការងារនេះនៅទូទាំងខេត្តសម្រេចបានប្រមាណ៩៥ភាគរយហើយ។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្ត កំពង់ ឆ្នាំងបានឱ្យដឹងថា ដោយសារតែតាមផែនការរបស់ ក្រសួងអភិវឌ្ឍន៍ជនបទតម្រូវឱ្យខេត្តបញ្ចប់បញ្ហាការបន្ទោបង់ពាស់វាលពាសកាលបានទាំងស្រុងនៅក្នុងឆ្នាំ២០២៣នេះទើបថ្មីៗនេះ រដ្ឋបាលខេត្ត និងភាគីពាក់ព័ន្ធនានា បានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធីសាស្ត្រមួយចំនួនដើម្បីលើកកម្ពស់វិស័យទឹកស្អាត និង អនាម័យក្នុងមូលដ្ឋាន។ ជាពិសេសជំរុញឱ្យប្រជាពលរដ្ឋក្នុងភូមិ ឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាលកាល ដើម្បីឱ្យខេត្ត ស្រុកទទួលបានការប្រកាសទទួលស្គាល់ជាផ្លូវការថាបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។
ឯកឧត្តមបានបន្តថា ខេត្តកំពង់ឆ្នាំងទាំងមូលមានប្រាំបីក្រុង/ស្រុក (ក្រុងមួយនិងស្រុកចំនួនប្រាំពីរ) ហើយបច្ចុប្បន្ននៅសល់ តែពីរ ស្រុក ប៉ុណ្ណោះ នៅមិនទាន់សម្រេចបានកិច្ចការងារអនាម័យ នៅឡើយ គឺស្រុកជលគីរី និងស្រុកកំពង់លែង ដែលទើបតែ សម្រេចបានជាង៧០ភាគរយប៉ុណ្ណោះ បើធៀបនឹងស្រុកដទៃ ដែលសម្រេចបាន១០០ភាគរយហើយនោះ។
ឯកឧត្តមបានបញ្ជាក់ដូច្នេះថា៖«ស្រុកជលគីរី និងស្រុកកំពង់លែង ទីតាំងគាត់គឺស្ថិតមិនអំណោយផល ព្រោះពួកគេនៅផ្ទះទឹក ហើយ តំបន់នោះជាទូទៅប្រាំមួយខែលិចទឹក និងប្រាំមួយខែគោក។អ៊ីចឹង ធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នោះមិនអាចធ្វើបង្គន់ដូចភូមិសាស្រ្តស្រុកដទៃនោះទេ ហើយពីមុននៅតំបន់នោះ ភាគច្រើនគាត់បន្ទោ បង់ ចូលទឹក តែមកបច្ចុប្បន្ននេះយើងកំពុងឱ្យគាត់សាងសង់បង្គន់ នៅលើគោក ហើយបង្រៀនពួកគាត់ឱ្យមកបន្ទោបង់នៅក្នុងបង្គន់ នៅលើគោវិកញ»។
ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ទៀតថា គោល បំណងដែលរដ្ឋបាលខេត្តខិតខំជំរុញបញ្ចប់ការបន្ទោបង់ពាសវាលពាលកាល គឺដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងសុខភាពប្រជាពលរដ្ឋ ឱ្យមានភាពល្អប្រសើរ។ ហេតុនេះ ដើម្បីឈានទៅសម្រេចផែនការ បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល បានទាំងស្រុងនៅត្រឹម ខែមីនាឆ្នាំ ២០២៣នេះ រដ្ឋបាលខេត្ត នឹងអាជ្ញាធរពាក់ព័ន្ធ បាន រួមគា្ន តាមដាន ពិនិត្យ និងធ្វើរបាយការណ៍ពីសកម្មភាពរាល់ថ្ងៃពី បញ្ហាអនាម័យ និងការសាងសង់បង្គន់តាមបណ្តារភូមិ ឃុំ ស្រុក ពិសេសនៅតាមខ្នង់ផ្ទះរបស់ពលរដ្ឋផ្ទាល់។
ពាក់ព័ន្ធផែនការលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យក្នុង ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។
លោកថា៖«នៅក្នុងផ្នែកអនាម័យជនបទនៅក្នុងខេត្តនីមួយៗត្រូវឆ្លងកាត់នូវការវាយតម្លៃដោយផ្អែកលើនីតិវិធី និងលក្ខណៈវិនិច្ឆ័យ ច្បាស់លាស់ ម៉ត់ចត់ពីគណៈកម្មការថ្នាក់ជាតិ ទទួលស្គាល់ ជា ផ្លូវការ ជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជា»។
យោងតាមរបាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយ នៃជំរឿន ទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ របស់ វិទ្យា ស្ថានជាតិស្ថិតិក្រសួងផែនការឆ្នាំ២០២០ បានឱ្យដឹងថា ប្រមាណ ៨២,៨៣ភាគរយ នៃគ្រួសារកម្ពុជាមានបង្គន់អនាម័យប្រើប្រាស់ ក្នុងនោះតំបន់ទីប្រជុំជន ៩០.៤១ភាគរយ និងជនបទ ៧៨.៣១ ភាគរយ។ ចំពោះគ្រួសារកម្ពុជាដែលមិនមានបង្គន់ អនាម័យ ប្រើ មាន ១៧.១៧ភាគរយ ក្នុងនោះទីប្រជុំជនមាន ៩.៥៩ភាគរយ និងជនបទ ២១.៦៩ភាគរយ។បានន័យថា គ្រួសារ កម្ពុជា ឆ្នាំ ២០១៩ មានបង្គន់អនាម័យប្រើប្រាស់៩គ្រួសារ ក្នុងចំណោម១០ គ្រួសារ នៅទីប្រជុំជន និង៨គ្រួសារ នៅជនបទ។ ក្នុងនោះ ប្រមាណ ៤៩,៦ ភាគរយ នៃគ្រួសារមានបង្គន់អនាម័យ នៅ ទីប្រជុំជនប្រើប្រាស់ បង្គន់ចាក់ទឹក ឬចុចបង្ហូរទឹក តភ្ជាប់ទៅ ប្រព័ន្ធលូ ។ចំណែកឯ នៅជនបទ មានត្រឹមតែ ២៤,៨ភាគរយ៕ ដោយ៖ សែម ពិសី