អ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីលធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដោយសម្រុកចូលស្ថាប័នកំពូលៗរបស់ជាតិ

ប្រេស៊ីល៖អ្នកគាំទ្រអតីតប្រធានាធិបតីស្តាំនិយមប្រេស៊ីល លោក ជែរ ប៉ុលសូណារ៉ូ បានសម្រុកចូលវិមានប្រធានាធិបតី សភា និង តុលាការ កំពូលកាលពីថ្ងៃអាទិត្យ បង្កើតបានជាភាពចលាចល នៃការបះបោរ ក្នុងរូបភាពស្រដៀងគ្នានឹងការវាយប្រហារវិមាន កាពីតូល(អាមេរិក) ពីសំណាក់អ្នកគាំទ្ររបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ កាលពីពីរឆ្នាំមុន។

គិតមកត្រឹមយប់ថ្ងៃអាទិត្យ (ម៉ោងនៅប្រេស៊ីល) គេមិនទាន់ឃើញ មានពីរបាយការណ៍អំពីការស្លាប់ ឬរបួសនៅឡើយទេ ខណៈអ្នក គាំទ្រ របស់លោក ប៉ុលសូណារ៉ូ បានធ្វើការបំផ្លិចបំផ្លាញគ្រឿង សង្ហារឹម កញ្ចក់នៅវិមានប្រធានាធិបតី ដើរបង្ហៀរទឹកនៅក្នុងសភា និងរុះរើបន្ទប់ប្រារព្ធពិធីនៅក្នុងតុលាការកំពូល។ នេះបើតាម ការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការបះបោរដែលអូសបន្លាយរយៈពេលជាងបីម៉ោង បានគូស បញ្ជាក់ ពីការបាក់បែកនយោបាយដ៏ខ្លាំង បន្ទាប់ពីអ្នកនយោបាយ ឆ្វេងនិយម លោក Luiz Inacio Lula da Silva បានស្បថចូល កាន់ តំណែងកាលពីប៉ុន្មានថ្ងៃមុន ក្រោយឈ្នះការបោះឆ្នោត នៅខែតុលាឆ្នាំមុន ដែលបង្កជាភាពតានតឹងនយោបាយក្នុង ប្រទេសក្រោមការបដិសេធរបស់អតីតប្រធានាធិបតីនិងអ្នកគាំទ្ររបស់លោក។

លោក Lula បានថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងអំឡុងពេល ធ្វើ ដំណើរជាផ្លូវការទៅកាន់រដ្ឋ Sao Paulo ថា៖ «ការបំផ្លិចបំផ្លាញ ទាំងនេះ ដែលយើងអាចហៅថាពីពួកហ្វាស៊ីសនិយមជ្រុល គឺ ជាអ្វីដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ។ មនុស្ស ទាំងអស់ដែលបានធ្វើសកម្មភាពនេះ នឹងត្រូវវែកមុខ ហើយពួកគេនឹងទទួលទោស»។

បន្ថែមពីលោកនេះ លោក Lula បានប្រកាសពីកិច្ចអន្តរាគមន៍ពី សន្តិសុខសហព័ន្ធនៅរដ្ឋធានីប្រាស៊ីលីយ៉ា រហូតដល់ថ្ងៃទី ៣១ ខែមករា បន្ទាប់ពីកងកម្លាំងសន្តិសុខក្រុងនេះត្រូវសង្រ្គប់ដោយ ពួកអ្នកគាំទ្រលោក ប៉ុលសូណារ៉ូ ដែលធ្វើការសម្រុកចូលកន្លែង សំខាន់ៗរបស់ប្រទេស។ ប្រធានាធិបតីថ្មីថ្មោងរូបនេះ បានធ្វើការ ទម្លាក់កំហុសលើលោក ប៉ុលសូណារ៉ូ ថាជាអ្នកបញ្ឆេះភ្លើង បាន ធ្វើយុទ្ធនាការចោទប្រកាន់គ្មានមូលដ្ឋានអំពីការក្លែងបន្លំការបោះឆ្នោត។

គួរបញ្ជាក់ថា លោក ប៉ុលសូណារ៉ូ ដែលតែងធ្វើការគាំទ្រជា សាធារណៈ ទៅវិញទៅមកជាមួយលោក ត្រាំ មិនទាន់ ទទួល ស្គាល់ការបរាជ័យក្នុងការបោះឆ្នោតឆ្នាំមុននៅឡើយទេ ហើយ លោកបានធ្វើការអះអាងដោយគ្មានមូលដ្ឋានច្បាស់លាស់ថាការបោះឆ្នោតត្រូវបានក្លែងបន្លំ ដែលបង្កើតឱ្យមានចលនាបដិសេធ លទ្ធផលឆ្នោតដ៏ធំពីអ្នកគាំទ្ររបស់លោក។

ជុំវិញភាពចលាចលនៅថ្ងៃអាទិត្យដដែល លោក Lula បាន និយាយដោយសំដៅទៅលើលោក ប៉ុលសូណារ៉ូ ដែលភៀស ខ្លួន ទៅរដ្ឋហ្លរីដា ៤៨ ម៉ោងមុនអាណត្តិរបស់លោកត្រូវបាន បញ្ចប់ ថា៖ «អ្នកប្រល័យពូជសាសន៍ កំពុងលើកទឹកចិត្ត ឱ្យ ធ្វើរឿងនេះ តាមរយៈ បណ្ដាញសង្គមពីទីក្រុងម៉ៃយ៉ាមី (អាមេរិក)។ អ្នករាល់គ្នាដឹងថា មានការថ្លែងសុន្ទរកថាផ្សេងៗរបស់អតីត ប្រធានាធិបតី ដែលលើកទឹកចិត្តឱ្យអ្នកគាំទ្រធ្វើរឿងនេះ»។
ទោះ យ៉ាងណាក៏ដោយ បន្ទាប់ពីស្ងាត់អស់រយៈពេលជាងប្រាំមួយ ម៉ោងជុំវិញភាពចលាចលនៅក្រុងប្រាស៊ីលីយ៉ា លោកប៉ុលសូណារ៉ូ បានបង្ហោះសារបដិសេធការចោទប្រកាន់របស់លោក Lula ប្រឆាំង នឹងរូបលោក។ អតីតប្រធានាធិបតី បានលើកឡើងថា បាតុកម្មដោយសន្តិវិធីគឺជាផ្នែកមួយនៃលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ ការលុកលុយ និងការបំផ្លាញអគារសាធារណៈពីអ្នកគាំទ្រ របស់ លោក គឺ «ហួសព្រំដែន»។

គិតត្រឹមល្ងាចថ្ងៃអាទិត្យ កម្លាំងសន្តិសុខប្រេស៊ីលបានគ្រប់គ្រង ស្ថានការណ៍ ហើយដណ្តើមយកអាគារទាំងបី (វិមានប្រធានាធិបតី សភា និងតុលាការកំពូល) ដែលជានិមិត្តរូបបំផុតរបស់រដ្ឋធានី មកពីក្រុមបាតុករមកវិញ។ អភិបាលក្រុង ប្រាស៊ីលីយ៉ា លោក Ibaneis Rocha ដែលជាសម្ព័ន្ធមិត្តរបស់លោក ប៉ុលសូណារ៉ូ និងកំពុងប្រឈមមុខនឹងសំណួរដ៏តឹងតែងអំពីការគ្រប់គ្រងសន្តិសុខកាលពីថ្ងៃអាទិត្យ បានលើកឡើងនៅលើបណ្ដាញសង្គមធ្វីត ធ័រ ថា មនុស្សជាង ៤០០ នាក់ត្រូវបានចាប់ខ្លួន ហើយអាជ្ញាធរកំពុង ធ្វើការ ដើម្បីកំណត់អត្តសញ្ញាណមនុស្សបន្ថែមទៀត។

ភាព ចលាចលនៅថ្ងៃអាទិត្យ អាចបង្កើនជាហានិភ័យផ្លូវច្បាប់ សម្រាប់លោក ប៉ុលសូណារ៉ូ ខណៈរងការថ្កោលទោសពីមេដឹកនាំ ពិភពលោកផ្សេងៗរួមទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលនិយាយថា វាជាការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យ។ ភាពចលាចលនេះ ក៏បង្ហាញពីការឈឺក្បាលផងដែរសម្រាប់ អាជ្ញាធរ សហរដ្ឋអាមេរិក នៅពេលនិយាយដេញដោលពីការជ្រក កោនរបស់លោក ប៉ុលសូណារ៉ូ នៅរដ្ឋហ្លរីដា ស្របពេលមាន ការអំពាវនាវតាមបណ្ដាញសង្គមឱ្យអាមេរិកធ្វើបត្យាប័នលោកមកប្រេស៊ីលវិញដើម្បីទទួលទោស ខណៈអតីតប្រធានាធិបតីរូប នេះបានរងការស៊ើបអង្កេត និងបទចោទប្រកាន់ព្រហ្មទណ្ឌជាង ច្រើនផ្សេងទៀត។ ក្រុមសមាជិកសភាគណបក្សប្រជាធិបតេយ្យលេចធ្លោអាមេរិក និយាយដែរថា សហរដ្ឋអាមេរិកមិនអាចផ្តល់ឱ្យសិទ្ធិជ្រកកោន ឱ្យ លោក ប៉ុលសូណារ៉ូ បានទៀតនោះទេ៕ ដោយ៖ ហួន ឌីណា

ads banner