អ្នកជំនាញក្នុងវិស័យទេសចរណ៍ថៃត្រៀមស្វាគមន៍ភ្ញៀវទេសចរចិន

ថៃ៖ស្ថាប័នព័ត៌មានthaipbsផ្សាយថា ធុរជនទេសចរណ៍ថៃនៅ ឈៀងម៉ៃ និងភូកេតត្រៀមស្វាគមន៍ការវិលត្រលប់មកវិញនូវ ភ្ញៀវចិនបន្ទាប់ពីអវត្តមានប្រហែលបីឆ្នាំ ដោយសារជំងឺកូវីដ១៩ និងវិធានការរឹតបន្តឹងរបស់រដ្ឋាភិបាលចិន។

លោក Worapote Chatkanchana ប្រធានក្រុមហ៊ុន Chiang Mai Sky Travel Company បានប្រាប់ Thai PBS ថា អំឡុង ពេលជំងឺរាតត្បាតរយៈពេល បីឆ្នាំនេះ ក្រុមហ៊ុនរបស់លោកបាន លក់រថយន្តក្រុងជាង២០គ្រឿងដើម្បីដោះស្រាយបញ្ហាចំណូលចំណាយក្នុងក្រុមហ៊ុន។ លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនបាន ឆ្លងផុតបញ្ហាដ៏លំបាកបំផុតរបស់ខ្លួន ហើយឥឡូវនេះកំពុងងើប ឡើង វិញ ជាមួយនឹងការកើនឡើងនៃការមកដល់ពីភ្ញៀវទេសចរ តៃវ៉ាន់ ហុងកុង ម៉ាឡេស៊ី និងសិង្ហបុរី ទោះបីជាចំនួននៅមាន តិចតួច ក៏ដោយ។

លោកថា៖ «ការត្រឡប់មកវិញនៃភ្ញៀវ ទេសចរ បានធ្វើឱ្យ ក្រុមហ៊ុន ចាប់ផ្តើមជួល បុគ្គលិកដែលត្រូវបានបញ្ឈប់កាលសម័យ កូវីដ១៩ រាតត្បាតឡើងវិញ»។

លោកបញ្ជាក់ថា មានភ្នាក់ងារទេសចរណ៍ចិនប្រមាណ ពី៤០ទៅ ៥០អង្គភាពបានទាក់ទងមកកាន់ក្រុមហ៊ុនលោកបើទោះជាមិនទាន់មានភ្ញៀវចិនកក់ក៏ដោយ។ទោះជាយ៉ាងនេះក្តី លោកគិតថា ទំនងជាមិនមានក្រុមទេសចរមកពីប្រទេសចិនគ្រោងទៅប្រទេសថៃទេដោយសារតម្លៃសំបុត្រយន្តហោះមានតម្លៃថ្លៃហួសហេតុខណៈដែលជើងហោះហើរមានកំណត់ពីប្រទេសចិន។

លោកបញ្ជាក់ថា ភ្នាក់ងារទេសចរណ៍ចិនរង់ចាំគោលនយោបាយ ច្បាស់លាស់សិនពីរដ្ឋាភិបាលចិន ។

លោក Worapote Chatkanchana បាននិយាយថា មុនពេល កូវីដលុកលុយសំបុត្រយន្ដហោះទៅមកថៃចិនមានតម្លៃចន្លោះពី ២ ០០០ ទៅ ៣ ០០០ យន់។ ប៉ុន្តែសព្វថ្ងៃនេះតម្លៃសំបុត្រ យន្តហោះបានឡើងដល់ជិត ១០ ០០០ យន់ ដែលតម្លៃថ្មីនេះថ្លៃ ណាស់សម្រាប់ទេសចរចិនភាគច្រើន។

លោកបន្តថា៖ លោកនៅតែមានទំនុកចិត្តថាឈៀងម៉ៃនៅ តែ ជាមេដែកសម្រាប់ទាញភ្ញៀវទេសចរចិន ។

កាលពី២០១៩ ភ្ញៀវទេសចរចិនចន្លោះពី៤ ០០០ ទៅ ៥ ០០០នាក់បានទៅដល់ឈៀងម៉ៃជារៀងរាល់ថ្ងៃ តាមជើងហោះ ហើរប្រហែល១៩ជើងរវាងទីក្រុងឈៀងម៉ៃ និងទីក្រុងនានា របស់ប្រទេសចិន។តួលេខរបស់ស្ថាប័នទេសចរបង្ហាញថា ភ្ញៀវទេសចរចិនចំនួន១.៧៨លាននាក់បានទៅឈៀងម៉ៃ ក្នុងឆ្នាំ ២០១៩។
អភិបាលខេត្តភូកេត លោក Narong Woonsiew បានធានាថា ខេត្តត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ការមកដល់នៃភ្ញៀវទេសចរចិន ហើយបានបន្ថែមថា បច្ចុប្បន្នមានភ្ញៀវទេសចរប្រហែល ៣០ ០០០ នាក់មកលេងខេត្តភូកេត។

លោកបានមានប្រសាសន៍ថា ៖«ខេត្តតែងតែមានការប្រុង ប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ ហើយបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការ បង្ការដែលរដ្ឋាភិបាលបានអនុម័ត»។

លោកបានបង្ហើបថា សមាគមធុរកិច្ចទេសចរណ៍នៅភូកេត បាន តវ៉ា ចំពោះការផ្លាស់ប្តូរភ្លាមៗដូចជាករណី តម្រូវឱ្យភ្ញៀវទេសចរ ដែលមានអាយុលើសពី១៨ឆ្នាំត្រូវចាក់វ៉ាក់សាំងយ៉ាងហោចណាស់ពីរដងនិងមានការធានារ៉ាប់រងសុខភាពដោយធានាការព្យាបាលទាំងកូវីដ។ល។
លោកថា តាមរបាយការណ៍ពីអ្នករកស៊ីផ្នែកទេសចរណ៍បង្ហាញថា វិធានការរបស់រដ្ឋាភិបាលថៃ បានធ្វើឱ្យភ្នាក់ងារទេសចរណ៍បរទេស លុប ចោលការកក់បន្ទប់សណ្ឋាគារជាង១ ០០០គិតត្រឹម ថ្ងៃទី៩ខែមករា៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner