ក្រុមហ៊ុនមិត្តហ្វូន បន្តកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដេីម្បីលេីកកម្ពស់ឌីជីថលនៅក្នុងវិស័យអប់រំ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបពិភាក្សាជាមួយ លោក Tran Tuan Ngoc អគ្គនាយករង ក្រុមហ៊ុនមិត្តហ្វូន ដើម្បីពិភាក្សាលើការសិក្សាលទ្ធភាពក្នុងការយកប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS) ដែលកំពុងអនុវត្តដោយជោគជ័យនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន ទៅអនុវត្តនៅក្នុងក្របខ័ណ្ឌគម្រោង STEP UP និងឈានទៅដល់ការពង្រីកនៅកម្រិតទូទាំងប្រទេស។

បច្ចុប្បន្នប្រព័ន្ធ SIS បាន កំពុងអនុវត្តនៅតាមគ្រឹះស្ថានសិក្សាសាធារណៈសរុបចំនួនជាង ២៦០គ្រឹះស្ថាន ដែលមានសិស្សប្រើប្រាស់ប្រមាណជាង ១៨៧ពាន់នាក់ គ្រូបង្រៀនប្រើប្រាស់ជាង ១៥ពាន់នាក់ និងអ្នកអាណាព្យាបាលប្រើប្រាស់ជាង ១៦៦ពាន់នាក់ នៅក្នុងឆ្នាំសិក្សា២០២១-២០២២។ ប្រព័ន្ធនេះមានមុខងារផ្សេងៗជាច្រើន ដូចជា មុខងារគ្រប់គ្រងដំណើរការរដ្ឋបាលសាលារៀន ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ការគ្រប់គ្រងការប្រឡង ការគ្រប់គ្រងធនធានមនុស្ស ប្រព័ន្ធហិរញ្ញវត្ថុសម្រាប់សាលារៀន និងផ្ទាំងទិន្នន័យរួមសម្រាប់បង្ហាញទិន្នន័យនៅកម្រិតថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។

កិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ SIS និងលទ្ធផលនៃការស្ទង់មតិបឋមពីអ្នកប្រើប្រាស់ប្រព័ន្ធ ដែលទទួលបានពីការចុះប្រមូលទិន្នន័យជាក់ស្ដែងនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន។ តាមរយៈការស្ទង់មតិនេះបានបង្ហាញថា អ្នកប្រើប្រាស់ភាគច្រើនដែលជា គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន សិស្ស និងអ្នកអាណាព្យាបាល បានពេញចិត្តក្នុងការប្រើប្រាស់ប្រព័ន្ធ ដោយសារប្រព័ន្ធនេះបានជួយសម្រួលការងារជាច្រើនសម្រាប់ពួកគេ។

ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់អង្គភាពពាក់ព័ន្ធក្រសួងដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនមិត្តហ្វូន ក្នុងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ SIS នេះ នាពេលកន្លងមក។

ជាកាឆ្លើយតប លោក អគ្គនាយករង ដែលជាតំណាងក្រុមហ៊ុនមិត្តហ្វូន បានថ្លែងអំណរគុណ និងប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដេីម្បីលេីកកម្ពស់ឌីជីថលនៅក្នុងវិស័យអប់រំ ដោយសន្យាថានឹងនាំមកនូវបច្ចេកវិទ្យថ្មីៗជាច្រើនទៀតមកជូនក្រសួងអប់រំ យុវជន និងកីឡាក៏ដូចជាប្រទេសកម្ពុជាទាំងមូល ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner