ជប៉ុនសម្លាប់សត្វស្លាបជិត ១០លានក្បាល ខណៈដែលជំងឺផ្តាសាយបក្សីផ្ទុះឡើងខ្លាំង

តូក្យូ ៖ ក្រសួងកសិកម្មជប៉ុនបានជំរុញឱ្យកសិដ្ឋានចិញ្ចឹមសត្វ បង្កើនវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយបក្សី ខណៈដែលការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ បាននាំឱ្យមានការសម្លាប់សត្វមាន់ និងសត្វស្លាបដ៏ទៃទៀតជិត ១០លានក្បាល។

នៅក្នុងកិច្ចប្រជុំបន្ទាន់នៃក្រុមការងាររបស់ក្រសួងកសិកម្មជប៉ុន នៅថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន លោក ណូមូរ៉ា តេតស៊ូរ៉ូ បាននិយាយថា អ្នកជំនាញបានព្រមានថា ការប្រមូលផ្តុំមេរោគផ្តាសាយបក្សីនៅក្នុងបរិស្ថាន គឺខ្ពស់ណាស់។ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកណ្តាល និងតំបន់ ត្រូវតែធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីឆ្លើយតបនឹងការផ្ទុះឡើងជំងឺរាតត្បាតនេះ។

ស្របពេលជាមួយគ្នានោះដែរ ក្រុមមន្ត្រីជប៉ុនបានរាយការណ៍ថា សត្វស្លាបប្រហែល ៩.៩៨លានក្បាលត្រូវបានសម្លាប់ ចាប់តាំងពីខែតុលាឆ្នាំមុន។ ទន្ទឹមគ្នា មន្ត្រីបានចេញសេចក្តីណែនាំដល់ប្រតិបត្តិករកសិកម្ម ដើម្បីធានាថា កសិដ្ឋានរបស់ពួកគេមានអនាម័យត្រឹមត្រូវ។ បន្ថែមលើនេះ ប្រតិបត្តិករក៏ត្រូវបានជំរុញឱ្យធ្វើការជួសជុលសម្ភារៈបរិក្ខារ ប្រសិនបើចាំបាច់ ដើម្បីរក្សាសត្វស្លាបព្រៃដែលអាចផ្ទុកមេរោគនៅឆ្ងាយពីបក្សីក្នុងស្រុក។

សូមរម្លឹកថា កំណត់ត្រានៃការសម្លាប់សត្វស្លាប់ពីមុន មានចំនួន ៩.៨៧លានក្បាល នៅចន្លោះរដូវស្លឹកឈើជ្រុះឆ្នាំ ២០២០ និងនិទាឃរដូវឆ្នាំ ២០២១៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner