មេដឹកនាំពិភពលោកថ្កោលទោសបាតុករ គាំទ្រអតីតប្រធានាធិបតីប្រេស៊ីល

ប្រាស៊ីលីយ៉ា ៖ បន្ទាប់ពីអ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីល លោក ច៊ែរ បុលសូណារ៉ូ សម្រុកចូលវិមានប្រធានាធិបតី អគារសភា និងតុលាការកំពូលក្នុងរដ្ឋធានីប្រាស៊ីលីយ៉ា កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ មេដឹកនាំបណ្តាប្រទេសជាច្រើន និងអង្គការអន្តរជាតិ បានថ្កោលទោសសកម្មភាពរបស់ពួកគេ និងបានសម្តែងការគាំទ្រចំពោះប្រធានាធិបតីប្រេស៊ីលបច្ចុប្បន្ន លោក ល្វីស អ៊ីណាត្យូ លូឡា ដាស៊ីលវ៉ា។

ក្រុមអ្នកវាយប្រហារបានតវ៉ាប្រឆាំងនឹងការបាត់បង់អំណាចរបស់លោក បុលសូណារ៉ូ បន្ទាប់ពីត្រូវបានផ្តួលដោយគូប្រជែងរបស់ខ្លួន គឺលោក លូឡា ដាស៊ីលវ៉ា ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែតុលាកន្លងទៅ។ លោក លូឡា ដាស៊ីលវ៉ា ដែលបានស្បថចូលកាន់តំណែងនៅថ្ងៃទី០១ ខែមករានេះ បានថ្កោលទោសការឈ្លានពាននេះ ដោយនិយាយថា អ្នកវាយប្រហារនឹងត្រូវបានផ្តន្ទាទោសតាមផ្លូវច្បាប់។

អភិបាលសង្កត់សហព័ន្ធនៃរដ្ឋធានីប្រាស៊ីលីយ៉ា លោក Ibaneis Rocha បានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា មនុស្សជាង ៤០០នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការវាយប្រហារខាងលើ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក លូឡា ដាស៊ីលវ៉ា មិននៅក្នុងវិមានប្រធានាធិបតីទេនៅពេលមានកុបកម្ម ហើយឥឡូវនេះកងកម្លាំងសន្តិសុខបានគ្រប់គ្រងអគារទាំងបីនេះវិញហើយ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner