កងកម្លាំងមួកខៀវកម្ពុជា១៥នាក់បញ្ជូនបំពេញបេសកកម្មមីនៀកា MINURCA ក្នុងអាហ្វ្រិកកណ្តាល (Video Inside)
កម្ពុជាបានបន្តបញ្ជូនកងកម្លាំងកម្ទេចគ្រឿងផ្ទុះនាំមុខ១៥នាក់ទៀត ដើម្បីបំពេញបេសកកម្ម មនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសអាហ្វ្រិកកណ្តាល។ បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល មានឈ្មោះកាត់ ហៅថាមីនៀកា MINURCA ។
ពិធីជូនដំណើរកងកម្លាំងមួកខៀវកម្ពុជា នៅថ្ងៃទី១០មករា នេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ ដែលជាអគ្គនាយករងមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព។ កងកម្លាំងកម្ទេចគ្រឿងផ្ទុះនាំមុខ១៥នាក់នេះគឺជា កងកម្លាំង កម្ទេចគ្រឿងផ្ទុះលេខ៩៨។
ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានក្រើនរំឮកដល់កងកម្លាំងមួកខៀវកម្ពុជា ដែលចេញទៅ បំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់ចំពោះប្រសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំនៃប្រទេស កម្ពុជា។
កម្ពុជាគិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ បានបញ្ជូនកងកម្លាំងរក្សា សន្តិភាពជាង៧ពាន់នាក់ក្នុងការបំពេញបេសកកម្មមនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ គឺប្រទេស ស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិក កណ្តាល សាយប្រឺស និងយ៉េមែន។