សីតុណ្ហភាពបន្ដកើនកម្តៅតិចតួច ជាមួយការធ្លាក់ភ្លៀងខ្លះក្នុងមួយសប្តាហ៍ទៅមុខ (Video Inside)
សីតុណ្ហភាពកម្ដៅបានឡើងពី១ទៅ២អង្សាសេ ក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ ជាមួយនឹង ការព្យាករណ៍ការធ្លាក់ភ្លៀងខ្លះក្នុងកម្រិតខ្សោយ ដោយសារតែកម្ពុជា នឹងទទួលរងនូវឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសាន្តក្នុងកម្រិត ពីខ្សោយទៅមធ្យម ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម…រវាងពីថ្ងៃទី១១ រហូតដល់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅតាមតំបន់ទំនាបកណ្ដាល សីតុណ្ហភាពត្រជាក់អប្បបរមា នឹងមានរវាងពី២២ទៅ២៤អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមាមានរវាងពី ៣០ទៅ៣២ អង្សាសេ ដែលសីតុណ្ហភាពទាំងពីរនេះ បើប្រៀបធៀបទៅនឹងសប្ដាហ៍មុន គឺមានការកើនឡើងកម្ដៅរវាងពី១ទៅ២ អង្សាសេ។ យោងតាមការព្យាករណ៍ តំបន់ទំនាបកណ្ដាល អាចនឹង មានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយដោយអន្លើ ។
នៅតំបន់ខ្ពង់រាប, សីតុណ្ហភាពត្រជាក់អប្បបរមានឹងមាន រវាងពី១៩ទៅ២២អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា នឹងមានរវាងពី ២៩ទៅ៣១ អង្សាសេ។ បើប្រៀបធៀបនឹងសប្ដាហ៍មុន សីតុណ្ហភាពទាំងពីរនេះ គឺមានការកើនកម្ដៅ ១ អង្សាសេ។ ការព្យាករណ៍នៅតំបន់ខ្ពង់រាបនេះ នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយដោយអន្លើ ខណ:ធាតុអាកាស អាចចុះត្រជាក់ ក្នុងកម្រិតខ្សោយ នាពេលព្រឹក ។
ចំណែកតំបន់មាត់សមុទ្រនោះវិញ នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមា រវាងពី២២ទៅ២៤ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣០ទៅ៣២អង្សាសេ ដែលសីតុណ្ហភាព ទាំងពីរនេះ គឺមានការកើនឡើងចំនួន២អង្សាសេ បើធៀបនឹងសប្ដាហ៍មុន។ យោងតាមការព្យាករណ៍ តំបន់មាត់សមុទ្រនេះ នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ ទៅដោយអន្លើ ផងដែរ ។