ឱនភាពពាណិជ្ជកម្ម របស់ប្រទេសហ្វីលីពីន មានចំនួន ៣.៧ពាន់លានដុល្លារ នៅខែវិច្ឆិកា ឆ្នាំ ២០២២
ម៉ានីល ៖ ប្រទេសហ្វីលីពីនបានកត់ត្រាឱនភាពពាណិជ្ជកម្មមានទឹកប្រាក់ចំនួន ៣.៧ពាន់លានដុល្លារសម្រាប់ខែវិច្ឆិកា ឆ្នាំ ២០២២ បើទោះបីជាតម្លៃនៃការនាំចូលធ្លាក់ចុះ ហើយការនាំចេញកើនឡើងក៏ដោយ។ នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីន នៅថ្ងៃអង្គារទី១០ ខែមករា ឆ្នាំ ២០២៣។
ការនាំចូលបានធ្លាក់ចុះ ១.៩ភាគរយកាលពីឆ្នាំមុន មកត្រឹម ១០.៨ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះប្រចាំខែលើកដំបូងចាប់តាំងពីខែមករា ឆ្នាំ ២០២១ និងតម្លៃប្រចាំខែទាបបំផុតដែលបានកត់ត្រាចាប់តាំងពីខែកុម្ភៈឆ្នាំមុន។ ទន្ទឹមគ្នា អាជ្ញាធរស្ថិតិហ្វីលីពីនបាននិយាយថា ការនាំចេញបានកើនឡើង ១៣.២ភាគរយ ដល់ទឹកប្រាក់ ៧.១ពាន់លានដុល្លារ។
រដ្ឋាភិបាលហ្វីលីពីននឹងបញ្ចេញតួលេខពាណិជ្ជកម្មខែធ្នូឆ្នាំមុន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣។ អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) ក៏បានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះដែរថា ពាណិជ្ជកម្មខាងក្រៅសរុបរបស់ប្រទេសហ្វីលីពីននៅក្នុងមុខទំនិញ បានកើនឡើង ៣.៦ភាគរយនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ដល់ទឹកប្រាក់ ១៧.៨៨ពាន់លានដុល្លារ។ ក្នុងចំណោមពាណិជ្ជកម្មខាងក្រៅសរុបនៅក្នុងខែវិច្ឆិកាឆ្នាំមុន ទីភ្នាក់ងារនេះបានបញ្ជាក់ថា ៦០.៣ភាគរយជាទំនិញនាំចូល ខណៈដែលនៅសល់ជាទំនិញនាំចេញ។
សូមជម្រាបថា ចិននៅតែជាប្រទេសផ្គត់ផ្គង់ទំនិញនាំចូលខ្ពស់បំផុតរបស់ប្រទេសហ្វីលីពីន ហើយបានរួមចំណែកដល់តម្លៃនាំចេញខ្ពស់បំផុតទីបួននៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២៕ ប្រភព៖ CNA និង ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា