ឯកឧត្តម ប៉ាន សូរស័ក្តិ ក្លាយជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥
ខេត្តកំពង់ចាម៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ត្រូវបានកាកបាទក្រហមកម្ពុជា ផ្តល់នូវជំនឿទុកចិត្ត តែងតាំងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ ជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាព ។
ពិធីប្រកាសទទួលស្គាល់ប្រធាន-អនុប្រធានកិត្តិយសសាខា ខេត្តកំពង់ចាម អាណត្តិទី៥ ធ្វើឡើង កាលពីទី១០ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសីទសាលាខេត្តកំពង់ចាមក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានកិត្តិយស បានសម្ដែងនូវក្ដីរំភើបរីករាយ និងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់នូវជំនឿទុកចិត្ត និងបានតែងតាំងរូប ឯកឧត្តម ឱ្យទទួលមុខតំណែងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នេះ។
ជាការឆ្លើយតបទៅនឹងសេចក្តីទុកចិត្តដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តមប្រធានកិត្តិយស បានសន្យាជាឱឡារិកថា នឹងខិតខំរៀនសូត្រយកតម្រាប់តាមគំរូស្នាដៃដ៏ប្រពៃរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង តាមរយៈនៃការខិតខំកៀរគររកមូលនិធិ ថវិកាពីសប្បុរសជន គ្រប់មជ្ឈដ្ឋាន ដើម្បីជួយបន្តនិរន្តរភាពទ្រទ្រង់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម តាមគ្រប់លទ្ធភាព ធានាឱ្យសាខាម្ចាស់ការបំពេញបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តម និងការលើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ព្រមទាំងការចូលរួមពង្រឹង សមត្ថភាព របស់កាកបាទក្រហមកម្ពុជា ដូចពាក្យស្លោក “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់ គ្រប់ៗគ្នា”។
បន្ថែមពីនេះ ឯកឧត្តមប្រធានកិត្តិយស ក៏បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងគោរពកោតស្ញប់ស្ញែង ចំពោះវីរភាពស្នាដៃដ៏ធំធេងរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង អតីតប្រធានកិត្តិយសសាខា ដែលរយៈកាលកន្លងមក សម្តេច បានខិតខំស្តារនូវកិត្តិយសសាខា រួមទាំងប្រឹងប្រែងកៀរគររកមូលនិធិបានយ៉ាងច្រើនពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅគ្រប់អាណត្តិ មានលទ្ធភាពម្ចាស់ការក្នុងការដោះស្រាយជួយជនរងគ្រោះ និងងាយរងគ្រោះដោយមហន្តរាយ និងប្រការផ្សេងៗ បានទាន់ពេលវេលា និងយ៉ាងមានប្រសិទ្ធភាព៕ ដោយ ង៉ាន់ ទិត្យ