វៀតណាម ឡាវ ឯកភាពគ្នាបង្កើនភាពជាដៃគូសេដ្ឋកិច្ច

ហាណូយ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវថ្មី លោក Sonexay Siphandone បានយល់ព្រមបង្កើនភាពជាដៃគូសេដ្ឋកិច្ច និងគាំទ្រគ្នាទៅវិញទៅមកក្នុងការស្តារឡើងវិញក្រោយការរាតត្បាតរាតត្បាត កាលពីថ្ងៃពុធ។

ក្នុងជំនួបសន្ទនានៅទីស្តីការនាយករដ្ឋមន្ត្រីឡាវ នៅទីក្រុងវៀងចន្ទន៍ លោក Chinh និង លោក Siphandone បានអះអាងថា ប្រទេសទាំងពីរតែងតែយកចិត្តទុកដាក់ជាអាទិភាពខ្ពស់បំផុតក្នុងការបង្រួបបង្រួម និងបណ្តុះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរ។

បន្ថែមពីលើការពង្រឹងទំនុកចិត្តផ្នែកនយោបាយ ប្រទេសទាំងពីរបានឯកភាពលើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គាំទ្រគ្នាទៅវិញទៅមកក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាត និងកសាងសេដ្ឋកិច្ចទីផ្សារដែលផ្តោតលើសង្គមនិយម ឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ជាមួយនឹងសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។

ប្រទេសទាំងពីរនឹងពង្រឹងការតភ្ជាប់សេដ្ឋកិច្ចចាប់ពីហេដ្ឋារចនាសម្ព័ន្ធក្នុងការដឹកជញ្ជូន ទូរគមនាគមន៍ និងថាមពល រហូតដល់ហេដ្ឋារចនាសម្ព័ន្ធទន់ដូចជាស្ថាប័ន គោលនយោបាយ ពាណិជ្ជកម្មអេឡិចត្រូនិក សេដ្ឋកិច្ចឌីជីថល ធនាគារ និងហិរញ្ញវត្ថុ។

យោងតាមស្ថិតិបានឱ្យដឹងថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងស្តីពីការបន្តរក្សាកំណើនពាណិជ្ជកម្មពី ១០ ទៅ១៥ % ក្នុងមួយឆ្នាំ៕ ប្រភពពី VNexpress, ប្រែលសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner