ប្រតិភូយុវជនគណបក្សប្រជាជន អញ្ជើញសួរសុខទុក្ខ ឯកឧត្តម នូ ភឿង ដល់គេហដ្ឋាននៅ ខេត្តក្រចេះ

ខេត្តក្រចេះ ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំប្រតិភូផ្នែកឃោសនាអប់រំសួរសុខទុក្ខ ឯកឧត្តម នូ ភឿង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ។

ឯកឧត្តម នូ ភឿង បានរៀបរាប់ពីប្រវត្តិការងារថា៖ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ បាន
ចូលបម្រេីការងារជាអនុប្រធាន ជាប្រធានមន្ទីរផែនការ ជាអនុប្រធាន ជាប្រធានគណ:កម្មាធិការប្រជាជនខេត្តក្រចេះ ជាអភិបាលនៃគណ:អភិបាលខេត្តក្រចេះអាណត្តិទី១ ជា
អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំអាណត្តិទី២ ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល ។

ឯកឧត្តមក៏បានរំលឹកថា យុវជនគណបក្សទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ច សំខាន់បី គឺបន្តថែរក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន កសាងសមិទ្ធផលវិជ្ជមានថ្មីៗ
បន្ថែមទៀតក្នុងពេលបច្ចុប្បន្ន និងរៀបចំមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់អ្នកជំនាន់ក្រោយ ។

ដូចប្រសាសន៍សម្តេចតេជោប្រធានគណបក្សថា កាលៈទេសៈណាក៏ដោយ គណបក្សប្រជាជនកម្ពុជាត្រូវតែឈ្នះ ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ ក៏ត្រូវតែឈ្នះដើម្បីបន្តដឹកនាំប្រទេស ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត ។

ឯកឧត្តម ចាយ បូរិន និងលោក ទួន យ៉ាត ព្រមទាំងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ឯកឧត្តម នូ ភឿង និងជូនពរដល់ឯកឧត្តមមានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner