អាហ្វហ្គានីស្ថាន៖ មនុស្ស ២០ នាក់ស្លាប់ក្នុងការបំផ្ទុះធ្វើ អត្តឃាតក្រៅក្រសួងការបរទេស

កាប៊ុល៖យ៉ាងហោចណាស់មានមនុស្ស ២០ នាក់ ត្រូវបាន សម្លាប់ក្នុងការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតខាងក្រៅក្រសួងការបរទេសអាហ្វហ្គានីស្ថាននាទីក្រុងកាប៊ុលកាលពីរសៀលថ្ងៃពុធទី ១១ ខែមករា។ នេះបើតាមការឱ្យដឹងរបស់មន្រ្តីតាលីបង់។

មន្ត្រីនៅក្រសួងព័ត៌មានគ្រប់គ្រងដោយពួកតាលីបង់ លោក Ustad Fareedun បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា អ្នកបំផ្ទុះគ្រាប់បែកមានគម្រោងចូលទៅក្នុងក្រសួងការបរទេស ប៉ុន្តែមិនបានសម្រេច។ លោកបានបន្ថែមថា ការបំផ្ទុះធ្វើ អត្តឃាត នេះសម្លាប់មនុស្សយ៉ាងហោចណាស់២០ នាក់ តែលោកមិនបានបញ្ជាក់ពីចំនួនមនុស្សជាច្រើននាក់ទៀតដែលបានរងរបួស។

អ្នកនាំពាក្យប៉ូលិសក្រុងកាប៊ុល លោក Khalid Zadran បានឱ្យដឹងមុនលោក Fareedun ថា មនុស្សតែប្រាំនាក់ ប៉ុណ្ណេះបានស្លាប់ ប៉ុន្តែមានការរិះគន់ថា ប៉ូលីសតាលីបង់ មិនចេញតួលេខពិតប្រាកដ ដែលបញ្ហាបែបនេះធ្លាប់បាន កើតឡើងរួមមកហើយ។
ការវាយប្រហារនៅថ្ងៃពុធនេះ កើតឡើងបន្តបន្ទាប់គ្នាបន្ទាប់ ពីការ បំផ្ទុះផ្សេងៗគ្នាកាលពីពេលថ្មីៗ ដែលក្រុមជ្រុលនិយម បានផ្តោតលើផលប្រយោជន៍បរទេស។

គួរកត់សម្គាល់ថា កន្លែងកើតហេតុចុងក្រោយ ក៏ស្ថិតនៅជិត ស្ថានទូតរបស់ប្រទេសជាច្រើនរួមមានទាំងតួកគី និងចិន ផងដែរ។
តាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ការបំផ្ទុះ ធ្វើអត្តឃាតចុងក្រោយនេះ បានកើតឡើងខណៈគណៈប្រតិ ភូ ចិន ត្រូវជួបជាមួយក្រុមតាលីបង់នៅក្រសួងការបរទេស។
អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវប្បធម៌អាហ្វហ្គានីស្ថាន លោក Muhajer Farahi បានប្រាប់ AFP ថា គណៈប្រតិភូចិនរំពឹង ថា ជួបជាមួយសមភាគីអាហ្វហ្គានីស្ថាននៅក្រសួងការ បរទេស នៅថ្ងៃពុធ ប៉ុន្តែមិនដឹងថាតើពួកគេមានវត្តមាននៅក្រសួងឬ អត់នោះទេ ក្នុងពេលការបំផ្ទុះកើតឡើង។

ទីភ្នាក់ងារមនុស្សធម៌អ៊ីតាលី ដែលជាអង្គការសង្គ្រោះបន្ទាន់នៅ ទីក្រុងកាប៊ុល បានឱ្យដឹងថា ខ្លួនបានទទួលអ្នករងរបួស ជាង ៤០នាក់ ហើយចំនួនអ្នកស្លាប់កំពុងបន្តកើនឡើង។

ស្រដៀងនឹងការអះអាងរបស់មន្ត្រីនៅក្រសួងព័ត៌មាន លោក Fareedun ដែរ ក្រុមរដ្ឋអ៊ិស្លាមក្នុងស្រុក Isis-K ដែលប្រកាស ទទួលខុសត្រូវចំពោះការវាយប្រហារនេះបានបង្ហោះនៅលើបណ្ដាញតេឡេក្រាមថា មនុស្សយ៉ាងហោចណាស់ ២០ បានស្លាប់ ប៉ុន្តែថាក្នុងនោះមានទាំងបុគ្គលិកការទូត ជាច្រើន នាក់។
ត្រង់ចំណុចនេះគេមិនឃើញមានតួលេខផ្ទៀងផ្ទាត់ណាមួយចេញផ្សាយនៅឡើយទេ ខណៈមន្ត្រីក្រសួងការបរទេស និង ក្រសួង មហាផ្ទៃរបស់តាលីបង់ ក៏មិនទាន់ធ្វើអត្ថាធិប្បាយ យ៉ាងណា ដែរ ជុំវិញការវាយប្រហារ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍។
ចំណែកឯបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន (UNAMA) និងប្រទេសមួយចំនួន រួមទាំង អង់គ្លេស និងប៉ាគីស្ថាន បានថ្កោលទោសការវាយប្រហារនេះ។
UNAMA បានបង្ហោះនៅលើធ្វីតធឺរទាំងភ្ជាប់ជាមួយសាររំ លែកទុកចំពោះគ្រួសារជនរងគ្រោះថា៖ «ការកើនឡើង អសន្តិសុខ គឺជាក្តីកង្វល់យ៉ាងធ្ងន់ធ្ងរ។ អំពើហិង្សាមិនមែនជាផ្នែកនៃដំណោះស្រាយណាមួយ ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងដល់អាហ្វហ្គានីស្ថាននោះទេ»។
គួរបញ្ជាក់ថា កន្លងមកក្រុមតាលីបង់បានអះអាងថា ខ្លួនបាន ពង្រឹងសន្តិសុខសុវត្ថិភាពចាប់តាំងពីឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២១ ប៉ុន្តែការបំផ្ទុះដោយគ្រាប់បែក និងការវាយប្រហារជាច្រើនលើកច្រើនសារត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់ ហើយភាគច្រើនក្រុមរដ្ឋអ៊ិស្លាម (អាយស៊ីស) ជាអ្នកអះអាងពីការទទួលខុសត្រូវ។
ដោយ៖ ហួន ឌីណា

ads banner