ក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងបំណិនអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានដល់គ្រូបង្រៀន
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលតាមអនឡាញស្ដីពី អក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានសម្រាប់ការបង្រៀន-រៀន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៣ ខែមករា ឆ្នាំ២០២៣។

ពិធីបើកវគ្គបណ្ដុះបណ្ដាលបានប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានលោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងលោក ស ច័ន្ទដារ៉ា អ្នកសម្របសម្រួលគម្រោងប្រចាំអង្គការ DW Akademie ។

ក្នុងឱកាសនោះ លោកជំទាវបានមានប្រសាសន៍ថា ក្នុងគោលដៅប្រែក្លាយជាប្រទេសសេដ្ឋកិច្ចឌីជីថល លុះត្រាតែប្រជាពលរដ្ឋ មានចំណេះដឹងឌីជីថល ដែលទាមទារជាចាំបាច់នូវ ការអប់រំបែបឌីជីថល ខណៈដែលគ្រូបង្រៀនជាភ្នាក់ងារនៃការផ្លាស់ប្តូរដ៏សំខាន់។

លោកជំទាវរដ្ឋលេខាធិការ បានកោតសរសើរចំពោះសិក្ខាកាមដែលបានចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាលដើម្បីបន្ត អភិវឌ្ឍខ្លួនស្របតាមរបត់ថ្មីនៃបច្ចេកវិទ្យាឌីជីថល និងបានអំពាវនាវដល់សិក្ខាកាមដែលគ្រូបង្រៀនត្រូវយក ចិត្តទុកដាក់ក្នុងការបន្តអភិវឌ្ឍខ្លួន ពិសេសបំណិនផ្នែកអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដើម្បីក្លាយខ្លួនជាគ្រូបង្រៀនពេញលក្ខណៈក្នុងយុគសម័យឌីជីថល។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះត្រូវបាន សហការរៀបចំដោយនាយកដ្ឋានបច្ចេកវិទ្យា និងអង្គការ DW Akademie ដែលកន្លងមកបានសហការក្នុងការផ្សព្វផ្សាយអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងវិស័យអប់រំទាំងផ្ទាល់ និងតាមអនឡាញ ព្រមទាំងបានដាក់ឱ្យប្រើប្រាស់សៀវភៅអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅតាមគ្រឹះស្ថានសិក្សា៕ ដោយ-រ៉ាវុធ


