លោកញឹក ប៊ុនឆៃ គាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលមានបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយ

ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានគាំទ្រនូវគំនិតយោបល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានបំណងចង់ធ្វើច្បាប់ឱ្យអ្នក​នយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយ។ លោកថា នេះជាចំណុចសំខាន់មួយសម្រាប់​ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន។ លោកក៏មានការព្រួយបារម្ភដែរ បើសិន​ជាអ្នកនយោបាយមិនមែនជាសញ្ជាតិខ្មែរពីកំណើត គឺវាអាចមានផលវិបាកទៅថ្ងៃក្រោយ។ ដូច្នេះហើយលោកសូមគាំទ្រការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ(រុបថតឯកសារ)

លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី១៣ ខែមករា នេះថា សម្រាប់លោក គឺលោកសូមគាំទ្រចំពោះអ្វីដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងហើយវាក៏ជាសារៈសំខាន់មួយសម្រាប់ផលប្រយោជន៍ប្រទេសជាតិនិង​ប្រជាជន។ “ពីព្រោះយើងតែងតែមានការព្រួយបារម្ភដោយសារថានៅក្នុងប្រទេសយើង​ មានខាងបរទេសមករស់នៅច្រើន។ បើសិនជាទៅថ្ងៃក្រោយទៅអ្នកទាំងនោះអាចមានសញ្ជាតិខ្មែរសម្រាប់ខ្ញុំមានការ ព្រួយបារម្ភដែរចំណុចនេះបើសិនជាអ្នកនយោបាយរបស់យើងមិនមែនជាសញ្ជាតិខ្មែរពីកំណើតទេក៏វាអាចមានផលវិបាក ទៅថ្ងៃក្រោយ។


លោកបន្តថាបើសិនជាគេនៅជាកងកម្លាំងក៏វាមានបញ្ហាដល់យើងដែរបើសិនជាអ្នកនោះមិនមានសញ្ជាតិខ្មែរពីកំណើតនោះទៅកាន់ការងារធំៗ នៅក្នុងកងទ័ពក្តី អ្នកនយោបាយក្តី គឺសម្រាប់ខ្ញមានការព្រួយបារម្ភមែនទែនចំណុចនេះ”។លោកសូម​​គាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលមានចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយ ព្រមទាំងកងកម្លាំងប្រដាប់អាវុធមានសញ្ជាតិតែមួយ ដែលនេះគឺជាចំណុចដែលលោកពេញចិត្ត និងគិតដល់ផលប្រយោជន៍ប្រទេសជាតិ ប្រជាជន និងពូជសាសន៍របស់យើងសម្រាប់ទៅថ្ងៃអនាគតដ៏វែងឆ្ងាយ។

សូមជម្រាបថា ក្នុងពិធីបើកការដ្ឋានដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយមានសញ្ជាតិតែមួយ ការចង់ធ្វើច្បាប់បែបនេះ ព្រោះធុញទ្រាន់នឹងបរទេសមួយចំនួន យកបញ្ហាសញ្ជាតិនេះមកស្នើសុំលើវិធានការច្បាប់កម្ពុជា ចំពោះអ្នកមានទោស ហើយមានសញ្ជាតិដទៃ៕ ដោយ៖ ពលជ័យ

ads banner