ឯកឧត្តម សោម សូរីដា ៖ ចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងមានចំនួនជាង ៩,៧លាននាក់ និងដកសិទ្ធិបោះឆ្នោតជាង ២៧០.០០០នាក់

ភ្នំពេញ៖ ចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ដែលនឹងត្រូវបិទផ្សាយមានចំនួនជាង ៩,៧លាននាក់ និងប្រជាពលរដ្ឋដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតដោយមូលហេតុផ្លាស់ចេញ ស្លាប់ ស្ទួន និងការដកសិទ្ធិបោះឆ្នោតមានចំនួនជាង ២៧០.០០០នាក់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២២ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដែលការបិទផ្សាយត្រូវធ្វើព្រមគ្នានៅឃុំ សង្កាត់​ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.បប្រាប់ AMS នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

សកម្មភាពបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣(រូបថត គ.ជ.ប)

ឯកឧត្តម សោម សូរីដា បានបន្តថា គ.ជ.បតែងរៀបចំបញ្ជីបោះឆ្នោតនេះដោយផ្អែកទៅលើលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតដែលមានរយៈពេល ៥០ថ្ងៃ ចាប់ពី​ថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ បន្ទាប់ពីបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត គឺគ.ជ.ប នឹងរៀបចំបញ្ជីបោះឆ្នោតដំបូង ដែលក្នុងការរៀបចំបញ្ជីបោះឆ្នោតដំបូងនេះ យើងមានរៀបចំបញ្ជីពីរ ទី១. បញ្ជីឈ្មោះដែលឈ្មោះអ្នកចុះឈ្មោះបោះឆ្នោត ដែលបានរក្សាក្នុងបញ្ជីបោះឆ្នោត រួមជាមួយនឹងអ្នកចុះឈ្មោះបោះឆ្នោតថ្មី និងទី២. បញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោត នោះមានន័យថា អ្នកដែលបានចុះឈ្មោះបោះឆ្នោតកន្លងមក ប៉ុន្តែក្នុងករណីដែលគាត់ស្លាប់ ឬផ្លាស់ចេញ គឺពួកគាត់នឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។

អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា សម្រាប់ការរៀបចំបញ្ជីបោះឆ្នោតដំបូងដែលត្រូវបិទផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ គឺជាការបិទផ្សាយបញ្ជីពីរ ។គឺបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត។ ទិន្នន័យដែលមាននៅក្នុងបញ្ជីបោះឆ្នោតដំបូង ដែលត្រូវបិទផ្សាយនៅតាមឃុំ សង្កាត់ គឺឈោ្មះ ភេទ ថ្ងៃខែឆ្នាំកំណើតរបស់អ្នកបោះឆ្នោត និងលេខកូដរាជធានី ខេត្ត ឈោ្មះនិងលេខកូដឃុំ សង្កាត់ និងភូមិ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត កូនប្រអប់ និងលេខរៀងនៃឈ្មោះក្នុងបញ្ជីបោះឆ្នោត រួមជាមួយនឹងលេខកូដរបស់អ្នកបោះឆ្នោត អត្តលេខអ្នកបោះឆ្នោត រូបថតរបស់អ្នកបោះឆ្នោតផងដែរ។

សកម្មភាពបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣(រូបថត គ.ជ.ប)

ប្រភពដដែលបន្តថា ចំនួនឈ្មោះដែលមាននៅក្នុងបញ្ជីបោះឆ្នោតដំបូងដែលត្រូវបិទផ្សាយមានចំនួន ៩.៧១០.៦៤៥នាក់ ក្នុងនោះស្រីចំនួន ៥.១៦១.៩០៦នាក់ និងការិយាល័យបោះឆ្នោតទូទាំងប្រទេសគឺមានចំនួន ២៣.៧៨៩ ការិយាល័យ។ ដោយឡែកសម្រាប់អ្នកផ្លាស់ចេញ អ្នកស្លាប់ និងឈ្មោះស្ទួន និងអ្នកដែលត្រូវដកហូតសិទ្ធិចេញពីបញ្ជីបោះឆ្នោត គឺមានចំនួន ២៧១.១៤២នាក់។ នេះគឺជាតួលេខដែលមាននៅក្នុងទិន្នន័យ នៃលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។
ឯកឧត្តម សោម សូរីដា បានបន្តថា គោលបំណងនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋពិនិត្យមើលឈ្មោះរបស់ខ្លួនដើម្បីប្តឹងតវ៉ា ឬប្តឹងជំទាស់ ករណីដែលឈ្មោះរបស់ខ្លួន និងទិន្នន័យនៅក្នុងបញ្ជីបោះឆ្នោតមានការកត់ត្រាមិនបានច្បាស់លាស់ ឬក៏មិនត្រឹមត្រូវទៅតាមឯកសារដែលពួកគាត់បានប្រើសម្រាប់ចុះឈ្មោះបោះឆ្នោត និងត្រូវប្រើសម្រាប់ពេលបោះឆ្នោតហើយប្រជាពលរដ្ឋអាចប្តឹងតវ៉ាទៅនិងបញ្ជីបោះឆ្នោត​ដំបូងចំំពោះជនទាំងឡាយណាដែលពុំមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។ ពាក្យបណ្តឹងតវ៉ាអាចធ្វើឡើងពីការបាត់ឈ្មោះរបស់អ្នកបោះ​ឆ្នោត ឬមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនបានច្បាស់លាស់ ឬត្រូវបាន គ.ជ.ប លុបឈ្មោះចេញពីបោះឆ្នោតដោយមិនត្រឹមត្រូវ។

សកម្មភាពបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣(រូបថត គ.ជ.ប)


គួរបញ្ជាក់ថា យន្តការ និងសមត្ថកិច្ចក្នុងការទទួល និងដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ មាន ៣ ថ្នាក់ គឺ៖
១. ថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ គឺថ្នាក់ដំបូង ដែលត្រូវទទួល និងដោះស្រាយពាក្យបណ្តឹង។ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ អាចប្ដឹងតវ៉ា ឬ/និងប្តឹងជំទាស់ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ (ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយ)។ អ្នកប្តឹងត្រូវបំពេញទម្រង់ ១២០២ ចំនួន ៣ច្បាប់ (ករណីប្តឹងតវ៉ា) ឬចំនួន ៤ច្បាប់ (ករណីប្តឹងជំទាស់) ហើយក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវ ដោះស្រាយក្នុងរយៈពេល ៣ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។

២. ថ្នាក់ គ.ជ.ប គឺក្នុងករណីអ្នកប្តឹងតវ៉ា អ្នកប្តឹងជំទាស់ ឬអ្នកត្រូវគេប្តឹងជំទាស់ ឬតំណាង ដែលមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ មានសិទ្ធិប្ដឹងទៅ គ.ជ.ប ក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលទម្រង់ ១២០៣ ពីក្រុមប្រឹក្សា ឃុំ សង្កាត់ (ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយ)។ អ្នកប្តឹងត្រូវបំពេញ ទម្រង់ ១២០២ ចំនួន ៣ច្បាប់ (ករណីប្ដឹងតវ៉ា) ឬចំនួន ៤ច្បាប់ (ករណីប្តឹងជំទាស់)។ គ.ជ.ប ត្រូវសម្រេចលើពាក្យបណ្តឹងក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្តឹង។
៣. ថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ គឺក្នុងករណីអ្នកប្ដឹង ឬតំណាងដែលមិនសុខចិត្តនឹងសេចក្តី- សម្រេចរបស់ គ.ជ.ប មានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុង រយៈពេល ៥ថ្ងៃយ៉ាងយូរ (ត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣) បន្ទាប់ពីថ្ងៃទទួលបានទម្រង់ ១២០៣ របស់ គ.ជ.ប ហើយក្រុមប្រឹក្សាធម្មនុញ្ញ ដោះស្រាយពាក្យបណ្ដឹងតវ៉ា ឬ/និង ពាក្យបណ្តឹងជំទាស់ក្នុងរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលបានពាក្យបណ្តឹង។ នីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ត្រូវអនុវត្តតាមនីតិវិធី របស់ក្រុមប្រឹក្សាធម្មនុញ្ញ ហើយប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញសម្រេចយល់ព្រមលើ ពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវចេញសេចក្តីសម្រេច ឱ្យ គ.ជ.ប អនុវត្ត។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា៕ ដោយ៖ ពលជ័យ

សកម្មភាពបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣(រូបថត គ.ជ.ប)
ads banner