ការប្រកួតរថយន្ត Rally ត្រូវបានបញ្ចប់មុនគេ ក្រោយពុះពារឧបសគ្គ២៥គីឡូម៉ែត្រនៅមណ្ឌលគិរី
(មណ្ឌលគិរី)៖ ការប្រកួតកីឡាប្រណាំងរថយន្ត Rally ដែលរៀបចំឡើងអមជាមួយព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ២០២៣ នៅខេត្តមណ្ឌលគិរីនោះ គឺបានបញ្ចប់ដោយជោគជ័យហើយ ក្រោយដំណើរការការប្រកួតអស់រយៈពេលកន្លះថ្ងៃ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។

គួរជម្រាបថា ការប្រកួតកីឡាប្រណាំងរថយន្ត Rally នេះ គឺចេញដំណើរពីវិមានឯករាជ្យខេត្តមណ្ឌលគិរី ឆ្ពោះមកទីលាន១២ម៉ូទ័រផាក ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលមានរយៈចម្ងាយ២៥គីឡូម៉ែត្រ។ ការប្រកួតនេះដែរមានរថយន្តចូលរួមចំនួន២០គ្រឿង។

បន្ទាប់ពីការប្រកួតបានបញ្ចប់ លោក ហ៊ុន ជា អធិបតីកិត្តិយស និងលោក ទៀ សាយ៉ាម ប្រធានក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ក៏បានផ្ដល់កិត្តិយសប្រគល់ពាន និងមេដាយជូនក្រុមកីឡាករជ័យលាភី ដែលធ្វើឡើងនៅទីលាន១២ម៉ូទ័រផាកតែម្ដង។

លោក វង្ស គឹមហួត ប្រធានគណៈកម្មការប្រណាំងរថយន្ត Rally នៃព្រឹត្តិការណ៍នេះ បានឱ្យដឹងថា រថយន្តដែលទទួលបានជ័យលាភី រួមមាន៖
- ចំណាត់ថ្នាក់លេខ១ បានទៅលើរថយន្តលេខ១៣ បើកបរដោយកីឡាករឈ្មោះ Ven Vannak រួមជាមួយ Co-Driver ឈ្មោះ King Chet។
- ចំណាត់ថ្នាក់លេខ២ បានទៅលើរថយន្តលេខ១១ របស់ក្រុម Home Workshop បើកបរដោយកីឡាករឈ្មោះ Maik Khunoudomvisal រួមជាមួយ Co-Driver ឈ្មោះ Sek Chandara។
- ចំណាត់ថ្នាក់លេខ៣ បានទៅលើរថយន្តលេខ១៥ របស់ក្រុម Kouprey Mondulkiri បើកបរដោយកីឡាករឈ្មោះ Sorn Nimeth រួមជាមួយ Co-Driver ឈ្មោះ Thoeun Panha។
លោក ឡយ ភាល័យ សហការីរៀបចំព្រឹត្តិការណ៍នៅទីលាន១២ម៉ូទ័រផាក បានឱ្យដឹងថា ក្រុមការងារទីលាន១២ម៉ូទ័រផាកបានគិតគូរអំពីការផ្ដល់មេដាយអនុស្សាវរីយ៍ និងពានរង្វាន់ ដើម្បីប្រគល់ជូនកីឡាករ និងសម្រាប់កីឡាករជ័យលាភី ដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ (ចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ នៅខេត្តមណ្ឌលគិរី)។

អ្នកជំនាញរូបនេះបញ្ជាក់ថា សម្រាប់ពាន គឺទីលាន១២ម៉ូទ័រផាកបានបង្កប់រំលេចនូវសិល្បៈរចនា លេខកូដ ព្រមទាំងផលិតដោយម៉ាស៉ីន CNC 3D ដំបូងគេនៅកម្ពុជា ដែលមានការផ្ទៀងផ្ទាត់ជាមួយ Master Key ដើម្បីបង្ហាញភាពពិតប្រាកដត្រឹមត្រូវ។

លោកបានបន្តទៀតថា មេដាយអនុស្សាវរីយ៍ទាំងនេះគឺត្រូវបានរៀបចំដោយស្នាដៃកូនខ្មែរសុទ្ធសាធ ទាំងការរចនា ឬឌីសាញ រំលេចបង្ហាញនូវអត្តសញ្ញាណបែបខ្មែរ បង្កប់នូវអត្ថរសវប្បធម៌ជាតិ ដោយកំពូលលើគឺមានលំនាំដូចប្រាសាទអង្គរវត្ត ដែលបង្ហាញអត្ថន័យនៃការខិតខំពុះពារ ប្រកួតប្រជែង និងជ័យជម្នះរបស់កីឡាករគ្រប់រូបនៅលើទឹកដីខ្មែរអង្គរ៕ ចាន់ វិចិត្រ
