គណរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ថ្មី និងសេចក្តីព្រាងគោលនយោបាយគ្រប់គ្រង «ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ» (Video Inside)

សេចក្តីព្រាងច្បាប់ថ្មីមួយ និងសេចក្តីព្រាងគោលនយោបាយមួយ ត្រូវបានគណៈរដ្ឋមន្រ្តី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានអនុម័តនៅថ្ងៃទី១៣ មករា ឆ្នាំ២០២៣ ។

មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងតាមបណ្តាញសង្គមថា សេចក្តីព្រាងច្បាប់ថ្មីស្តីពី «ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ» ត្រូវបានរៀបចំក្នុងគោលបំណង កសាងក្របខណ្ឌគតិយុត្តគោល និងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ថា “ថវិកាសមិទ្ធកម្ម” ដែលជាម៉ូដែលសមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ដែលជាស្នូលនៃការកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ដោយឡែកក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងថ្ងៃសុក្រដដែល នៅបានអនុម័តសេចក្តីព្រាង «គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងឆ្នាំ២០២២-២០៣៨» ។

មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា សេចក្តីព្រាងគោលនយោបាយនេះ មានគោលសំដៅតម្រង់ទិស និងកំណត់ការគ្រប់គ្រងដីធ្លី និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុ តាមគន្លងគំរូអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។ កម្ពុជាមានចក្ខុវិស័យរហូតដល់ឆ្នាំ២០៣៨ នឹងធ្វើការអភិវឌ្ឍខេត្តព្រះសីហនុ ក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង, ជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍជាតិទំនើប ប្រកបដោយចីរភាព ជវភាព សុខភាព និងសុភមង្គល។

ads banner