កម្ពុជាបង្វឹកមន្ត្រីអ៊ុយក្រែន១៥នាក់ នូវជំនាញដោះមីន (Video Inside)
ប្រទេសអ៊ុយក្រែនបានបញ្ជូនមន្ត្រីចំនួន១៥រូប ដើម្បីសិក្សាជំនាញបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះពីកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា CMAC ទទួលបាននៅថ្ងៃសុក្រនេះ បានបញ្ជាក់ថាមន្ត្រីអ៊ុយក្រែនទាំង១៥នាក់ នឹងត្រូវហ្វឹកហ្វឺនជំនាញដោះមីន រយៈពេលពេញមួយសប្តាហ៍ នាពាក់កណ្តាលខែមករាឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំង និងគ្រោងធ្វើទស្សនកិច្ចតាមការដ្ឋានដោះមីននៅខេត្តបាត់ដំបង និងសៀមរាបជាដើម។
អង្គភាព CMAC គឺជាអង្គភាពបោសសម្អាតមីនគ្រាំទ្រសកម្មភាពមនុស្សធម៌ ដែលមានវ័យចំណាស់ និងធំជាងគេបង្អស់នៅលើពិភពលោក។ សម្រាប់ការហ្វឹកហ្វឺនជំនាញដោះមីនដល់សិក្ខាកាមអន្តរជាតិនេះ មិនមែនជាលើកទី១ សម្រាប់មន្ត្រីអ៊ុយក្រែននោះទេ។ កន្លងមកដោយមានការគាំទ្រដោយរដ្ឋាភិបាល និងប្រជាជនជប៉ុន អង្គភាព CMAC ធ្លាប់បានហ្វឹកហ្វឺនការដោះមីន ដល់ប្រទេសជាច្រើនដូចជា កូឡុំប៊ី, អ៊ីរ៉ាក់, អង់ហ្គោឡា និងប្រទេសឡាវជាដើម៕