សម្ដេចតេជោ ហ៊ុន សែន ស្នើសុំភាគីកូរ៉េ ជួយជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់មកកម្ពុជា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើសុំភាគីកូរ៉េ ជួយជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់មកកម្ពុជា ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើដូចនេះ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តម បណ្ឌិត អូ មីយុង (OU MYUNG) អតីតឧបនាយករដ្ឋមន្ត្រី និងប្រតិភូឧស្សាហកម្មកូរ៉េ ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបថា ឯកឧត្តម អូ បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានមកព្រះរាជាណាចក្រកម្ពុជា កាលពី ១០ឆ្នាំមុន ហើយនៅពេលនេះ ឯកឧត្តម បានសង្កេតឃើញថា កម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាទីបំផុត ។

ជាមួយគ្នានេះដែរ ឯកឧត្តម អូ ក៏បានជម្រាបជូនសម្ដេចតេជោ ថា ឯកឧត្តម បានសង្កេតឃើញថា កម្ពុជា មានភាពអនុគ្រោះខ្លាំងណាស់សម្រាប់ការវិនិយោគមកពីប្រទេសកូរ៉េ នោះគឺកម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី, កម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងកម្ពុជា មិនមានគ្រោះមហន្តរាយដោយគ្រោះធម្មជាតិនោះទេ ។ អ្វីដែលកម្ពុជាខ្វះខាតនោះ គឺអ្នកវិនិយោគកូរ៉េមិនទាន់មានការយល់ដឹងច្បាស់ អំពីស្ថានភាពវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម អូ ដែលបានវាយតម្លៃអំពីស្ថានភាពនៅកម្ពុជា ។ សម្ដេចតេជោបានជម្រាបជូនឯកឧត្តម និងប្រតិភូទាំងមូលថា ជាការពិតណាស់ កម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមិនមានគ្រោះធម្មជាតិ ដូចជាគ្រោះរញ្ជួយដី ផ្ទុះភ្នំភ្លើង ឬខ្យល់ព្យុះនោះទេ ។ អ្វីដែលឯកឧត្តម អូ បានលើកឡើង គឺជាការពិត កម្ពុជា មានស្ថានភាពអំណោយផល។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យឯកឧត្តម និងប្រតិភូទាំងមូល ជួយធ្វើការផ្សព្វផ្សាយ សូមឱ្យអ្នកវិនិយោគកូរ៉េ សម្លឹងមកកម្ពុជាបន្ថែម លើកត្តាអំណោយផល ដូចបានជម្រាបជូនខាងលើនោះ កម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េ ជាម្ចាស់ភាគហ៊ុន ១០០% ដោយមិនតម្រូវឲ្យមានភាគហ៊ុនក្នុងស្រុកនោះទេ, កម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុនទាំងអស់ ប្រើប្រាស់រូបិយប័ណ្ណបរទេស នោះគឺអនុញ្ញាតឱ្យប្រើប្រាស់ដុល្លារ សម្រាប់បើកប្រាក់ខែឲ្យពលករដោយមិនតម្រូវឱ្យមានការទៅប្ដូរប្រាក់នៅធនាគារឡើយ។

ជាមួយគ្នានោះដែរ កម្ពុជា ក៏មានវត្ថុធាតុដើមដូចជា៖ ស្វាយចន្ទី ស្រូវ កៅស៊ូ ដំឡូង និងកម្លាំងពលកម្មវ័យក្មេងជាច្រើនផងដែរ។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឯកឧត្តម និងប្រតិភូទាំងមូល ជួយជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់មកកម្ពុជាផងដែរ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner