អ្នកឧកញ៉ា លាង ម៉េង ៖ ធនាគារ ជីប ម៉ុង បន្តពង្រីកខ្លួនឱ្យកាន់តែធំនៅក្នុងទីផ្សារធនាគារ ដើម្បីចូលរួមជាមួយធនាគារដៃគូ ធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា កសាងវិស័យធនាគារ និងខឿនសេដ្ឋកិច្ចជាតិកម្ពុជាឱ្យកាន់តែរឹងមាំ
ភ្នំពេញ ៖ ក្នុងពិធីបើកសម្ភោធធនាគារ ជីប ម៉ុង សាខាវេងស្រេង ដែលជាសាខាទី១៤ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានថ្លែងថា ធនាគារ ជីប ម៉ុង បន្តពង្រីកខ្លួនឱ្យកាន់តែធំនៅក្នុងទីផ្សារធនាគារ ដើម្បីចូលរួមជាមួយធនាគារដៃគូ ធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា កសាងវិស័យធនាគារ និងខឿនសេដ្ឋកិច្ចជាតិកម្ពុជាឱ្យកាន់តែរឹងមាំ ។

លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង បានឱ្យដឹងថា វត្តមានសាខាទី១៤ថ្មីនេះ គឺឆ្លុះបញ្ចាំងពីសមិទ្ធិផលសំខាន់មួយរបស់ធនាគារ ជីប ម៉ុង ក្នុងការពង្រីកការខិតទៅជិតអតិថិជនកាន់តែខ្លាំងឡើង ជាមួយនឹងការផ្តល់លទ្ធភាពឲ្យអតិថិជនទាំងអស់ ដែលរស់នៅក្នុងតំបន់ចោមចៅ ស្ទឹងមានជ័យ ក៏ដូចជាផ្លូវវេងស្រេងមកទទួលសេវាកម្មនិងផលិតផលរបស់យើងកាន់តែលឿននិងប្រកបដោយផាសុកភាពជាងមុន ។

ជាមួយគ្នានោះ អ្នកឧកញ៉ា លាង ម៉េង បានបញ្ជាក់បន្ថែមថា ធនាគារ ជីប ម៉ុង មានវត្តមាននៅក្នុងវិស័យធនាគារនៅកម្ពុជារយៈពេល៤ឆ្នាំហើយ ប៉ុន្តែទោះបីជា ជីប ម៉ុង ជាធនាគារថ្មីពិតមែន ប៉ុន្តែគ្រឹះដ៏រឹងមាំរបស់ធនាគារគឺ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេមានអាយុកាលជាង៤ទសវត្សនៅក្នុងទីផ្សារកម្ពុជា ។ ភាទុនិករបស់ក្រុមហ៊ុនយើងមានបទពិសោធន៍សម្បូរបែបក្នុងវិស័យធុរកិច្ច ដែលមានថ្នាក់ដឹកនាំ និងសហការីមានឆន្ទៈនិងវិជ្ជាជីវៈខ្ពស់ ព្រមទាំងមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការដឹកនាំធនាគារ ដើម្បីជម្រុញចក្ខុវិស័យក្នុងការអភិវឌ្ឍនិងប្រែក្លាយធនាគារ ជីប ម៉ុង ឲ្យទៅជាធនាគារឈានមុខគេមួយនៅកម្ពុជា ។ ជាយុទ្ធសាស្ត្រក្នុងឆ្នាំ២០២៣ ធនាគារ ជីប ម៉ុង បានត្រៀមខ្លួនបើកទ្វារសាខាជាច្រើនបន្ថែមទៀត ដើម្បីបម្រើ និងផ្តល់ជូនបទពិសោធន៍សេវាកម្មធនាគារដ៏សម្បូរបែបបំផុត រួមជាមួយផលិតផលប្រាក់កម្ចី និងបញ្ញើថ្មីដែលមានភាពបត់បែន និងមុខងារឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដើម្បីបម្រើតម្រូវការរបស់អតិថិជន ដោយបន្ថែមពីនេះ កាត VISA ដំបូងបង្អស់របស់ធនាគារ ជីប ម៉ុង នឹងដាក់ដំណើរការជាផ្លូវការក្នុងពេលឆាប់ៗនេះ ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ជាសកលដ៏ស៊ីវិល័យ ៕ ដោយ / គ្រី សម្បត្តិ


