ឯកឧត្តម សាយ សំអាល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន ផ្ញើសារលិខិតជូនពរសម្តេចក្រឡាហោម ស ខេង ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ផ្ញើសារលិខិតជូនពរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ដែលមានខ្លឹមសារដូចខាងក្រោម ៖
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមសម្តែងនូវសេចក្តី សោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរបវរសួស្ដី សិរីមង្គល ជូនចំពោះ សម្តេច ក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នាពេលខាងមុខនេះ សូម សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រីទទួលបាននូវសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ កម្លាំងមាំមួន ដើម្បីបន្តដឹកនាំក្រសួងមហាផ្ទៃ ឱ្យសម្រេចបាន ជោគជ័យថ្មីៗបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសដ៏ឧត្ដុង្គឧត្តមនេះ ខ្ញុំបាទសូមសម្តែងនូវសេចក្ដីគោរពនិងអំណរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ បម្រើជាតិ និងប្រជាជន តាមរយៈការគ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់លើវិស័យនយោបាយរដ្ឋបាល ការគ្រប់គ្រងកងកម្លាំង នគរបាលជាតិលើវិស័យសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស សម្តេច បានចូលរួមចំណែកអនុវត្តយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលនូវគោលនយោបាយកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការផ្ទេរមុខងារជូនរដ្ឋបាលថ្នាក់ក្រោមជាតិ និងការដាក់ចេញនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
ជាថ្មីម្ដងទៀត ខ្ញុំបាទសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្តី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្ដេចកឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាទទួលនូវសេចក្តី គោរពដ៏ជ្រាលជ្រៅ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា៕ ដោយ / គ្រី សម្បត្តិ

