សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ (Republic of Maldives) រយៈពេល ៣ថ្ងៃ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

អញ្ជើញអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបពិភាក្សាផ្លូវការជាមួយឯកឧត្តមប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ដែលក្នុងឱកាសនោះ ទិដ្ឋភាពនានានៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងតំបន់ និង អន្តរជាតិ នឹងត្រូវលើកយកមកពិភាក្សា។ បន្ទាប់ពីជំនួប ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។

ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទទួលការចូលជួបសម្ដែងការគួរ សមដាច់ដោយឡែកពីគ្នា ដោយអនុប្រធានាធិបតី ប្រធានសភា ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ។

ដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ាល់ឌីវនាពេលខាងមុខនេះ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូល នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហ ប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការ អភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner