អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រេស៊ីលត្រូវបានចាប់ខ្លួន នៅក្នុងការស៊ើបអង្កេតកុបកម្មប្រឆាំងនឹងរដ្ឋាភិបាល
ប្រេស៊ីលីយ៉ា ៖ សមត្ថកិច្ចបានចាប់ខ្លួនអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រេស៊ីល លោក Anderson Torres ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អតីតប្រធានាធិបតីប្រេស៊ីល លោក ច៊ែរ បុលសូណារ៉ូ ដែលទើបចាញ់ឆ្នោតកាលពីពេលថ្មីៗនេះ។
លោក Torres ទទួលបន្ទុកសន្តិសុខសាធារណៈនៃរដ្ឋធានី ប្រាស៊ីលីយ៉ា នៅពេលដែលអគាររដ្ឋាភិបាលបានរងការវាយប្រហារកាលពីថ្ងៃទី៩ ខែមករាកន្លងមកនេះ។ អ្នកគាំទ្រលោក បុលសូណារ៉ូ ប្រហែល ៤.០០០នាក់បានវាយលុកចូល និងបំផ្លាញអគារសភា និងអគាររដ្ឋាភិបាលផ្សេងៗទៀត រួមទាំងវិមានប្រធានាធិបតីប្រេស៊ីលផងដែរ ហើយជាលទ្ធផលនោះ មនុស្សជាង ១.៣០០នាក់ត្រូវបានចាប់ខ្លួន។
ប៉ូលីសបានចាប់ខ្លួនលោក Torres កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ នៅពេលដែលគាត់ត្រលប់មកប្រេស៊ីលពីសហរដ្ឋអាមេរិក។ លោក Torres ត្រូវបានគេរាយការណ៍ថា មានចេតនាធ្វើជាបរាជ័យ ក្នុងសកម្មភាពបញ្ឈប់ការវាយប្រហារនៅរដ្ឋធានី បើទោះបីជាដឹងអំពីផែនការមុនក៏ដោយ។ លោក Torres បានចាកចេញពីប្រទេសប្រេស៊ីល មុនពេលកើតមានកុបកម្ម។
ប៉ូលីសក្នុងតំបន់បាននិយាយថា ពួកគេបានរកឃើញសេចក្តីព្រាងក្រឹត្យមួយនៅក្នុងផ្ទះរបស់លោក Torres ដែលលុបចោលលទ្ធផលនៃការចាញ់របស់លោក បុលសូណារ៉ូ នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែតុលា។ យ៉ាងណាមិញ រដ្ឋអាជ្ញាត្រូវបានគេរំពឹងថា នឹងសាកសួរលោក Torres ពាក់ព័ន្ធនឹងការជាប់ពាក់ព័ន្ធរបស់អតីតប្រធានាធិបតីប្រេស៊ីលក្នុងកុប្បកម្មនេះ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា




