ក្លិបកីឡា J-SNOOKER ប្តេជ្ញាចូលរួមអភិវឌ្ឍលើកស្ទួយវិស័យកីឡាស្នូកឃ័រឬប៉ីយ៉ានៅកម្ពុជា ដើម្បីរួមចំណែកផលិតបានធនធានឆ្នើមៗសម្រាប់ត្រៀមប្រជែងលើឆាកអន្តរជាតិ
ភ្នំពេញ៖ ក្លិបកីឡាJ-SNOOKER បានធ្វើពិធីសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ ដើម្បីរួមចំណែកអភិវឌ្ឍលើកស្ទួយវិស័យកីឡាស្នូកឃ័រឬប៉ីយ៉ាដែលជាប្រភេទកីឡាជាតិមាននៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ពិធីសម្ភោធនេះ បានធ្វើឡើង ក្រោម វត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ស សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ។

លោក តាំង ជុនហៅ ប្រធានក្លិបJ-SNOOKER បានបញ្ជាក់ឲ្យដឹងថា ក្លិបកីឡាJ-SNOOKERដែលបានសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការនេះ បានបំពាក់សំភារៈស្តង់ដារកម្រិតអន្តរជាតិដែលអាចទទួលរៀបចំការប្រកួតធំៗជាលក្ខណៈអន្តរជាតិបាន ដោយចំណាយទឹកប្រាក់សរុបជាង ៥០ម៉ឺនដុល្លារអាមេរិក ។

លោកថា ក្លិបកីឡាស្នូកឃ័រឬប៉ីយ៉ាមួយនេះ បានបង្កើតឡើងក្នុងចក្ខុវិស័យចូលរួមអភិវឌ្ឍលើកស្ទួយវិស័យកីឡាជាតិស្នូកឃ័រឬប៉ីយ៉ាឲ្យកាន់តែរីកចំរើន។ លោក អះអាងថា តាមរយៈវត្តមានក្លិបកីឡា J-SNOOKER ដែលចាប់ផ្តើមបង្ហាញវត្តមាននេះ នឹងចូលរួមផលិតបាននូវធនធានកីឡាករកីឡាការិនីស្នូកឃ័រឆ្នើមៗសម្រាប់កម្ពុជាចូលរួមប្រកួតលើកឆាកអន្តរជាតិនៅពេលខាងមុខ។ ព្រោះថា ក្នុងនាម លោក ជាប្រធានគ្រង់គ្រងក្លិប ដែលជាអ្នកស្រលាញ់ប្រភេទកីឡាមួយនេះបំផុត នឹងដាក់គ្រូបង្ហឹក ដើម្បីទទួលស្វាគមនកីឡាករកីឡាការិនីដែលមានឧបនិស្ស័យជាមួយស្នូកឃ័រមកហ្វឹកហាត់ក្លាយជាកីឡាករកីឡាការិនីតំណាងជាតិកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខ។

ប្រធានក្លិបរូបនេះ បានបញ្ជាក់ទៀតថា ក្លិបកីឡា J-SNOOKER គឺជាក្លិបកីឡាស្នូកឃ័រមួយដែលបានបំពាក់សម្ភារៈហ្វឹកហាត់និងប្រកួតជាលក្ខណៈអន្តរជាតិដែលអាចទទួលរៀបចំការប្រកួតធំៗបានទាំងការប្រកួតក្របខណ្ឌជាតិនិងអន្តរជាតិ។ប្រសិនបើព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើមានការស្នើរសុំពីសហព័ន្ធឬភាគី CAMSOC យកក្លិបរបស់លោក ទទួលរៀបចំការប្រកួត លោករីករាយសហការស្វាគមនជានិច្ច ដើម្បីលើកមុខមាត់កម្ពុជា។

លោក តាំង ជុនហៅ ពន្យល់ទៀតថា ក្រៅពីការចូលរួមគាំទ្រគ្រប់សកម្មភាពពាក់ព័ន្ធនិងការអភិវឌ្ឍនៅដែលជាទិសដៅចម្បងរបស់ក្លិបកីឡាJ-SNOOKERនៅក្នុងស្រុកនោះ នៅពេលខាងមុខ លោក ក៏នឹងស្វែងរកក្រុមហ៊ុនដៃគូមកចូលរួមឧបត្ថម្ភដឹកនាំកីឡាករកីឡាការិនីស្នូកឃ័រកម្ពុជាទៅចូលរួមប្រកួតលើឆាកអន្តរជាតិ ដើម្បីលើកទឹកចិត្តកីឡាករកីឡាការិនីស្នូកឃ័រឲ្យមានកម្លាំងចិត្តហ្វឹកហាត់និងប្រកួតទទួលបានជ័យជំនះ លើកមោទកភាពនិងឧត្តមភាពកីឡាស្នូកឃ័ររបស់កម្ពុជាលើឆាកអន្តរជាតិ។ទន្ទឹមជាមួយគ្នានេះ លោក តាំង ជុនហៅ បានអំពាវនាវឲ្យអាណាព្យាបាលនាំកូនៗតូចមកហ្វឹកហាត់កីឡាស្នូកឃ័រ ព្រោះ លោកបានដាក់គ្រូជាច្រើននាក់ត្រៀមបង្វឹក ដើម្បីពួកគាត់បានក្លាយជាកីឡាករកីឡាការិនីតំណាងកម្ពុជាលើឆាកអន្តរជាតិ នាពេលអនាគត។ លោកក៏បានសូមណូមពរឲ្យអាណាព្យាបាលសូមកុំគិតថា កីឡាមួយប្រភេទនេះជាកីឡាមិនល្អ ព្រោះថា កីឡាស្នូកឃ័រគឺនាំមកនូវសុខភាព និងបង្កើននូវប្រាជ្ញាឆ្លាតវ៉ៃសម្រាប់អ្នកលេងផងដែរ។

សូមបញ្ជាក់ថា ក្លិបកីឡាJ-SNOOKER គឺជាក្លិបកីឡាស្នូកឃ័រមួយបង្កើតឡើងមានលក្ខណៈស្តង់ដារអន្តរជាតិអាចមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលរៀបចំការប្រកួតកម្រិតជាតិនិងអន្តរជាតិបាន៕អត្ថបទ៖ ជាវ ចន្ធូ