នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង៖ កត្តាសុខសន្តិភាព និងការបង្កើតបរិយាកាសគ្របដណ្តប់ងាយស្រួលសម្រាប់វិនិយោគ និងការកសាងសមិទ្ធផលនានា រួមទាំងសមិទ្ធផលជាច្រើនក្នុងវិស័យពុទ្ធសាសនា

ខេត្តកណ្តាល ៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករង ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ប៉ែន ចន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្ត្រីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញកាត់ឬសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា វត្តព្រះវិហារបិទមាស ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ។

តាមរបាយការណ៍របស់លោកអភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា៖ សមិទ្ធផល ក្នុងវត្តព្រះវិហារបិទមាស ដែលត្រូវបានកាត់ឬសសីមា ប្រារព្ធពិធីបុណ្យឆ្លងដាក់ប្រើប្រាស់ នាពេលនេះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កសាងឡើងតាមរយៈនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ និងពុទ្ធបរិស័ទចំណុះជើងវត្ត រួមមាន៖ ព្រះវិហារថ្មី១ខ្នង , សាលាធម្មសភា , មហាកុដិ១ខ្នង , បណ្ណាល័យ , សាលាបាលី , ទិញដីស្រែពង្រីកទីធ្លា ១ហិកតា រួមនិងសមិទ្ធផលផ្សេងៗទៀត សរុបបច្ច័យកសាងអស់ចំនួន ១១៤ លានរៀល និងប្រាក់ដុល្លាមានចំនួន ១លាន ២៦៦ពាន់ ៨៨៥ ដុល្លាអាមេរិក។

នាយឧត្តមសេនីយ៍ បានបញ្ជាក់នៅក្នងឪកាសនោះថា សមិទ្ធផលនានា ដែលប្រារព្ធពិធីបុណ្យឆ្លងនៅពេលនេះ ស្របចំពេលដែលប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស អបអសាទរខួប៤៤ឆ្នាំ នៃទិវាជ័យជំនះ ៧មករា គឺជាថ្ងៃរស់ឡើងវិញរបស់ប្រជាពលរដ្ឋកម្ពុជា និងខួបទី ២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ។ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះនេះ, ប្រជាជនកម្ពុជាទាំងមូលបានទទួល និងរីករាយជាមួយនឹងសុខសន្តិភាព-ស្ថិរភាពពេញលេញ។ រាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកការរក្សាសុខសន្តិភាព ដែលយើងខិតខំស្វែងរកបានដោយលំបាកនេះ ជាអាទិភាពចម្បងបំផុត ដែលមិនអាចខ្វះបាន សម្រាប់កិច្ចអភិវឌ្ឍប្រទេសជាតិ។ តាមរយៈស្ថានភាពអំណោយផលនៃសុខសន្តិភាព ប្រជាពលរដ្ឋ ដែលជាវិនិយោគិន, ធុរជន, អាជីវករ និងពាណិជ្ជករទាំងក្នុងស្រុក និងក្រៅប្រទេស ប្រកបដោយជំនឿទុកចិត្ត និងសុខុមាលភាពផ្លូវចិត្តនឹងនរដោយគ្មានការព្រួយបារម្ភ ។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា កត្តាសុខសន្តិភាព និងការបង្កើតបរិយាកាសគ្របដណ្តប់ងាយស្រួលសម្រាប់វិនិយោគ និងការកសាងសមិទ្ធផលនានា រួមទាំងសមិទ្ធផលនានាក្នុងវិស័យពុទ្ធសាសនា នាពេលនេះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអំឡុងពេលប្រមាណ ២ទសវត្សរ៍ កន្លងមកនេះ។ ជាក់ស្តែង សេដ្ឋកិច្ចកម្ពុជា បានរីកចម្រើនយ៉ាងលឿនគួរឱ្យកត់សម្គាល់ ហើយកម្ពុជាក៏បានវិវត្តខ្លួនពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងបោះជំហានឆ្ពោះប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងលោកតាលោកយាយ ប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។

នាយឧត្តមសេនីយ៍ បានលើកឡើងថា ការកសាង និងអភិវឌ្ឍប្រទេសជាតិមួយ មិនមែនជាកិច្ចការសាមញ្ញ និងងាយស្រួលនោះទេ ដែលការកសាងប្រទេសជាតិមួយចេញពីបាតដៃទទេ គឺពិតជាពិបាក និងជួបប្រទះនូវបញ្ហាប្រឈម, ស្មុគស្មាញ និងការរអាក់រអួលខ្វះខាតមិនខានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី, កម្ពុជា បាន និងកំពុងស្ថិតនៅលើមាគ៌ានៃការអភិវឌ្ឍមួយដ៏ត្រឹមត្រូវ និងច្បាស់លាស់។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ បានប្រគេនបច្ច័យដល់វត្តព្រះវិហារបិទមាស សម្រាប់បន្តកសាងសមិទ្ធផលនានាថ្មីៗបន្ថែម មានទឹកប្រាក់ជាង ៣៨៦លានរៀល ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកតាលោកយាយជី ក្រុមប្រឹក្សាស្រុក ឃុំ លោកគ្រូអ្នកគ្រូ យុវជន កម្មករ កម្មការនី និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀតផងដែរ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner