ទឹកស្ទឹងព្រែកត្នោតបានជន់លិចលំនៅឋានពលរដ្ឋក្នុងខណ្ឌដង្កោជាង ២០០ខ្នងផ្ទះ
ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរខណ្ឌដង្កោ បានឱ្យដឹងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ ជំនន់ទឹកភ្លៀងពីស្ទឹងព្រែកត្នោតបាន ហូរហៀរមកជន់លិច លំនៅឋាន ប្រជាពលរដ្ឋជាង ២០០ ខ្នង ផ្ទះ ក្នុងមូលដ្ឋានខណ្ឌដង្កោ ដែលជំនន់នេះបណ្ដាលមកពីការបើកទ្វារទឹកនៅផ្នែកខាងលើ។

អាជ្ញាធរខណ្ឌដង្កោបានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅតាម សណ្តរស្ទឹងព្រែក ត្នោតនានេះបាន ប៉ះពាល់ដល់ ប្រជាពលរដ្ឋសរុបប្រមាណ៦សង្កាត់ មាន១៨ភូមិ ស្មើនឹង ២៧២ខ្នងផ្ទះ នឹងមានគ្រួសារ២៩០គ្រួសារ។ ក្រៅពីនេះជំនន់បានជន់លិចផ្លូវចំនួន៧ខ្សែ វត្តចំនួន២ ប៉ុស្តិ៍រដ្ឋបាលចំនួន២ សាលាសង្កាត់ចំនួន១ ។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា ទឹកស្ទឹងព្រែកត្នោតកំពុងហក់ឡើងខ្លាំង ដែលធ្វើឱ្យពួកគាត់មួយចំនួនជញ្ជូនអីវ៉ាន់មិនទាន់នោះទេ ដូចជា តុ ទូ ទូរទស្សន៍ ម៉ូតូ… ជាដើម ពេលនេះកំពុងតែត្រាំក្នុងទឹកនៅឡើយ ដោយ សារទឹកស្ទឹងព្រែកត្នោតឡើងលឿនពេក ចាប់តាំងពីវេលាម៉ោងប្រមាណជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មកម៉្លេះ ។

មន្ត្រីអាជ្ញាធរខណ្ឌដង្កោលើកឡើងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោតចាប់ផ្តើមឡើងបន្តិចម្តងៗរយៈពេលបីទៅបួនថ្ងៃមកហើយ ។ ចំពោះបញ្ហានេះអាជ្ញាធរកំពុងមមាញឹកក្នុងការដកស្រង់ស្ថិតិអំពីការលិចលង់នេះ។ ទោះបីយ៉ាង ណាក្តីបងប្អូនប្រជាពលរដ្ឋ សូមស្នើដល់អាជ្ញាធរសង្កាត់ ខណ្ឌ ឬ ស្ថាប័នពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យឱ្យបានរួសរាន់ ជាពិសេសសូមជួយត្រៀមទីទួលសុវត្ថិភាពដើម្បី ជាការត្រៀមជម្លៀសពួកគាត់ទៅតំបន់សុវត្ថិភាពផង។

អាជ្ញាធរខណ្ឌដង្កោបានឲ្យដឹងថា សង្កាត់ទាំង៦ ដែលកំពុងរងផលប៉ះពាល់រួមមានសង្កាត់ដង្កោ,សង្កាត់សាក់ សំពៅ,សង្កាត់គងនយ,សង្កាត់ជើងឯក,សង្កាត់ព្រៃស, និងសង្កាត់ស្ពានថ្ម ៕ដោយ ៖ ជីម ភារ៉ា
