ក្បាលដីចំនួន ៤០៤ក្បាលដី ស្ថិតនៅក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈ នូវឯកសារការវិនិច្ឆ័យក្បាលដី ដែលមានរយៈពេល ១៥ថ្ងៃ
សៀមរាប៖ ក្បាលដីចំនួន ៤០៤ក្បាលដី ស្ថិតនៅក្នុងភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយគិតរួមទាំងថ្ងៃបុណ្យនឹងថ្ងៃឈប់សំរាក។ សម្រាប់ឲ្យម្ចាស់ដី និងអ្នកកាន់កាប់ដី ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់មកចូលរួមពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យនេះ គ្រប់ៗគ្នា ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវ ក្នុងការចេញវិញ្ញាបនបត្រ័សម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)។

លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប មានប្រសាសន៍ថា ខេត្តសៀមរាប ជាខេត្តមួយក្នុងចំណោមខេត្តអទិភាពទាំង ២៥ រាជធានី-ខេត្ត ដែលត្រូវបានអនុវត្តការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តការងារដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ដោយមានកិច្ចចសហការពីអាជ្ញាធរដែនដី ជាពិសេសតាមការចង្អុលបង្ហាញ របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

លោក អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានបញ្ជាក់ទៀតថា ការរៀបចំធ្វើពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនាពេលនេះ គឺតម្រូវឱ្យបងប្អូន ពូ មីង លោកយាយ លោកតា ជាម្ចាស់ដី ឬនិងអ្នកកាន់កាប់ដី ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ មកចូលរួមពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវ ក្នុងការចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)។

គួររំលឹកថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ខេត្តសៀមរាប នារយៈកាលកន្លងមក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាបបានធ្វើការបិទផ្សាយ និងចេញប័ណ្ណរួចហើយ ជាលទ្ធផលនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសំរាប់ខេត្តសៀមរាបនោះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានធ្វើការបិទផ្សាយ និងចេញប័ណ្ណរួច ៨៧ ភូមិ ក្នុងខេត្តសៀមរាប ៕

ដោយ ស៊ាន សុផាត